Connect with us

Hi, what are you looking for?

ក្នុងស្រុក

ប្រព័ន្ធ​សម្ពាធ​ទាប​នឹង​បន្ត​លាត​សន្ធឹង​លើ​កម្ពុជា ក្រសួងប្រាប់​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះជំនន់ទឹកភ្លៀង

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនព័ត៌មាន ដោយ​បញ្ជាក់ថា ប្រព័ន្ធ​សម្ពាធ​ទាប​ នឹង​បន្ត​លាត​សន្ធឹងនៅ​លើប្រទេស​កម្ពុជា​ ចំណែកឯនៅ​លើ​សមុទ្រ​ចិន​ខាងត្បូង​ ក៏​បាន​កើត​ព្យុះ​ទី១៦ (Tropical Storm​) ឈ្មោះ​ណា​ង​កា (NANGKA​) ហើយ​តាម​ការ​ព្យាករ​ព្យុះនេះ ​នឹង​ចូល​ឈូងសមុទ្រ​តុងកឹង ​ឆ្លងកាត់​ហៃណាំ​ មុននឹង​ចូល​ដល់​ភាគ​ខាងជើង​វៀតណាម​នៅ​ថ្ងៃទី ១៥ ខែតុលា​។

បន្ទាប់ពី​នោះ​ក្នុងរង្វង់​ថ្ងៃទី ១៦-១៧ ព្យុះ​ថ្មី​មួយទៀត​ នឹង​កើតឡើង​ ដែល​រាប់ថាជា​ព្យុះ​ទី ១៧ ឈ្មោះ​សូ​ដែល (SAUDEL​) ដែល​មាន​កម្លាំង​ខ្លាំង​។ តាម​ការ​រំពឹង​ទុក​ព្យុះ​នេះ​ នឹង​ចូល​ប្រទេស​វៀតណាម​ ត្រង់​ចំណុច​ គី​ញើ​ន (Qui Nhon​) រួច​បន្ថយឥទ្ធិពល​ជាបន្តបន្ទាប់​ ដោយ​បន្ត​ឆ្លងកាត់​ចូល​កម្ពុជា​ ​តាម​ខេត្ត​រតនគីរី​នា​ថ្ងៃទី ១៨-១៩ ក្នុង​កម្លាំង​ជា​វិសម្ពាធ​ និង​សម្ពាធ​ទាប​។

ក្រសួងធនធានទឹក បានបញ្ជាក់ថាស្ថានភាព​បែបនេះធ្វើឲ្យ​ ប​ណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​បរិមាណ ​ពី​តិច​ទៅ​បង្គរ​ និងនៅ​ថ្ងៃទី ១៨-១៩ ខែតុលា​ប​ណ្តា​ល​ខេត្ត​នៅ​វាលទំនាប​មួយចំនួន​ ពិសេស​នៅ​ភាគ​ពា​យ័​ត្យ ​និ​ងភាគ​ខាងជើង​ នឹងអាច​មាន​ភ្លៀង​ពី​បង្គួរ​ទៅ​ច្រើន​។

ចំណែកឯប​ណ្តា​ខេត្ត​ដាប់​ជួរ​ភ្នំដងរែក ​និង​ខ្ពង់រាប​ឦសាន​ អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ នៅក្នុង​កម្រិត​បរិមាណ​ពី​មធ្យម​ទៅ​បង្គួរ​ និងតំបន់​មាត់សមុទ្រ អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ នៅក្នុង​កម្រិត​បរិមាណ​ពី​មធ្យម ​ទៅ​បង្គួរ​។

ជាមួយគ្នានោះ ក្រសួងធនធានទឹក បានបញ្ជាកថា នៅ​លើ​ផ្ទៃសមុទ្រ​ នឹងអាច​មាន​ភ្លៀង​ធ្លាក់​ច្រើន​លាយឡំ​ខ្យល់​បក់​បោក ​និង​រលក​សមុទ្រ​ខ្ពស់ៗ។

តាមរយៈការព្យាករណ៍អាកាសធាតុខាងលើ ក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​ រន្ទះ​ ខ្យល់​ កន្ត្រាក់​ ជាពិសេស​ប្រជាពលរដ្ឋ ដែល​រស់នៅ​ទី​ទំនាប​ក្បែរ​ផ្លូវទឹក​ជាប់​តំបន់​ភ្នំ​ និង​ជួរភ្នំ ​សូម​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង​ ចាប់ពី​ថ្ងៃទី ១៨-២០ ខែតុលា​។

ជាមួយគ្នានោះ អ្នកនេសាទ ​និង​អ្នកដំណើរ​សមុទ្រ ក្រសួងក៏​ទទូចឲ្យ​ប្រុងប្រយ័ត្ន​ ចំពោះ​ភ្លៀង​ធ្លាក់​ច្រើន​លាយឡំ​ខ្យល់បក់​ខ្លាំង ​និង​រលក​សមុទ្រ​ខ្ពស់ៗ ចាប់ពី​ថ្ងៃទី ១៦-២០ ខែតុលា​៕

Advertisement
Advertisement