Connect with us

Hi, what are you looking for?

ក្នុងស្រុក

ស្រ្តីដែលសុំជំនួយថាមានគេធ្វើបាបនៅប្រទេសចិន ឥឡូវ​ត្រូវ​ជួយ​សង្រ្គោះហើយ

(ភ្នំពេញ)៖ ពលការិនីដែលបានធ្វើវីដេអូឃ្លីបបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា ខ្លួនត្រូវបានមេខ្យល់ឆបោកឲ្យទៅធ្វើការងារនៅឯប្រទេសចិនអស់ជាងពីរឆ្នាំដោយរងទុក្ខលំបាកនោះ ឥឡូវ​ត្រូវ​បាន​រកឃើញ និង​ជួយអន្តរាគមន៍ដើម្បីបានវិលត្រឡប់មកប្រទេសកម្ពុជាវិញហើយ។

លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានបញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ នាយកដ្ឋានជំនាញបានទទួលព័ត៌មានពីក្រុមការងារប្រតិកម្មរហ័សនៃអគ្គស្នងការដ្ឋាននគរបាលជាតិស្ដីពីព័ត៌មានលើគណនីហ្វេសប៊ុកឈ្មោះ រីណា រីណា ដែលបានបង្ហោះជាឃ្លីបវីដេអូរយៈពេល១នាទី និង៤៩វិនាទី អះអាងថានាងត្រូវចាញ់បោកមេខ្យល់ទៅប្រទេសចិន និងស្នើសុំឲ្យជួយសង្គ្រោះ និងបញ្ជូននាងត្រឡប់មកកម្ពុជាវិញ។

ដោយទទួលបានកិច្ចសហការល្អបំផុតជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លេខាធិការដ្ឋានក្រុមការងារសហប្រតិបត្តិការមេគង្គឡានឆាង និងអង្គភាពពាក់ព័ន្ធធ្វើការស្រាវជ្រាវ ទើបដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានផ្ដល់ព័ត៌មានមកថា ស្ថានអគ្គកុងស៊ុលនៃព្រះរាជណាចក្រកម្ពុជាប្រចាំទីក្រុងសៀងហៃ បានធ្វើកិច្ចសហការជាមួយសមត្ថកិច្ចចិនជួយសង្គ្រោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ រីណា រីណា បានហើយនៅខេត្តជីជាំង ប្រទេសចិន ដែលមានឈ្មោះពិតគឺ សែម ស្រីពេជ្រ ( SEM SREY PHECH) កើតថ្ងៃទី ១៦/០៥/១៩៩៤ មានស្រុកកំណើតនៅភូមិល្វាត្បូង ឃុំល្វា ស្រុកចំការលើ ខេត្តកំពង់ចាម។

បច្ចុប្បន្ន​កម្មការិនីរូបនោះ ត្រូវបានអន្តរាគមន៍រំដោះឲ្យមកស្នាក់នៅបណ្តោះអាសន្ននៅស្ថានអគ្គកុងស៊ុលប្រចាំទីក្រុងសៀងហៃ ដើម្បីរង់ចាំរៀបចំបំពេញបែបបទបញ្ជូនត្រឡប់មកកម្ពុជាវិញនៅចុងខែតុលា ឆ្នាំ២០២០ នេះ៕

Advertisement
Advertisement