Connect with us

Hi, what are you looking for?

ក្នុងស្រុក

មេភូមិដូនអាត់ លួច​លក់ដីរួម៥៤ហិកតា ឥឡូវ​ពលរដ្ឋ​ជាង​១រយគ្រួសារ​រួម​គ្នា​ប្តឹង​ទៅ​តុលាការ

(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋចំនួន ១៣៧ គ្រួសារ រស់នៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង កាលពីពេលថ្មីៗនេះ បាន​រួម​គ្នា​ដាក់ពាក្យ​ប្តឹង​ទៅ​សាលាដំបូងខេត្តកំពង់ស្ពឺ ក្រោយពី​​អតីតមេភូមិ និង​មេភូមិ រួម​គំនិត​គ្នា​លួច​លក់ដីរួម​របស់​ពួកគាត់ឲ្យ​មន្រ្តីម្នាក់​នៅ​ក្រសួងរៀបចំដែនដី នគរូបនីយ៍​កម្ម និងសំណង់ យកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន។

បើយោង​តាម​ពាក្យ​បណ្តឹង ក្រុមប្រជាពលរដ្ឋបានប្តឹងចោទទៅឈ្មោះ អំ ចេវ អាយុ៦៧ឆ្នាំ ជាមេភូមិដូនអាត់, ឈ្មោះ ញ៉ឹប ញឿន អាយុ​៥៥ឆ្នាំ ជាអនុភូមិដូនអាត់, ឈ្មោះ លាស់ គីញ អាយុ​៦៧ឆ្នាំ ជាអតីតមេភូមិដូនអាត់ និង​ឈ្មោះ ប៉ាក ចាន់ផល អាយុ​៥០ឆ្នាំ ជាមន្រ្តី​ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់។

ប្រជាពលរដ្ឋបានលើកឡើងថា ដីរួម​៥៤ហិកតានោះ ពួកគាត់បានកាន់កាប់តាំងពីឆ្នាំ​១៩៨០មកម្ល៉េះ ហើយ​រហូត​មក​ដល់ឆ្នាំ​២០១១ ស្រាប់តែ​លោក​មេភូមិ និង​អនុភូមិ​ដូនអាត់ បានមកប្រាប់ប្រជាពលរដ្ឋ​ក្នុងភូមិថា ដីដែលប្រជាពលរដ្ឋ​កំពុងអាស្រ័យផលនោះ គឺជាដីរបស់រដ្ឋ ហើយរដ្ឋកំពុងត្រូវ​ការ​ដី​អភិវឌ្ឍន៍ ត្រូវ​ទាមទារ​យកដីពីប្រជាពលរដ្ឋវិញ, ដោយ​លឺថារដ្ឋត្រូវការដីអភិវឌ្ឍ ប្រជាពលរដ្ឋ​ក៏យល់ព្រមប្រគល់ដីឲ្យ​​ដើម្បីផល​ប្រយោជន៍​រួម។ ហើយ​នៅ​ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​បានឃើញ​គេយក​គ្រឿងចក្រ​មកឈូសឆាយដីខាងលើ តែពួកគាត់មិនដឹងថាជារបស់ឯកជនឡើយ ដោយ​ស្មានតែរដ្ឋមកឈូសឆាយអភិវឌ្ឍន៍ លុះ​មក​ដល់ឆ្នាំ​២០២០នេះ ទើបពួក​គាត់ដឹងថា ដីរួមរបស់ពួកគាត់​៥៤ហិកតាដែលគ្រឿងចក្រមកឈូសឆាយនោះ គឺគេបានលក់ទៅ​ឲ្យ​ឈ្មោះ ប៉ាក់ ចាន់ផល អស់ទៅហើយ។

ជុំវិញ​ករណីនេះ យើង​មិន​អាច​ស្វែង​រក​ការ​បំភ្លឺណាមួយពី​លោក​មេភូមិដូនអាត់បានទេនៅថ្ងៃនេះ ដោយលោកថា ជាប់រវល់។

ដោយ​ឡែក​លោក ប៉ាក ចាន់ផល ដែលមានតួនាទីជាអគ្គនាយករង នៃអគ្គនាយកដ្ឋានសំណង់ ក្រសួងរៀបចំដែនដីបានបញ្ជាក់ថា ដីនោះលោកបានចុះបញ្ជីធ្វើប្លង់តាំងពីឆ្នាំ២០០៨ និង២០០៩ និង២០១០រួចរាល់អស់ហើយ ហើយថា ការតវ៉ារបស់ក្រុមប្រជាពលរដ្ឋទាំងនោះ គឺមានអ្នកនៅពីក្រោយខ្នងញុះញង់ដើម្បីបង្កចលាចលក្នុងសង្គមតែប៉ុណ្ណោះ៕

Advertisement
Advertisement