Connect with us

Hi, what are you looking for?

ក្នុងស្រុក

មហាវិទ្យាល័យសភាពាណិជ្ជសាស្ត្រថៃ គ្រោងបើកសាខានៅកម្ពុជា

បាងកក៖ ប្រតិភូមហាវិទ្យាល័យសភាពាណិជ្ជសាស្ត្រថៃ (UTCC) មានគម្រោង​នឹងបើកសាខានៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតជម្រើសដល់និស្សិតដែលចង់បន្តសិក្សាក្នុងប្រទេសសមាជិកអាស៊ាន និងផ្តល់អាហារូបករណ៍បន្ថែមដល់និស្សិតកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យធុរកិច្ច និងពាណិជ្ជកម្ម។

គម្រោងខាងលើ ត្រូវបានបង្ហើបនៅក្នុងជំនួបពិភាក្សារវាង លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោកបណ្ឌិត ចាក់គ្រីន ស្រ៊ីមូន (Jakarin Srimoon) អនុប្រធាន UTCC ទទួលបន្ទុកកិច្ចការអន្តរជាតិ ដែលបានដឹកនាំប្រតិភូមកសម្តែងការគួរសម កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ជំនួបរវាងប្រតិភូមហាវិទ្យាល័យ UTCC របស់ថៃ និង​ឯកអគ្គរាជទូតកម្ពុជា

ជាការឆ្លើយតប ឯកអគ្គរាជទូតកម្ពុជាបានស្វាគមន៍គម្រោងខាងលើ និងបានស្នើប្រតិភូ UTCC សិក្សាអំពីលទ្ធភាពពង្រីកសាខាដំបូងទៅកាន់ខេត្តសៀមរាប និងសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានដេប៉ាតឺម៉ង់ភាសាថៃ ព្រមទាំងវិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវ ដែលស្ថិតនៅក្រោមក្រសួងពាណិជ្ជកម្ម។

ជាមួយគ្នា​លោកឯកអគ្គរាជទូត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការលើវិស័យអប់រំរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលកន្លងមកបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា មកបន្តការសិក្សានៅក្នុងប្រទេសថៃ ក្រោមគម្រោងព្រះរាជឧបត្ថម្ភរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍មហាចក្រីសិរិនថន៕

Advertisement
Advertisement