ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា សាលារៀនទាំងអស់ រួមទាំងរដ្ឋ និងឯកជន នៅរាជធានីភ្នំពេញ ក៏ដូចជាខេត្តកណ្តាល នឹងត្រូវអនុញ្ញាតឲ្យដំណើរការឡើងវិញចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា សប្តាហ៍ក្រោយនេះ ក្រោយពីសម្តេចនាយករដ្ឋមន្រ្តីបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកាកាលពីថ្ងៃម្សិលមិញនោះ។
ជាមួយគ្នានេះដែរ ក្រសួងអប់រំក៏នៅបន្តរក្សាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងការប្រឡងសញ្ញាបត្រសិក្សាឯកជន ដែលទទួលបានការអនុញ្ញាតិឲ្យដំណើរការឡើងវិញ ក្នុងដំណាក់កាលទី១ និងទី២។
យ៉ាងណាក៏ដោយ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ត្រូវបន្តអនុវត្តគោលការណ៍ប្រតបត្តិការ សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ១៩ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល។ ក្នុងករណីចាំបាច់ត្រូវពាក់ម៉ាសក្នុងបរិវេណគ្រឹះស្ថានសិក្សា។
ក្នុងនោះដែរក្រសួងអប់រំ ក៏អនុញ្ញាតិឱ្យមានការហាត់ប្រាណ លេងកីឡា និងការចេញចូលបរិវេណពហុកីឡដ្ឋានអូឡាំពិកចាប់ពីថ្ងៃជូនដំណឹងនេះផងដែរ៕