ព្រះសីហនុ – ក្នុងឱកាសចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង ៣៤ខ្សែ ព្រមទាំងត្រួតពិនិត្យមើលប្រព័ន្ធលូ អូ ប្រឡាយ អាងប្រព្រឹត្តកម្ម ការសាងសង់បន្ទប់ទឹកសាធារណ:តាមនៅបណ្តោយឆ្នេរអូរឈើទាល និងការរៀបចំក្រាលថ្មក្រានិតនៅតាមចិញ្ចើមផ្លូវជុំវិញតោពីរក្នុងក្រុងព្រះសីហនុកាលពីថ្ងៃទី២៣ វិច្ឆិកា លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់បណ្ដាក្រុមហ៊ុនសាងសង់ផ្លូវត្រូវពន្លឿនការងារឲ្យបានឆាប់រហ័ស ពោលគឺត្រូវធ្វើឱ្យហើយនៅមុនពេលចូលឆ្នាំប្រពៃណីខ្មែរ។
បើទោះជាត្រូវពន្លឿនការងារក៏ដោយ តែក្រុមហ៊ុនសាងសង់ត្រូវធានាឲ្យមានគុណភាព និងសោភ័ណភាព ហើយក៏មិនត្រូវទុកកាកសំណល់ការដ្ឋាននៅលើដងផ្លូវឡើយ ព្រោះធ្វើឲ្យបាត់បង់នូវសោភណ័ភាពក្រុង។
គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុ ចំនួន ៣៤ខ្សែ បានបើកការដ្ឋានកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ និងចំណាយថវិការប្រមាណជិត ៣០០លានដុល្លារ។ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធទាំងនេះធ្វើរួចរាល់ គេរំពឹងថានឹងប្រែក្លាយក្រុងព្រះសីហនុឲ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច ជាពិសេសធានានូវបានគុណភាពរឹងមាំអាចប្រើប្រាស់បានយូរអង្វែង៕
ដោយ៖ នាគសមុទ្រ