Connect with us

Hi, what are you looking for?

ក្នុងស្រុក

នាយករដ្ឋមន្ត្រីថា គ្មានការដាក់ប្រទេសក្នុងគ្រា អាសន្ន ឬ បិទភ្នំពេញ ទេ

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ : សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសឲ្យដឹងកាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ០៧ ខែធ្នូ នេះថា គ្មានការដាក់ប្រទេសនៅក្នុងគ្រាអាសន្ន ឬបិទរាជធានីភ្នំពេញ ដោយសារករណីកូវីដ -១៩ នោះទេ ។

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា

សម្ដេចបានបញ្ជាក់ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចថា មិនមានការទូលថ្វាយព្រះមហាក្សត្រសូមព្រះរាជានុញ្ញាតដាក់ប្រទេសក្នុងគ្រាមានអាសន្ន ហើយមិនមានការចេញបញ្ជា ឱ្យបិទរាជធានីភ្នំពេញនោះឡើយ។

សេចក្ដីថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រីនេះ បានធ្វើឡើង បន្ទាប់ពីមានការចែកចាយពាក្យចចាមអារ៉ាមថា មានការស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្ន និងការបិទរាជធានីភ្នំពេញជាដើម។

យ៉ាងណាក៏ដោយសម្ដេចបានបញ្ជាក់ថា «ពេញ មួយថ្ងៃនេះ ការបំភ្លើសនានាបានកើតឡើងថា នឹងមានការបិទប្រទេស ឬបិទរាជធានីភ្នំពេញ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយបំផុសឱ្យមនុស្សទិញ ទំនិញត្រៀមទុក។ ចំពោះមុខពាក្យភូតកុហកបែបនេះ ក្នុងឋានៈខ្ញុំជាប្រមុខ នៃរាជរដ្ឋាភិបាល ខ្ញុំសូមបញ្ជាក់ជូនថា នឹងមិនមានការស្នើសុំដាក់ ប្រទេសក្នុងគ្រាមានអាសន្នទាំងមូល ឬមួយផ្នែកណានោះឡើយ ហើយក៏នឹងមិនមានការចេញបទបញ្ជាឱ្យបិទរាជធានីភ្នំពេញ ដូចការ ឃោសនាភូតកុហក់របស់ជនអាក្រក់នោះដែរ»

ជាមួយគ្នាសម្តេចបានអំពាវនាវ ឲ្យប្រជាពលរដ្ឋស្ងប់ស្ងាត់កុំភ័យស្លន់ស្លោ និងសូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

Advertisement
Advertisement