Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

តម្លៃដីនៅតំបន់ផ្លូវជាតិលេខ៣ហក់ឡើង ខណៈ​ផ្លូវនេះធ្វើជិតរួចរាល់

ភ្នំពេញ – ខណៈដែល​ផ្លូវជាតិលេខ៣ កំពុងពន្លឿនការស្ថាបនាផ្លូវឱ្យកាន់​តែធំទូលាយ ដោយ​គ្រោងបញ្ចប់ការ​សាងសង់ក្នុងពេលខាងមុខនោះ បានធ្វើឲ្យតម្លៃដីនៅ​តាម​បណ្តោយ​ផ្លូវជាតិមួយនេះកើនឡើងខ្ពស់រហូត ដល់ប្រមាន៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬអាចលើសពីនេះក៏មាន។

លោក អ៊ិន ណាង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Show up Real Estate ដែលជាអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងពុះលក់ដីឡូតិ៍នៅក្នុងតំបន់ផ្លូវជាតិលេខ៣ បានមានប្រសា​សន៍ថា សកម្មភាពនៃការទិញលក់ទាំងផ្នែកដីធ្លី និងលំនៅដ្ឋាន ស្ថិតនៅតំបន់ផ្លូវជាតិលេខ៣ នៅពេលបច្ចុប្បន្ននេះមានការធ្លាក់ចុះបន្តិច ប៉ុន្តែបើនិយាយពីតម្លៃដីវិញនៅតែខ្ពស់មិនធ្លាក់ចុះនោះទេ។ រាប់ចាប់គិតពីចំណុចរង្វង់មូលចោមចៅ រហូតចំណុចគីឡូលេខ២០ គឺបើស្ថិតនៅជាប់ផ្លូវជាតិលេខ៣ គឺនៅតែថ្លៃ រហូតនៅទីតាំងខ្លះ ស្ថិតនៅក្នុងចន្លោះ៣៥០-៤០០ដុល្លារក្នុងមួយម៉ែត្រ ឬនៅទីប្រជុំជន ដែលមានការធ្វើអាជីវកម្ម ដោយកន្លែងមានតម្លៃលើសនេះក៏មានដែរ។

លោក អ៊ិន ណាង បានបញ្ជាក់ទៀតថា ដោយសារតែតម្លៃដីនៅជាប់ផ្លូវជាតិលេខ៣មានកម្រិតខ្ពស់ ការពុះឡូតិ៍លក់ហាក់មិនសូវមាននោះទេ ហើយសម្រាប់អ្នកអភិវឌ្ឍន៍លំនៅដ្ឋានភាគច្រើន បានលើមរំលងមិនចាប់ទិញ សម្រាប់សាងសង់លំនៅដ្ឋានលក់នោះទេ ព្រោះជាទូទៅដីដែលមានតម្លៃ ចាប់ពីជាង៣៥០ដុល្លារក្នុងមួយម៉ែត្រឡើងទៅ ពិបាកក្នុងការទិញ សម្រាប់សាងសង់លំនៅដ្ឋានលក់ ក្នុងតម្លៃត្រឹម១០ម៉ឺនដុល្លារក្នុងមួយខ្នងនោះណាស់។

ស្រដៀងទៅនឹងការលើកឡើងខាងលើនេះ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ DEYTHMEY Real Estate លោក វិន ឈុនហ៊ាត បានមានប្រសាសន៍ថា “ទីតាំងដែលស្ថិតនៅជាប់ផ្លូវជាតិលេខ៣ ក្នុងរង្វង់គីឡូ២០ ឆ្ពោះមកកាន់រាជធានីភ្នំពេញ មិនសូវមានដីពុះឡូត៍នោះទេ ដោយភាគច្រើនទីតាំងដែលមានសកម្ម​ភាពពុះច្រើន គឺចុះពីផ្លូវជាតិចាប់ពី១០០ម៉ែត្រចូលទៅក្នុងភូមិ ដែលមានតម្លៃចាប់ពី៦៥០០ដុល្លារក្នុងមួយឡូតិ៍ឡើងទៅ ឬថ្លៃជាងនេះសម្រាប់ដីឡូតិ៍ដែលស្ថិតជួរមុខ ឬនៅលើទីតាំងល្អ។

លោកបានបញ្ជាក់ថា “ពេលនេះតម្លៃដីក្នុងតំបន់នេះហាក់នៅទ្រឹង ប៉ុន្តែប្រសិនបើនៅឆ្នាំក្រោយ បញ្ហាកូវីដ១៩ត្រូវបានទប់ស្កាត់បានជោគជ័យខ្ពស់ នោះតម្លៃដីនឹងអាចឡើងថ្លៃជាងនេះបន្តិច ខណៈពេលដែលគម្រោងនៃការអភិវឌ្ឍ និងវិនិយោគពីសំណាក់អ្នករកស៊ីទាំងក្នុង និងក្រៅស្រុកចាប់ផ្តើមមានសកម្មភាពឡើងវិញ”៕

ប្រភព៖ propertyarea.asia

Advertisement
Advertisement