Connect with us

Hi, what are you looking for?

ក្នុងស្រុក

ផ្ទេរ​មណ្ឌល​អប់រំ និង​បន្សាបគ្រឿងញៀនខេត្ត​ព្រះសីហនុ មក​ស្ថិត​ក្រោមការ​គ្រប់គ្រងបណ្តោះអាសន្ន​របស់រដ្ឋបាលខេត្ត

ព្រះសីហនុ – កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះសីហនុ​បាន​បើក​កិច្ចប្រជុំពិភាក្សាអំពីការផ្ទេរការគ្រប់គ្រង ការរៀបចំ និងការចាត់ចែងរបបជូនជនរងគ្រោះកំពុងស្នាក់នៅមណ្ឌលអប់រំ បន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនបណ្តោះអាសន្នជូនរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលខេត្ត លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអភិបាលស្រុកស្ទឹងហាវ ប្រធានមន្ទីរ និងអង្គភាព ពាក់ព័ន្ធផងដែរ។

បន្ទាប់ពីមតិរបស់ប្រធាន មន្ទីរ អង្គភាពជំនាញរួចមក ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំបង្កើតក្រុមការងារមានអភិបាលរងខេត្តមួយរូបជាអ្នកដឹកនាំចុះពិនិត្យរកទីតាំង និងពិភាក្សាថា តើទីតាំងនោះមានសុវត្ថិភាព មានទឹក ភ្លើងគ្រប់គ្រាន់ និងត្រូវរៀបចំសាង សង់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីការគ្រប់គ្រងធានាដល់សុខសុវត្ថិភាព។

ជាមួយគ្នានេះត្រូវពិនិត្យការដឹកនាំរបស់កងរាជអាវុធហត្ថក្រុងព្រះសីហនុកន្លងមកស្តីពីការអប់រំ បន្សាបព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងរៀបចំបទបញ្ជាផ្ទៃក្នុង ដើម្បីដាក់ឆ្លងក្រុម ប្រឹក្សាខេត្តជាអ្នកសម្រេច ក្នុងគោលដៅធ្វើកំណែទម្រង់ស៊ីជម្រៅប្រកបដោយនិរន្តរភាព ក្នុងការផ្ទេរមករដ្ឋបាលខេត្តជាអ្នកគ្រប់គ្រង ។

ទន្ទឹមនោះឯកឧត្ដមអភិបាលខេត្ត ក៏បានជួយឧបត្ថម្ភថវិកាមួយខែ ២លានរៀល ដល់មណ្ឌលអប់រំ បន្សាបព្យាបាល និងស្តារនីតិ សម្បទាអ្នកញៀនគ្រឿងញៀនកងរាជ អាវុធហត្ថក្រុងព្រះសីហនុផងដែរ៕

Advertisement
Advertisement