Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលរងស្រុកអង្គរបុរីម្នាក់ កំពុងល្បីរឿងវាយរបងផ្ទះប្រជាពលរដ្ឋ

តាកែវ – លោក រស់ រត្ន័ ដែលមានតួនាទីជាអភិបាលរងស្រុកអង្គរបុរី ពេលនេះកំពុងតែមានប្រជាប្រិយភាពរឿងធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋក្រីក្រដែលសង់រោងលក់ស៊ុបមីចិញ្ចឹមជីវិត ក្រោយពីលោកបានដឹកនាំកម្លាំងចុះទៅវាយកម្ទេចរបងផ្ទះនោះ ខណៈ​សំណង់រឹងមាំជារបស់អ្នក​មានលុយ លោក​មិន​ហ៊ានវាយទេ។

ការចុះវាយកម្ទេចនោះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នៅចំនុចភូមិព្រៃផ្គាំ ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្តតាកែវ។

បើតាមការអះអាងពីអ្នកស្រី សុខ ឡុញ អាយុ៥៧ឆ្នាំ ដែលជាម្ចាស់រោងលក់ស៊ុបថា លោក រស់ រត្ន័ នេះ គ្រាន់តែចុះមកដល់រោងគាត់ភ្លាម បានទាញញញួរចូលទៅវាយរបង និងលូរបង្គន់គាត់ភ្លាមៗ ដោយ​ហាក់បីដូចជាមានគំនុំជាមួយគាត់ពីពេលណាមកអញ្ចឹង។

លោកស្រីថា គាត់បានសង់រោងស្នាក់នៅលក់ដូរចិញ្ជឹមជីវិតដោយគាត់គ្មានកន្លែងនៅទេ ហើយនៅជិតៗគាត់គេសង់សុទ្ធតែផ្ទះថ្មធំៗ ចម្លែកអីតែគាត់ជាអ្នកក្រីក្រ សុំរស់នៅនិងគេងផងមិនបាន ហើយ​បើរដ្ឋត្រូវការដីចំណីផ្លូវពេលណា ក៏យកទៅ ដោយ​លោកស្រីប្រគល់ឲ្យ​ដៃពីរ ហើយ​បើលោក រស់ រត្ន័ មិនឲ្យ​គាត់នៅទីនេះ សូមលោកដេញអ្នកផ្សេងៗផង ហេតុអីបានជាមកដេញអីតែលោកស្រីម្នាក់ឯងទៅវិញ។

ជុំវិញករណីខាងលើ លោក រស់ រត្ន័ មិន​បានអត្ថាធិប្បាយអ្វីទេនៅពេល​ធ្វើ​សម្ភាសន៍​តាមទូរស័ព្ទ ដោយ​លោកថា បើចង់ដឹងអី សូមទៅ​ជួបលោកនៅសាលាស្រុក។

ចំណែកលោក យុង ប៊ុនយ៉ុន អធិការស្រុកអង្គរបូរីបានថ្លែងថា លោកបានឲ្យ​កំលាំងរបស់លោកចូលរួម តែមិនឲ្យ​ប៉ះពាល់ទ្រព្យសម្បត្តិពលរដ្ឋទេ ហើយរឿងវាយរបងនិងលូរបស់ពលរដ្ឋ កម្លាំង​របស់លោកមិនពាក់ពន្ធ័ឡើយ។

យ៉ាងណាក៏ដោយ មហាជនបានស្នើដល់លោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបុរី សូម​មេត្តាចាត់វិធានការតាមផ្លូវច្បាប់ឲ្យ​ស្មើរភាពគ្នា ព្រោះនៅតំបន់នោះមានការសាងសង់ផ្ទះថ្មរឹងមាំច្រើនណាស់ ជាពិសេសដូចជាមានខ្សែមេភូមិមេឃុំថែមទៀតផង ដោយ​សូម​លោក​កុំអនុវត្តច្បាប់តែជាមួយគ្រួសារក្រីក្រអី៕

Advertisement
Advertisement