Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលខេត្តព្រះសីហនុអញ្ជើញសំណេះសំណាលជាមួយមន្ត្រីសុខាភិបាលមកពីមណ្ឌល សុខភាព និងប៉ុស្តិ៍សុខភាព នៅក្នុងខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ)៖ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០២១ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីសុខាភិបាលមកពីមណ្ឌល សុខភាព និងប៉ុស្តិ៍សុខភាព នៅក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្តព្រះសីហនុ លោកស្រីប្រធានមន្ទីរសុខាភិបាលខេត្ត ។

លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានរាយការណ៍ពីសកម្មភាពការងារសុខាភិបាលនៅខេត្តព្រះសីហនុ មានមណ្ឌលសុខភាពចំនួន ១៦កន្លែង នៅតាមក្រុង ស្រុក ក្នុងខេត្តព្រះសីហនុ ដោយសារតែស្ថានភាពមណ្ឌលសុខភាពខ្លះនៅមិនទាន់មានរបងព័ទ្ធជុំវិញនៅឡើយ ហើយមណ្ឌលសុខភាពខ្លះមានទីធ្លាទាបតម្រូវចាក់ដីបំពេញ ប្រព័ន្ធលូ និងផ្ទះរង់ចាំជាដើម ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា រដ្ឋបាលខេត្តមានគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតាមមណ្ឌលសុខភាព ដើម្បីកែលម្អសោភ័ណភាព បរិស្ថាននៅតាមមណ្ឌលសុខភាពនានាក្នុងខេត្តព្រះសីហនុ និងត្រូវសាងសង់មណ្ឌលសុខភាពណាដែលមានប្រជាពលរដ្ឋរស់នៅច្រើន ដើម្បីងាយស្រួលឱ្យប្រជាពលរដ្ឋមកទទួលសេវានៅមណ្ឌលសុខភាពដែលនៅជិតផ្ទះពួកគាត់ដើម្បីភាពងាយស្រួល ។

ឯកឧត្តមបន្តថា យើងបានសាងសង់មន្ទីរពិសោធន៍វិជ្ជសាស្រ្ដនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សម្រេចបាន ៩០ ភាគរយ សម្រាប់ធ្វើការវិភាគសំណាករកមេរោគកូវីដ-១៩ និងប្រភេទជំងឺឆ្លងផ្សេងៗទៀត ដែលកន្លងមកយើងយកសំណាកភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋដែលមានការសង្ស័យមានជំងឺកូវីដទៅកាន់វិទ្យាស្ថានប៉ាស្ទ័រនៅរាជធានីភ្នំពេញ វាជួបហានីភ័យច្រើន និងមានការយឺតយ៉ាវ ។ នៅពេលមន្ទីរពិសោធន៍របស់យើងសាងសង់ និងបំពាក់ឧបករណ៍រួចរាល់នឹងមានភាពងាយស្រួលក្នុងការវិភាគរកមេរោគកូវីដ-១៩នៅទីនេះ ។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា យើងមានថវិកាមួយចំនួនបំរើឱ្យវិស័យសុខាភិបាលនៅខេត្តព្រះសីហនុ កាន់តែល្អប្រសើរឡើងថែមទៀត ជំហានដំបូងយើងរៀបចំសាងសង់របងនៅតាមមណ្ឌលសុខភាព ដើម្បីធានាសុវត្ថិភាពជូនក្រុមគ្រូពេទ្យរបស់យើង និងបង្កើនសោភ័ណភាព បរិស្ថាន និងជំនឿទុកចិត្តពីប្រជាពលរដ្ឋនៅមូលដ្ឋាន៕

ដោយ នាគសមុទ្រ

Advertisement
Advertisement