Connect with us

Hi, what are you looking for?

ក្នុងស្រុក

តែងតាំងលោក ប៊ុត បុប្ផា ជាប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ

ព្រះសីហនុ – នាព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ លោក ប៊ុត បុប្ផា ត្រូវ​បាន​ប្រកាស​តែងតាំងឲ្យ​ចូលកាន់មុខតំណែងជាប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ជំនួសលោក ដេត ណូ ដែលដល់អាយុចូលនិវត្តន៍ ក្រោមការអញ្ជើញជាអធិបតីភាពឯកឧត្តម ស្រី សួន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងលោកអភិបាលក្រុង មន្ត្រីរដ្ឋបាលខេត្ត រួមជាមួយប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តផងដែរ។

ក្នុងឱកាសនោះ លោក ប៊ុត បុប្ផា ជាប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ទើបតែចូលកាន់តំណែងថ្មីបានធ្វើការប្ដេជ្ញាចិត្តដូចខាងក្រោម៖

១.យកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្យាយាមប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតីបន្តពង្រឹង និងពង្រីកសាមគ្គីភាព ឯកភាពផ្ទៃក្នុង សហប្រតិបត្តិការឱ្យកាន់តែមានភាពរឹងមាំដើម្បីជាធ្លុងមួយ និងឧត្តមប្រយោជន៍ដល់ការសម្រេចបាននូវលទ្ធផលជាផ្លែផ្កាល្អប្រសើរជូនដល់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ។

២.ខិតខំអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវតួនាទីភារកិច្ចរបៀបរបបការងារបែបបទនីតិវិធី និងលក្ខខណ្ឌការងាររបស់មន្ត្រីតាមឋានានុក្រមសំដៅលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈប្រកបដោយតម្លាភាព និងសមភាពឱ្យបានកម្រិតខ្ពស់បំផុត ។

៣.យកចិត្តទុកដាក់ក្នុងការកែលម្អ និងធ្វើឱ្យកាន់តែប្រសើរឡើងនូវការបំពេញការងារបន្តអនុវត្តន៍ពង្រឹង និងពង្រីកវិសាលភាពការងារព្រមទាំងរិះរកមធ្យោបាយ និងលទ្ធភាពនានារួមទាំងការកែទម្រង់ការងារបណ្តុះបណ្តាលអភិវឌ្ឍន៍កសាង និងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈសីលធម៌ ដើម្បីធានាបានទាំងបរិមាណគុណភាព និងប្រសិទ្ធភាពខ្ពស់ ។

៤.បន្តរួមចំណែកឱ្យបានសកម្មស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា កម្មវិធីកំណែទម្រង់ស៊ីជម្រៅនានា ដើម្បីវិបុលភាព វឌ្ឍនភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ ។

៥.ប្តេជ្ញាអនុវត្តន៍តាមតួនាទីភារកិច្ច និងកិច្ចការដទៃទៀតដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តព្រះសីហនុប្រគល់ជូនព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការជាមួយមន្ទីរ អង្គភាពស្ថាប័ននានាអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងស្ថាប័នអន្តរជាតិក្នុងការពង្រឹងការអភិរក្ស និងការអភិវឌ្ឍលើវិស័យវប្បធម៌ឱ្យបានទូលំទូលាយ។

ក្នុងឱកាសនេះផងដែរ ឯកឧត្តម គួច ចំរើន ចូលរួមអបអរសាទរចំពោះលោក ប៊ុត បុប្ផា ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានផ្តល់សេចក្តីទុកចិត្តតែងតាំងមុខតំណែងជាប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ដើម្បីបន្តនិរន្តរភាពដឹកនាំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ ឱ្យទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលថ្មីៗ បន្ថែមទៀត ស្របតាមគោលការណ៍ ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត និង​ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីអនុវត្តតាមតួនាទីភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូនដើម្បីធ្វើឱ្យការងារវប្បធម៌ និងវិចិត្រសិល្បៈខេត្តសីហនុ មានការរីកចម្រើន និងកិច្ចប្រតិបត្តិការល្អ ទន់ភ្លន់ ហ្មត់ចត់ជាមួយគ្រប់មន្ទីរអង្គភាព ឱ្យកាន់តែល្អប្រសើរប្រកបដោយមនសិការវិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវអភិក្រម របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ(ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់) ជាមួយគ្នានោះផងដែរឯកឧត្តមអភិបាលខេត្តក៏បានឱ្យលោក ប៊ុត បុប្ផាប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសីហនុទើបតែតែងតាំងថ្មី ឱ្យនិពន្ធរឿងរ៉ាវសាវតារបស់ខេត្តព្រះសីហនុ ក្នុងប្រធានបទ(បុប្ផាផ្ដៅសោម)ដើម្បីដាក់ជូនទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រួតពិនិត្យមើល និងឯកភាពទទួលយក ឯកឧត្តមនឹងដាក់រឿងនេះចូលនៅពេលបុណ្យ​សមុទ្រឆ្នាំនេះតែម្ដងជាប្រធានបទ។

ក្នុងឱកាសនោះផងដែរឯកឧត្តម ស្រី សួន រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យ​លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈទើបតែចូលកាន់តំណែងថ្មី ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចាត់ចែកការងារឱ្យមានតម្លាភាព និងគណនេយ្យភាព ស្មោះត្រង់តម្កល់ផលប្រយោជន៍រួមជាធំ មិនត្រូវមើលបំណាំគ្នា បើមានបញ្ហាប្រឈមត្រូវរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា និងត្រូវយកចិត្តទុកដាក់លើសេចក្តីណែនាំលេខ០២ ស.ណ.ន ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១១ និងខ្លឹមសារប្រកាសលេខ ១៧២ប្រក ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០០២ ស្តីពីការតាំងផ្ទាំងយីហោ ផ្ទាំងផ្សាយពាណិជ្ជកម្ម និងផ្ទាំងសញ្ញា រួមទាំងខិតខំបង្កើតក្រុមសិល្បៈ សហការជាមួយអាជ្ញាធរខេត្ត មន្ទីរទេសចរណ៍ មន្ទីរអប់រំ អង្គការ សមាគមន៍សិល្បៈ និងវិស័យឯកជន រៀបចំព្រឹត្តិការណ៍សម្តែងសិល្បៈនៅតាមទីធ្លាសាធារណៈ ដើម្បីផ្សព្វផ្សាយបង្ហាញសិល្បៈប្រពៃណីវប្បធម៌ ឱ្យអ្នកទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគ បង្កើនភាពរស់រវើក នៃវប្បធម៍ជាតិខ្មែរ៕

ដោយ នាគសមុទ្រ

Advertisement
Advertisement