Connect with us

Hi, what are you looking for?

ក្នុងស្រុក

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីញុះញុង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ លើអចលនទ្រព្យរបស់រដ្ឋ

(ព្រះសីហនុ) – នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលស្រុកស្ទឹងហាវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីញុះញុង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ លើអចលនទ្រព្យរបស់រដ្ឋ ស្ថិតនៅចំណុចដីសម្បទានសង្គមកិច្ច ក្នុងក្រុម២១ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អឿន ម៉ាប់ អាយុ៤១ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ មានស្រុកកំណើតភូមិខ្ទុំកណ្ដាល ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅឃុំស្មាច់ដែង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យខាងលើជាមេក្លោងនាំប្រជាពលរដ្ឋទៅចាប់ដីរដ្ឋយកធ្វើជាកម្មសិទ្ធិ នៅចំណុចដីសម្បទានសង្គមកិច្ចក្នុងក្រុម២១ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

នៅពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ រថយន្ត ១គ្រឿង ម៉ាក LANDROVER សេរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២W-២៧២៣ និងទូរស័ព្ទ ១គ្រឿង។

បច្ចុប្បន្នកម្លាំងនគរបាលស្រុកស្ទឹងហាវ បានបញ្ជូនជនសង្ស័យមកការិយាល័យជំនាញចាត់ការបន្តតាមនិតិវិធីច្បាប់៕

ដោយ នាគសមុទ្រ

 

Advertisement
Advertisement