Connect with us

Hi, what are you looking for?

ក្នុងស្រុក

មេភូមិត្រពាំងខ្លូត នៃស្រុកត្រាំកក់ មិនព្រមបើក​ផ្លូវ​ធ្វើដំណើរ​ឲ្យ​ពលរដ្ឋតាមប្លង់សុរិយោដី, អាជ្ញាធរឃុំនិងស្រុកមិនអាចដោះស្រាយបាន

ផ្លូវធ្វើដំណើរដែលពលរដ្ឋទាមទារឲ្យមានការពង្រីក

តាកែវ – ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់​នៅ​ក្នុង​​ភូមិ​ត្រពាំងខ្លូត ឃុំត្រាំកក់ ស្រុកត្រាំកក់ បាននិយាយថា ពួកគាត់បានដាក់ពាក្យ​បណ្តឹង​ទៅ​កាន់អាជ្ញាធរ​ឃុំ ក៏​ដូចជា​ស្រុកអស់រាប់ឆ្នាំហើយ ដោយ​ទាមទារ​ឲ្យ​លោក​មេភូមិដែលមានដីជាប់ផ្លូវ យល់ព្រមបើក​ផ្លូវ​ឲ្យ​ទូលាយ​ទៅ​តាមប្លង់របស់សូរិយោដីដែលមានទំហំ ៣ម៉ែត្រ ប៉ុន្តែបណ្តឹង​នោះ​ហាក់គ្មានការអើពើឡើយ។

ពលរដ្ឋថា លោក​ ឈុត សារី មេភូមិ​ត្រពាំងខ្លូត គាត់មានដីនៅជាប់នឹង​ផ្លូវ ប៉ុន្តែផ្លូវនេះតូចចង្អៀតដោយ​ធ្វើដំណើរ​បានតែថ្មើជើងប៉ុណ្ណោះ ប៉ុន្តែនៅ​ក្នុង​ប្លង់របស់សុរិយោដីបានបង្ហាញថា ផ្លូវនោះ​មាន​ទំហំទទឹង៣ម៉ែត្រ ទើបពួកគាត់​ស្នើ​ឲ្យ​មាន​ការ​បើក​ផ្លូវ​ឲ្យ​ធំ​ដើម្បីងាយស្រួល​ក្នុង​ធ្វើដំណើរ​ ប៉ុន្តែលោកមេភូមិ​មិនយល់ព្រមនោះឡើយ ហើយ​តែង​តែរករឿងប្រជាពលរដ្ឋ​ដែលមាន​ដីនៅ​ខាងក្នុងថែមទៀត។ ពេលខ្លះគាត់តែងរើសធាងត្នោត ឬមែកឈើយកមកដាក់បិទផ្លូវដើម្បីកុំឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​បាន។

ករណីនេះ ប្រជាពលរដ្ឋបានដាក់ពាក្យ​បណ្តឹង​ទៅ​កាន់អាជ្ញាធរឃុំ និង​ស្រុកអស់រយៈពេល​ប្រមាណ ៦ឆ្នាំមកហើយ ប៉ុន្តែ​ពុំ​ឃើញ​មាន​ដំណោះ​ស្រាយ​ណាមួយ​ឡើយ។

លោក សោម សារត្ន័ មេឃុំត្រាំកក់បានថ្លែងថា ករណីនេះ លោក​បានទទួលពាក្យបណ្ដឹងពីពលរដ្ឋយូរហើយ, ហើយ​លោកក៏​តែងព្យាយាមសម្របសម្រួលជាច្រើនលើកច្រើនសារដែរ ថែមទាំងបានហៅលោកមេភូមិមកជួប និង​ណែនាំ​គាត់ឲ្យ​បើកចិត្តទូលាយយល់ព្រមបើកផ្លូវឲ្យ​ប្រជាពលរដ្ឋ​ទៅតាមប័ណ្ណកម្មសិទ្ធដែលចេញដោយមន្ទីរជំនាញទៀតផង។

តែយ៉ាងណា ជានីតិវិធីបន្តទៀត លោកនឹងងហៅលោកមេភូមិត្រពាំងខ្លូតមកនិយាយគ្នាម្ដងទៀត ដើម្បីធ្វើការផ្សះផ្សារគ្នា៕

Advertisement
Advertisement