Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលខេត្តព្រះសីហនុផ្អាកបណ្តោះអាសន្នតូបលក់ដូរចំនួន៣៦តូបក្នុងផ្សារលើក្រុងព្រះសីហនុ

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ផ្អាកបណ្តោះអាសន្នតូបលក់ដូរចំនួន៣៦តូបក្នុងផ្សារលើក្រុងព្រះសីហនុក្រោយមានអាជីវករលក់គ្រឿងសមុទ្រ២នាក់ឆ្លងកូវីដ១៩ ប៉ុន្តែមិនបិទផ្សារទាំងមូលទេ ។

ការសម្រេចនេះធ្វើឡើង នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ក្នុងពេលឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីដាក់ផែនការក្នុងការផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មលក់ដូរចំនួន៣៦តូបនេះ នៅក្នុងផ្សារលើ ក្រុងព្រះសីហនុ ដែលមានការពាក់ព័ន្ធជាមួយនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍លើកឡើងអំពីករណីនៃការរកឃើញអាជីវករលក់គ្រឿងសមុទ្រនៅផ្សារលើចំនួន០២នាក់ដែលមានវិជ្ជមានជំងឺកូវីដ-១៩ ដែលចាំបាច់ត្រូវផ្អាកជាបណ្តោះអាសន្ន ដំណើរការ តូបលក់ដូរចំនួនចំនួន៣៦តូបនៅក្បែរនោះ ដោយមិនបិទផ្សារទាំងមូលនោះឡើយ និងត្រូវស្រង់ស្ថិតិអ្នកដែលមានការពាក់ព័ន្ធជាមួយនឹងអ្នក វិជ្ជមានជំងឺកូវីដ-១៩ ដើម្បីយកសំណាក។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវវិធានការ និងគោលការណ៍ណែនាំដូចខាងក្រោម៖

-កំណត់បែងចែកផ្សារលើជា០៥ប្លុកធំៗដើម្បីធ្វើការគ្រប់គ្រង និងដាក់គោលដៅត្រួតពិនិត្យចំនួន១៦ គោលដៅ ។

-ហ៊ុំព័ទ្ធទីតាំងតូបលក់ដូរទាំង៣៦តូបដែលមានការពាក់ព័ន្ធជាមួយនឹងអ្នក វិជ្ជមានជំងឺកូវីដ-១៩ ដោយកំណត់ជាតំបន់ចត្តាឡីស័ក។

-ដាក់ស្លាក«ទីនេះធ្លាប់មានអ្នកវិជ្ជមានជំងឺកូវីដ-១៩» នៅតាមច្រកគោលដៅត្រួតពិនិត្យទាំង១៦ គោលដៅ ។

-រៀបចំសណ្តាប់ធ្នាក់របៀបរៀបរយនៅជុំវិញផ្សារលើ។

-បញ្ជូនក្រុមការងារចុះបាញ់ថ្នាំសម្លាប់មេរោគ និងលាងសម្អាតផ្សារលើទាំងមូល។

-ដាក់ទូរបាញ់អាល់កុលសម្លាប់មេរោគនៅច្រកចេញចូលធំៗចំនួន០៤ នៅក្នុងផ្សារលើ។

-ពន្យល់ណែនាំដល់អាជីវករ និងប្រជាពលរដ្ឋដែលចេញចូលផ្សារត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព និងប្រើប្រាស់អាកុល ជែលគ្រប់ពេល។

-ត្រូវចងខ្សែគម្លាតសុវត្ថិភាពនៅតាមតូបលក់ដូរ ដោយហាមដាច់ខាតអ្នកលក់ និងអ្នកទិញមិនត្រូវប៉ះពាល់គ្នាដោយផ្ទាល់នោះឡើយ ហើយសកម្មភាពនៃការលក់ដូរ នៅពេលប្រគល់ទទួលទំនិញ និងលុយ ត្រូវទុកដាក់នៅលើតុចំពាក់កណ្តាលនៃ ខ្សែបន្ទាត់សុវត្ថិភាព ដោយបាញ់អាកុលជាមុនសិន មុនពេលទទួលយក ។

-សូមលើកទឹកចិត្តក្នុងការប្រើប្រាស់ប្រព័ន្ធធនាគារក្នុងការទូទាត់ថ្លៃទំនិញ ដើម្បីកាត់បន្ថយការប្រើប្រាស់លុយសុទ្ធ ដែលជាហានិភ័យក្នុងការចម្លងជំងឺកូវីដ-១៩ ។

-ពន្យល់ដល់អាជីវករត្រូវចូលរួមអនុវត្តតាមការណែនាំ ដើម្បីរក្សាផលរបររបស់បងប្អូន ជាជាងការបិទផ្សារទាំងមូល (ស៊ូលំបាកបន្តិច ប្រសើរជាងលំបាកធ្ងន់ធ្ងរ)។

ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការណ៍នានារបស់ក្រសួងសុខាភិបាល ជាពិសេសគោលការណ៍ ៣កុំ និង៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវទាំងអស់គ្នាដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement