Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹងថ្មីមួយទៀត ស្តីពីការសម្រួលដល់ការធ្វើដំណើរចូលមកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ស្តីពីការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទូទៅចូលមកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

យោងសេចក្តីណែនាំលេខ ០២ សណន ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការពង្រឹងការអនុវត្តវិធានការដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពង្រឹងការអនុវត្តវិធានការនៅក្នុងភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់នៅតាមបណ្តារាជធានី ខេត្ត រដ្ឋបាលខេត្តព្រះសីហនុបានចេញសេចក្តីជូនដំណឹងលេខ ៦៥៦/២១ សជណ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ដោយបានកំណត់លក្ខខណ្ឌមួយចំនួនសម្រាប់ការធ្វើដំណើរតាមគ្រប់មធ្យោបាយទាំងអស់ចូលមកក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។

ផ្តើមពីបញ្ហានេះ រដ្ឋបាលខេត្តព្រះសីហនុសម្រេចលុបចោលទាំងស្រុងនូវសេចក្តីជូនដំណឹងលេខ៦៥៦/២១ សជណ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វិញ ប៉ុន្តែបងប្អូនប្រជាពលរដ្ឋ និងសាធារណជនត្រូវអនុវត្តវិធានការសុខាភិបាលវិធានការរដ្ឋបាល និងវិធានការចាំបាច់ផ្សេងៗទៀតដែលកំណត់ដោយរដ្ឋបាលខេត្តព្រះសីហនុ ជាពិសេសត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការ«៣ការពារ និង៣កុំ» របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ឱ្យបានខ្ជាប់ខ្ជួន។

ក្នុងករណី ដែលបងប្អូនប្រជាពលរដ្ឋ និងសាធារណជនមានសុខភាពប្រែប្រួល មានការសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ សូមទំនាក់ទំនងទៅមន្ទីរសុខាភិបាលខេត្ត ឬមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ តាមរយៈទូរស័ព្ទលេខ 012 794 896 ឬ016 526 520 និងត្រូវប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ នៅវេទិកា ៧មករា សង្កាត់លេខ៣ ក្រុងព្រះសីហនុ រៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាកផង)៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement