Connect with us

Hi, what are you looking for?

ក្នុងស្រុក

ល្បែងស៊ីសងលេង​ពាសពេញឃុំ​កំពង់រាប ក្នុងរដូវកូវីដ, អ្នក​បើកលេងថា មេឃុំ​ជាអ្នក​អនុញ្ញាត

ល្បែងស៊ីសងកំពុងមានពាសពេញឃុំកំពង់រាប

(តាកែវ) – ប្រជាពលរដ្ឋរស់នៅក្នុង​ឃុំកំពង់រាប នៃស្រុកព្រៃកប្បាស បានថ្លែងថា ខណៈ​ដែល​ជំងឺកូវីដ​១៩​កំពុង​រាតត្បាត ដែល​តម្រូវ​ឲ្យ​គ្រប់គ្នា​ត្រូវ​អនុវត្ត​វិធានការ​ ៣កុំ ៣ការពារ ស្រាប់តែនៅ​ក្នុង​មូលដ្ឋាន​ឃុំនេះ បែរជា​មាន​នូវ​ការ​ប្រមូល​ផ្តុំ​គ្នា​លេង​ល្បែង​យ៉ាងអនាធិបតេយ្យ ក្រោម​ការ​អនុញ្ញាត​របស់​លោក​មេឃុំ​ទៅវិញ។

ល្បែងស៊ីសងកំពុងមានពាសពេញឃុំកំពង់រាប

បើតាមពលរដ្ឋថា នៅក្នុង​ឃុំ​កំពង់រាបនេះ បើ​គេចង់​លេង​បៀរ គឺគេអាចទៅ​ប្រមូលផ្តុំគ្នាលេងនៅផ្ទះកូនប្រសាមេភូមិកញ្ចិល ដែល​នៅ​ទីនោះ​គេ​លេង​ជារៀងរាល់ថ្ងៃ ព្រោះថា ម្ចាស់ផ្ទះគេអាងឪគេជាមេភូមិស្រាប់ ចឹងហើយគេបើកលេងគ្មានអ្នកណាហ៊ានចុះមកបង្ក្រាបឡើយ។

ទីតាំងមួយ​ទៀត គឺគេលេង​នៅ​រោង​ជាប់មាត់ស្ទឹង​ក្នុង​ភូមិ​កំពង់រាប ដោយ​វង់នេះ គឺ​គេ​លេងស៊ីសងរាប់លានរៀល ហើយ​អ្នក​បើក​វង់បៀរនោះ​អះអាងថា គេ​បានសុំលោក​មេឃុំ​រួចហើយ។

ហើយ​បើ​ចង់លេងជល់មាន់វិញ គឺអាច​ទៅ​លេង​នៅ​ភូមិពាម, ទីនោះ​គេ​លេង​រាល់ថ្ងៃ ដោយ​ម្ចាស់សង្វៀនថា គេក៏​បានសុំលោកមេឃុំរួចហើយ បើ​មិ​នអញ្ចឹងទេ គេមិនហ៊ានលេងទេ។

ចំពោះករណីនេះ យើង​មិនអាច​សុំ​ការ​បំភ្លឺពីលោក សេង ម៉ៅ មេឃុំ​កំពង់រាប បានទេ​នៅថ្ងៃនេះ ដោយ​ទូរស័ព្ទរបស់លោក​មិន​អាច​ទំនាក់ទំនងបាន។

យ៉ាងណាក៏ដោយ លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាសបានថ្លែងថា ករណីនេះ លោកនឹងបញ្ជាកម្លាំង​ឲ្យ​ចុះទៅបង្ក្រាប ហើយថា នឹង​កោះហៅលោក សេង ម៉ៅ មកបំភ្លឺចំពោះ​ករណីអនុញ្ញាត​ឲ្យ​មាន​ការ​បើកលេងល្បែងសុីសងខុសច្បាប់ ក្នុងសម័យកូវីដនេះ៕

Advertisement
Advertisement