កាលពីពេលថ្មីៗកន្លងទៅនេះ YouTube បានផ្អាកមិនឲ្យមានការផ្សាយពាណិជ្ជកម្មនៅលើវីដេអូក្នុងប្រទេសកម្ពុជា និងប្រទេសជាង៩០ទៀត ដែលធ្វើឲ្យអ្នកទស្សនាវីដេអូសប្បាយចិត្ត ព្រោះមិនមានការរំខានពីការផ្សាយពាណិជ្ជកម្ម។
តែផ្ទុួយទៅវិញ អ្នកផលិតវីដេអូសម្រាប់ដាក់ YouTube មិនអាចរកចំណូលនៅប្រទេសទាំងនោះបានទៀតទេ។
ចំពោះករណីនេះ ក្រសួងប្រៃសនីយ៍កម្ពុជា បានបញ្ជាក់ថា ខ្លួនបានធ្វើការទំនាក់ទំនងទៅកាន់តំណាង YouTube ដើម្បីឲ្យបំភ្លឺ និងជំរុញឲ្យមានដំណោះស្រាយផងដែរ។
ក្នុងនោះ YouTube បានបញ្ជាក់មកវិញថា ការផ្អាកពាណិជ្ជកម្មផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូនៅប្រទេសជាង ៩០ រួមទាំងកម្ពុជា ដោយហេតុថា ក្រុមហ៊ុនកំពុងកែសម្រួល គោលការណ៍ ផ្សាយពាណិជ្ជកម្ម ដើម្បីធ្វើឱ្យមាតិកាវីដេអូកាន់តែល្អ ប្រសើរ និងតម្រូវឱ្យអ្នកផលិតមាតិកាវីដេអូបំពេញតាមលក្ខខណ្ឌ “កម្មវិធីភាពជាដៃគូ” (YouTube Partner Program) នៅក្នុងប្រទេសដែលជាដៃគូ ទើបអាចរកចំណូលពីការផ្សាយពាណិជ្ជកម្មបាន”។
ជាមួយគ្នានោះក្រសួង បញ្ជាក់បន្ថែមថា ក្នុងចំណោមប្រទេសទាំងជាង ៩០ ខាងលើ ការផ្សាយពាណិជ្ជកម្មលើថ្នាលវីដេអូ YouTube នឹងត្រូវផ្តល់ជូនជាបន្តបន្ទាប់ តាមរយៈការទទួលបាន “កម្មវិធីភាពជាដៃគូ”។ តាមការពិនិត្យ ជាបឋមរបស់ អ្នកតំណាង YouTube ដោយថា ទីផ្សារកម្ពុជាមានលក្ខណសម្បត្តិល្អៗជាច្រើន ក្នុងការទទួលបាន “កម្មវិធី ភាពជាដៃគូ” ពី YouTube ដែលការសម្រេចនេះ ត្រូវការពេលវេលា ក្នុងការរៀបចំនិងចូលរួមសហការ ពីអ្នកផលិតមាតិកា ស្របតាមគោលការណ៍និងលក្ខខណ្ឌកំណត់ដោយ YouTube ផងដែរ។
ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានលើកទឹកចិត្ត ឱ្យមានការផលិតមាតិកាល្អៗ ដោយគោរព តាមគោលការណ៍កម្មសិទ្ធិបញ្ញា ប្រកបដោយគុណភាព គំនិតច្នៃប្រឌិត និងវិជ្ជាជីវៈ ដើម្បីផ្តល់ អត្ថប្រយោជន៍ និងពុទ្ធិដល់សាធារណជន។
លើសពីនេះទៀត ក្រសួងប្រៃសណីយ៍បញ្ជាក់ថា ក្រសួងនឹងបន្តពិភាក្សាជាមួយ YouTube ក្នុងការដោះស្រាយកិច្ចការនេះឱ្យបានឆាប់រហ័សផងដែរ៕