Connect with us

Hi, what are you looking for?

អន្តរជាតិ

តោះ​មក​ដឹងពីបំរាម​មួយ​ចំនួនរបស់​ប្រទេស​ក្នុង​តំបន់អាស៊ាន ខណៈ​ដែល​ជំងឺកូវីដ​១៩​កំពុង​រាលដាល

ខណៈ​ដែល​ជំងឺកូវីដ​១៩​កំពុង​តែ​រាល​ដាល​ខ្លាំង​ ទាំង​ក្នុង​សាកល​លោក ក៏​ដូចជា​ក្នុង​តំបន់, ប្រទេស​ក្នុង​អាស៊ាន​មួយ​ចំនួន​បាន​ចេញ​បំរាម និង​ក៏​ដូចជា​បទ​បញ្ជា​ថ្មី​សម្រាប់​ប្រទេស​របស់​ខ្លួន ដើម្បីជាវិធានការ​ទប់ស្កាត់​ការ​រាល​ដាល​នេះផងដែរ។

ប្រទេស​ប្រ៊ុយណេ ៖ ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ​២០២០ អ្នកដំណើរ​ទាំងអស់​ដែល​ទៅកាន់​ប្រទេស​ប្រ៊ុយណេ​តាម​ចំណត​អាកាស​យានដ្ឋាន​អន្តរជាតិ​ប្រ៊ុយណេ តម្រូវ​ឲ្យ​ស្ថិត​ក្នុង​ចត្តាឡីស័ក​រយៈ​ពេល​១៤ថ្ងៃ, ប្រទេស​ប្រ៊ុយណេ មិន​អនុញ្ញាតឲ្យ​មាន​ការ​ជួបជុំ​នៅ​តាម​តំបន់ហាមឃាត់ ហើយ​ការ​បំពាន​លើ​រយៈ​កាល​កំណត់​ចត្តាលីស័កដែល​ផ្ទុក​នឹង​ច្បាប់​ប្រឆាំង​រោគ​រាតត្បាត ត្រូវ​ប្រឈម​ការ​ពិន័យ​ ១ម៉ឺន​ដុល្លារប្រ៊ុយណេ ឬ​ជាប់​ពន្ធនាគារ​រយៈ​ពេល​៦ខែ ឬ​អាច​រង​ការ​ពិន័យ និង​ទទួល​ទោស​រួម​គ្នា។

ប្រទេស​ឥណ្ឌូនេស៊ី ៖ រដ្ឋាភិបាល​ប្រទេស​នេះ​បាន​បិទ​ប្រទេសទាំង​មូល​តែម្តង ដោយ​សូម្បី​តែ​អ្នក​កាន់​លិខិត​ឆ្លង​ដែន​ការទូត និង​ផ្លូវ​ការ ហើយ​វិធានការ​នេះ គឺ​អនុវត្ត​ចាប់តាំងពីថ្ងៃទី២០ ខែមីនា ឆ្នាំ​២០២០ សម្រាប់​រយៈ​ពេល​១ខែ ឬ​រហូត​ដល់​មាន​ការ​ជូនដំណឹង​ជាថ្មី។

ប្រទេសឡាវ ៖ រដ្ឋាភិបាល នៃ​ប្រទេស​ឡាវ ក៏​បាន​សម្រេច​ផ្អាក​មិន​ឲ្យ​មាន​ការ​ចូល​ប្រទេស​ខ្លួនជា​បណ្តោះអាសន្ន​ផងដែរ តែ​ប្រទេស​នេះ​លើក​លែង​សម្រាប់​អ្នក​កាន់​លិខិត​ឆ្លង​ដែន​ការទូត និង​ផ្លូវការ ហើយ​វិធានការ​នេះ​បាន​ចូលជាធរមាន​ចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ​២០២០ ដោយ​មាន​រយៈ​ពេល​១ខែ ឬ​រហូត​ដល់​មាន​ការ​ជូនដំណឹង​ជាថ្មី។ ជាមួយ​គ្នា​នេះ​ដែរ នាយករដ្ឋមន្រ្តីឡាវ ក៏​បាន​ប្រកាស​ពីវិធានការ​មួយ​ចំនួនផងដែរសម្រាប់ពលរដ្ឋ​ខ្លួន​ដូចជា ពលករ​ដែលវិលត្រឡប់ពីក្រៅប្រទេស ត្រូវ​ដាក់​ឲ្យ​តាមដាន​សុខភាព​នៅ​ផ្ទះ​ចំនួន ១៤ថ្ងៃ, ពលរដ្ឋទាំងអស់​ត្រូវ​អនុវត្ត​វិធានការ​ការពារ​ខ្លួន និង​អនាម័យឲ្យ​បាន​ខ្ជាប់ខ្ជួន, ផ្អាក​ការ​ជួបជុំ និង​ការ​ចូល​រួម​ប្រជុំ​នានា និង​អនុញ្ញាត​ឲ្យ​បុគ្គលិក​បំពេញ​ការងារ​ពីផ្ទះ​តាម​រយៈ​ទូរសព្ទ និង​អ៊ីនធឺណេត ហើយ​ជៀស​វាង​ការ​ធ្វើ​ដំណើរ​ឆ្លង​ភូមិ​ ឬ​ឆ្លង​ស្រុក។

ប្រទេស​ម៉ាឡេស៊ី ៖ រដ្ឋាភិបាលបានបិទប្រទេស​ទាំងមូល​រយៈ​ពេល​១៤ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់​ថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២០ ដោយ​ក្នុង​នោះ​មាន​ទាំង​ការបិទ​កន្លែង​សក្ការៈសាសនា និង​កន្លែង​អាជីវកម្ម​ផងដែរ ដោយ​លើក​លែង​តែផ្សារ​ទំនើប ផ្សារ​សាធារណៈ ហាង​លក់​គ្រឿងទេស និង​ហាង​លក់​របស់របរ​តូច​តាច​ប្រើប្រាស់​ប្រចាំថ្ងៃ។ ជាមួយ​គ្នា​រដ្ឋាភិបាល​ប្រទេស​ម៉ាឡេស៊ី ក៏​បាន​សម្រេច​ដាក់ពង្រាយ​កង​ទ័ពក្នុង​ការ​ត្រួតពិនិត្យ​រាល់​ការ​ធ្វើដំណើរ​របស់​ពលរដ្ឋខ្លួន​ផងដែរ ដោយ​ចាប់អនុវត្ត​ពីថ្ងៃទី២២ ខែមីនា ឆ្នាំ​២០២០ ព្រោះ​ប្រទេស​នេះ​បាន​តម្រូវ​ឲ្យ​ពលរដ្ឋ​ខ្លួន​ស្នាក់​នៅ​តាម​គេហដ្ឋាន ឬទីកន្លែង​ដែល​កំពុង​ស្នាក់​នៅ​រៀងៗខ្លួន រហូត​ដល់​បទ​បញ្ជា​នេះ​បាន​បញ្ចប់។

ប្រទេស​មីយ៉ាន់ម៉ា (ភូមា) ៖ ប្រទេស​មួយ​នេះ​មិន​បាន​បិទ​ប្រទេស​ឡើយ ប៉ុន្តែ​ពលរដ្ឋ​មីយ៉ាន់ម៉ា​ទាំងអស់​ដែលធ្វើ​ដំណើរ​មក​ពី​គ្រប់ប្រទេស នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​កន្លែង​ពិនិត្យ​សុខភាព​ដាច់ដោយ​ឡែក​ពីគេ​រយៈ​ពេល​១៤ថ្ងៃសិន។ សម្រាប់ជនបរទេស​ដែលធ្វើដំណើរ​ចូល​ប្រទេស​មីយ៉ាន់ម៉ា ត្រូវ​បង្ហាញភស្តុតាង​ពីមន្ទីរពិសោធន៍​បញ្ជាក់ថា គ្មាន​ការ​ឆ្លងវីរុស​កូវីដ​១៩ ដែលចេញជូនមិន​លើស​ពី ៧២ម៉ោងមុនពេល​ឡើងយន្តហោះទៅមីយ៉ាន់ម៉ា ហើយ​ក៏​ត្រូវ​ដាក់​ដោយ​ឡែក​រយៈ​ពេល​១៤ថ្ងៃផងដែរ។ ជាមួយ​គ្នា​សម្រាប់​អ្នក​ការទូតទាំងអស់​ប្រចាំ​នៅមីយ៉ាន់ម៉ា រួម​ទាំង​មន្រ្តី​អង្គការ​សហប្រជាជាតិផង ក៏​តម្រូវ​ឲ្យ​បង្ហាញ​ភស្តុតាង​បញ្ជាក់ថា គ្មាន​ការ​ឆ្លង​កូវីដ​១៩ ផងដែរ មុនធ្វើដំណើរ​តាម​យន្ត​ហោះ​ទៅ​មីយ៉ាន់ម៉ា។

ប្រទេស​ហ្វីលីពីន ៖ ប្រទេស​នេះ​បាន​បិទ​ស្ថាប័នរដ្ឋ សាលា​រៀន និង​គ្រឹះស្ថាន​ឯកជន ចាប់ពីថ្ងៃទី១៥ ខែមីនា រហូត​ដល់​ថ្ងៃទី១៤ ខែមេសា ឆ្នាំ​២០២០, សម្រាប់ជនបរទេស​ទាំងអស់ដែល​អាច​អនុញ្ញាត​ឲ្យ​ចូល​ហ្វីលីពីន​បាន លុះ​ត្រា​តែ​មាន​ការ​ត្រួតពិនិត្យ​ត្រឹម​ត្រូវ​ពី​ក្រសួងសុខាភិបាល​ជាមុន ហើយ​ក្នុង​ករណី​ទិដ្ឋាការ​របស់ពួកគេ​មាន​សុពលភាព ពួក​គេ​អាច​ជ្រើស​រើស​ក្នុង​ការ​ស្នាក់​នៅ​ប្រទេស​ហ្វីលីពីន​បាន តែ​ត្រូវ​គោរព​វិធានការ​របស់រដ្ឋបាលមូលដ្ឋាន ហើយជនបរទេស​ដែល​រំលោភ​លើ​លក្ខខណ្ឌ​ពេលវេលា អាច​នឹង​មាន​វិធានការ​ផ្លូវ​ច្បាប់។

ប្រទេស​សឹង្ហបុរី ៖ អ្នក​ដំណើរ​ទាំងអស់​ដែល​ចូលសិង្ហបុរី ត្រូវ​កំណត់​ឲ្យ​ស្នាក់​នៅ​ផ្ទះ​រយៈ​ពេល​១៤ថ្ងៃ ដោយ​បញ្ជាក់ពី​អាសយដ្ឋានច្បាស់លាស់ និង​ត្រូវ​យក​សំណាក​ទៅពិនិត្យ​រក​វីរុស​កូវីដ​១៩, បន្ថែម​លើ​លក្ខខណ្ឌ​ស្នាក់​នៅ​ផ្ទះ​រយៈ​ពេល​១៤ថ្ងៃ អ្នកដំណើរ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន ដែលចូលសិង្ហបុរីរយៈ​ពេល​ខ្លី ត្រូវ​ដាក់​សុំ​ការ​ពិនិត្យ​ព័ត៌មាន​ចាំបាច់​នៅ​ស្ថានទូតសឹង្ហបុរី​ដែល​នៅ​ប្រចាំ​ប្រទេស​នោះ មុន​ពេល​ចូល​សិង្ហបុរី។

ប្រទេសថៃ ៖ នាយករដ្ឋមន្រ្តី​ប្រទេស​នេះ បានដាក់ប្រទេស​ក្នុងគ្រាអាសន្នរយៈ​ពេល​១ខែ ចាប់ពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ ហើយអ្នកដំណើរ​តាម​យន្តហោះ​ចូល​ប្រទេសថៃ ចាំ​បាច់​ត្រូវ​ត្រៀម​ឯកសារ​មួយ​ចំនួន ដើម្បីទុក​បង្ហាញ​ដល់​ប្រតិបត្តិករ​អាកាស​ចរណ៍​ដូចជា ៖ ១.សំបុត្រ​បញ្ជាក់សុខភាព (​មានសុពលភាពមិនលើសពី ៧២ម៉ោង មុន​កាលបរិច្ឆេទ​នៃ​ការ​ធ្វើដំណើរ) និង ២.ឯកសារធានារ៉ាប់រងសុខភាពដែល​បញ្ជាក់ទឹកប្រាក់ធានារ៉ាប់រងទាបបំផុត ១០ម៉ឺនដុល្លារ ដែល​គ្រប​ដណ្តប់​ប្រទេស​ថៃផង និង​រ៉ាប់រងលើជំងឺកូវីដ​១៩ផងដែរ ហើយ​​ពេល​ចូល​ទឹកដីថៃ អាច​មាន​លក្ខខណ្ឌ​ដាក់​ឲ្យ​នៅ​ដាច់ពីគេ ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល។

ប្រទេសវៀតណាម ៖ ប្រទេស​នេះ​បាន​ផ្អាក​ការ​ផ្តល់​ទិដ្ឋាការ​ជា​បណ្តោះអាសន្ន​ដល់ជនបរទេសទាំងអស់​ដែល​មាន​បំណង​ចូល​ប្រទេស​ខ្លួនតាំងតែពីថ្ងៃទី១៨ ខែមីនា ឆ្នាំ​២០២០ ហើយ​ក្នុង​ករណីពិសេស ដូចជា​អ្នកជំនាញការ ធុរជន ពលករ​ដែល​មាន​ជំនាញ​ខ្ពស់ ពេល​ចូលប្រទេស​វៀតណាម ត្រូវ​មាន​លិខិត​បញ្ជាក់ថា​ មិន​មាន​ផ្ទុក​វីរុស​កូវីដ​១៩ ហើយ​ត្រូវ​ឆ្លង​កាត់​ការ​ត្រួតពិនិត្យ និង​បែបបទ​យ៉ាង​តឹងរ៉ឹងតាម​វិធានការ​បង្ការ និង​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង ដោយ​ដាក់​ឲ្យ​នៅ​ដោយ​ឡែក​រយៈ​ពេល​១៤ថ្ងៃ គិត​ចាប់ពីថ្ងៃចូល​វៀតណាម៕

Advertisement
Advertisement