Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខេត្តកោះកុង សម្រេចបិទខ្ទប់ខ្នងផ្ទះ និងពង្រឹងវិធានសុខាភិបាលក្នុងឃុំទាំង៥ នៃស្រុកស្រែអំបិល

(កោះកុង) – រដ្ឋបាលខេត្តកោះកុងកាលពីថ្ងៃម្សិលមិញ បានសម្រេច បិទខ្ទប់ផ្ទះ ចំនួន១៤ខ្នងផ្ទះ ដែលស្ថិតក្នុងភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិលរយៈពេល១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ។

ក្នុងអំឡុងពេលនៃការបិទខ្ទប់ ក្រុមការងារត្រួតពិនិត្យ ត្រូវធ្វើការហាមឃាត់ការធ្វើដំណើរចេញ-ចូល ចំពោះខ្នងផ្ទះខាងលើ លើកលែងតែក្នុងករណីចាំបាច់ ហាមឃាត់ការធ្វើអាជីវកម្មលក់ដូរប្រចាំថ្ងៃ ត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងការណែនាំផ្សេងៗទៀតរបស់ក្រសួងសុខាភិបាល ។

ត្រូវបន្តអនុវត្តវិធានការរដ្ឋបាល ដោយត្រូវរឹតត្បិតការធ្វើដំណើរចេញ-ចូល ភូមិសាលាម្នាង ភូមិផ្លោង ក្នុងឃុំបឹងព្រាវ ភូមិវាលជើង ក្នុងឃុំស្រែអំបិល ភូមិបានទៀត ក្នុងឃុំដងពែង និងភូមិសារាយ ក្នុងឃុំជ្រោយស្វាយ នៃស្រុកស្រែអំបិល ខេត្តកោះកុង ។

ក្នុងអំឡុងពេលនៃការរឹតត្បិតលើវិធានការរដ្ឋបាលសមត្ថកិច្ចត្រូវហាមឃាត់ ការធ្វើដំណើរនានារបស់ប្រជាជន សកម្មភាពការងារ មុខរបរនិងអាជីវកម្ម ដែលមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ហាមឃាត់ការចេញចូលផ្សារនិងទីតាំងណាដែលមិនរៀបរយនិងមានហានិភ័យខ្ពស់ ។

ត្រូវបន្តពង្រឹងការអនុវត្តវិធានការរដ្ឋបាល លើការធ្វើដំណើរចេញ-ចូល ការប្រកបមុខរបរ ការបំពេញការងារក្នុងភូមិតានី ភូមិត្រពាំងកណ្ដោល ភូមិជីខ នៃឃុំជីខលើ ភូមិតាធង ភូមិដងពែង ភូមិបានទៀត ភូមិព្រាំង មេឃុំដងពែង ភូមិបឹងព្រាវ ភូមិសាលាម្នាង ភូមិផ្លោង ភូមិជ្រោយ ភូមិអូរជ្រៅ នៃឃុំបឹងព្រាវ និងភូមិសារាយ មេឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ។

សូមបញ្ជាក់ថា តួរលេខអ្នកជំងឺកូវីដ-១៩ បានកើនដល់ជាង១០០នាក់ សម្រាប់ភូមិសាស្ត្រស្រុកស្រែអំបិល ដោយនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តកោះកុងបានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន៣នាក់ បន្ថែមទៀត៕

Advertisement
Advertisement