Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

តើការដាក់ពាក្យប្រកាសក្ស័យធនរបស់ក្រុមហ៊ុន KrisEnergy ប៉ះពាល់ដល់អាជីវកម្មប្រេងនៅកម្ពុជាដែរ ឬទេ?

ក្រុមហ៊ុនប្រេងកាតរបស់ប្រទេសសិង្ហបុរី Kris Energy ដែលក៏​កំពុង​បូម​ប្រេង​នៅ​ក្នុង​ប្លុក A របស់កម្ពុជា​ដែរនោះ បានដាក់ពាក្យទៅតុលាការកាលពីពេលថ្មីៗនេះប្រកាសពីការក្ស័យធន បន្ទាប់ពីជួបបញ្ហាវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។ តើ​ការ​ដាក់ពាក្យ​ក្ស័យធននេះ នឹង​ប៉ះពាល់​ដល់អាជីវកម្មប្រេងកាតរបស់ប្រទេសកម្ពុជា នៅក្នុងប្លុក A ដែលឬទេ?

លោក ម៉េង ស័ក្តិធារ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានលើក​ឡើងថា ក្រុមហ៊ុន KrisEnergy ជាក្រុមហ៊ុនប្រេងកាតរបស់ប្រទេសសឹង្ហបុរី ដែលប្រកបធុរកិច្ចក្នុងវិស័យប្រេងកាត នៅក្នុងតំបន់។ ក្រុមហ៊ុននេះមានធុរកិច្ចខាងអាជីវកម្មប្រេងកាតនៅប្រទេសមួយចំនួន ដូចជា បង់ក្លាដេស ឥណ្ឌូនេស៊ី ថៃ វៀតណាម និងថ្មីៗនេះ នៅកម្ពុជា តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនឈ្មោះ KrisEnergy Cambodia។

ក្រុមហ៊ុន KrisEnergy បានចាប់ផ្តើមជួបវិបត្តិហិរញ្ញវត្ថុ ចាប់តាំងពីឆ្នាំ ២០១៨មក ហើយបានចាប់ផ្តើមលក់សិទ្ធសម្បទានប្លុកប្រេងកាតដែលមាននៅប្រទេសផ្សេងៗមួយចំនួន ដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុរបស់ខ្លួន ប៉ុន្តែវិបត្តិកាន់តែធ្ងន់ឡើង រហូតដល់អំឡុងឆ្នាំ ២០១៩ ដោយប្រឈម និងការតឹងទាបំណុលពីម្ចាស់បំណុល ក្រុមហ៊ុនក៏បានដាក់បណ្តឹងសុំការការពារពីតុលាការនៅសិង្ហបុរី ដើម្បីបញ្ជៀសការប្រកាសក្ស័យធន និងរំលាយក្រុមហ៊ុន លើកដំបូងនៅដើមឆ្នាំ ២០១៩។

ក្រោយទទួល បានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ចំពោះការបន្តដំណើរការអភិវឌ្ឍន៍សាងសង់អណ្តូងប្រេង និងសំណើរកែប្រែផែនការអណ្តូងប្រេងមកកម្រិតខ្នាតតូចវិញ (បន្ថយពី២០អណ្តូងមកធ្វើតែ ៥អណ្តូងវិញ) ដើម្បីសាកល្បងជាបឋមមួយជំហានសិន ហើយស្របតាមស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនផង និងស្ថានភាពនៃកូវីឌ១៩ផង ក្រុមហ៊ុនក៏បានយកការរំពឹងទុករបស់ខ្លួនលើផលរបស់គម្រោងផលិតកម្មប្រេងនៅប្លុក A របស់កម្ពុជា ទៅធ្វើជាអំណៈអំណាងពីលទ្ធភាពអាចកែវិបត្តិហិរញ្ញវត្ថុរបស់ខ្លួនឡើងវិញ និងបង្កើតជំនឿចិត្តដល់ម្ចាស់បំណុលធំៗ ដើម្បីឲ្យផ្តល់ឱកាសបន្ថែមក្នុងការពិនិត្យលទ្ធភាពប្រែក្លាយបំណុលឲ្យទៅជាការដាក់ទុនចូលក្នុងភាគហ៊ុនរបស់ក្រុមហ៊ុនវិញ។

លោកបានបន្តទៀតថា ផ្អែកលើអំណៈអំណាងខាងលើ ក្រុមហ៊ុន KrisEnergy ត្រូវបានតុលា ការសម្រេចផ្តល់ការការពារពីការប្រកាសក្ស័យធនភ្លាមៗ ហើយមានលទ្ធភាពរកហិរញ្ញប្បទានបន្ថែមខ្លះៗ មកអភិវឌ្ឍន៍អណ្តូងប្រេងសាកល្បងដំបូងរបស់កម្ពុជា ដើម្បីបញ្ជាក់ដល់ម្ចាស់បំណុលពីលទ្ធភាពស្តារឡើងវិញនូវស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និងលទ្ធភាពដែលម្ចាស់បំណុលអាចនឹងបង្វែរប្រាក់បំណុលទាំងឡាយ ឲ្យមកជាការដាក់ទុនចូលភាគហ៊ុនក្នុងក្រុមហ៊ុនវិញ។

ក្រោយការផលិតចេញបានដំណក់ប្រេងដំបូងរបស់កម្ពុជា ដោយជោគជ័យ នៅចុងឆ្នាំ ២០២០ លទ្ធផលនៃកម្រិតបរិមាណផលិតកម្មប្រេងពីអណ្តូងប្រេងសាកល្បងនេះ មិនមានកម្រិតដូចអ្វីដែលក្រុមហ៊ុន KrisEnergy បានរំពឹងទុកថា អាចយកជាមូលដ្ឋានស្តារឡើងវិញនូវស្ថានភាពហិរញ្ញវត្ថុដែលខាតពីមុនមក និងផ្តល់ជំនឿដល់ម្ចាស់បំណុលថា អាចប្រែក្លាយបំណុលឲ្យទៅជាការចូលភាគហ៊ុនបាន។ ដូច្នេះ កត្តានេះបានបង្ខំឲ្យក្រុមហ៊ុន អស់ជម្រើស ហើយត្រូវដាក់ពាក្យស្នើសុំតុលាការដើម្បីប្រកាសលក់ទ្រព្យសម្បត្តិក្រុមហ៊ុនដែលមានទាំងអស់ យកមកចាត់ចែងសងបំណុល។

ក្រោយការដាក់ពាក្យស្នើសុំតុលាការរំលាយក្រុមហ៊ុន និងចាត់ចែងលក់ទ្រព្យសម្បត្តិដើម្បីសងបំណុល ប្រសិនបើគ្មានការប្រែប្រួលណាមួយទេនោះ តុលាការនឹងសម្រេចតែងតាំងភ្នាក់ងារវាយតម្លៃ ព្រមទាំងចាត់ចែងការលក់ទ្រព្យសម្បត្តិក្រុមហ៊ុននេះ សងម្ចាស់បំណុលនានា ដែលក្រុមហ៊ុនមានកន្លងមក ដើម្បីជំរៈបិទបំណុលទាំងអស់នោះ។

ក្រោយការអនុវត្តនិតិវិធីតុលាការនេះរួចហើយ ក្រុមហ៊ុន KrisEnergy នឹងត្រូវរំលាយ ហើយម្ចាស់បំណុលនឹងទទួលបានសិទ្ធចាត់ចែងលើទ្រព្យរបស់ក្រុមហ៊ុន KrisEnergy ដែលមានទាំងអស់ រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy Cambodia និងសិទ្ធសម្បទានប្រេងកាតនៅប្លុក A នៅកម្ពុជា។ នៅពេលនោះ ម្ចាស់បំណុលអាចចាត់ចែងបន្ត ឬ រកដៃគូរមកចាត់ចែងបន្តលើទ្រព្យទាំងនោះ ផ្អែកលើកិច្ចព្រមព្រៀងប្រេងកាត និងច្បាប់របស់កម្ពុជា ចំពោះករណីប្លុកប្រេងកាតនៅកម្ពុជា។

ជាបន្ត ម្ចាស់បំណុលដែលទទួលបានសិទ្ធចាត់ចែងលើក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy Cambodia នឹងត្រូវមកពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីរកការឯកភាពគ្នាមួយក្នុងការបន្តអនុវត្តគម្រោងកិច្ចព្រមព្រៀងប្រេងកាតនៅប្លុក A នេះ យ៉ាងណាទៅមុខទៀត។

នៅក្នុងដំណាក់កាលរង់ចាំការចាត់ចែងរបស់តុលាការ និងការចរចាររវាងភាគីម្ចាស់បំណុលដែលទទួលបានសិទ្ធបន្ត ជាមួយរដ្ឋាភិបាលកម្ពុជា ប្រតិបត្តិការប្រេងកាតនៅប្លុក A នៅកម្ពុជា នឹងត្រូវជួបបញ្ហាប្រឈម ដោយសារក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy Cambodia បានបាត់បង់ការផ្តល់ទុនហិរញ្ញវត្ថុសម្រាប់ប្រតិបត្តិការរបស់ខ្លួន។ ប្រតិបត្តិការប្រេងកាតធំៗ និងគម្រោងអភិវឌ្ឍជាជំហានបន្ត ដែលបានគ្រោងទុក នឹងត្រូវផ្អាកជាបណ្តោះអាសន្ន រង់ចាំដំណោះស្រាយឯកភាពគ្នាណាមួយរវាងរដ្ឋាភិបាលនិងម្ចាស់បំណុលដែលទទួលបានសិទ្ធបន្តពីតុលាការ៕

Advertisement
Advertisement