Connect with us

Hi, what are you looking for?

ក្នុងស្រុក

វត្ថុបុរាណខ្មែរ​ចំនួន ២៧ ដែលរឹបអូសបាន​នៅអាមេរិក នឹង​ត្រឡប់​មក​កម្ពុជាវិញ​ឆាប់ៗនេះ

វត្ថុបុរាណខ្មែរ​ចំនួន ២៧រូប ដែល​សមត្ថកិច្ច​អាមេរិក​រឹបអូស​បាន​ពី​បទ​កាន់កាប់វត្ថុបុរាណ​ខុសច្បាប់​នៅទីក្រុង​ញូវយ៉ក គ្រោង​នឹង​បញ្ជូន​មក​កាន់ប្រទេស​កម្ពុជាវិញ​ឆាប់ៗនេះ ក្រោយ​ពី​លោក ជុំ សុន្ទរី ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​សហរដ្ឋអាមេរិក និង​លោក Cyrus vance Jr. រដ្ឋអាជ្ញា​នៃ​ការិយាល័យ​រដ្ឋអាជ្ញា​ប្រចាំ​សង្កាត់​ញូវយ៉ក បាន​ចុះហត្ថលេខា​លើកិច្ច​ព្រមព្រៀងផ្ទេរសិទ្ធ កាលពីថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ​២០២១។​

​លោក ជុំ សុន្ទរី បាន​ថ្លែងថា ​ការបញ្ជូន​ត្រឡប់មកវិញ​នៃ​វត្ថុ​បុរាណ​ទាំងនេះ​បានបង្ហាញ​ឲ្យ​ឃើញ​ជាថ្មី​នូវ​លទ្ធផល​ផ្លែផ្កា​នៃ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ចុះ​ហត្ថ លេខា​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​និង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដែល​បាន​បើក​ឡើង​នូវ​ទំព័រ​ថ្មី​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ដ៏​ល្អប្រសើរ​លើ​ការអភិរក្ស​វប្បធម៌​រវាង ប្រទេស​ទាំងពីរ​។​លោក​សង្ឃឹមថា​សហរដ្ឋ​អាមេរិក​នឹង​បន្ត​ភាពជា​ដៃគូ​ជាមួយ​ប្រទេស​កម្ពុជា​ដើម្បី​យើង​អាច​បញ្ឈប់​ការជួញដូរ​សម្បត្តិ​វប្បធម៌​ខ្មែរ​ខុសច្បាប់​និង​បញ្ជូន បេតិកភណ្ឌ​វប្បធម៌​របស់​ខ្មែរ​ត្រឡប់​ទៅ​កម្ពុជា​វិញ​។​

ជាមួយ​គ្នា​នេះ ​លោក​ឯកអគ្គរាជទូតក៏​​បាន​អំពាវនាវ​និង​លើកទឹកចិត្ត​ដល់​អ្នក​និយម​សន្សំ​វត្ថុ​បុរាណ​ខ្មែរ​ទាំងអស់​ឱ្យ​ពិនិត្យ​ដោយ​យកចិត្តទុកដាក់​នូ​វប្រ​ភព​ដើម​នៃ​វត្ថុ​បុរាណ​របស់ខ្លួន និង​សូម​ទទួល​ដឹងថា​ សម្បត្តិ​វប្បធម៌​ខ្មែរ​ភាគច្រើន​ដែល​នៅក្រៅ​ប្រទេស​ត្រូវបាន​យកចេញ​និង​ជួញដូរ​ដោយ​ខុសច្បាប់​ហើយ​គួរតែ​ត្រូវបាន​ប្រគល់​ត្រឡប់មក​កម្ពុជាវិញ​។​

​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រី​វប្បធម៌​និង​វិចិត្រសិល្បៈ​ បាន​ថ្លែង​ទៅកាន់​ពិធី​ចុះហត្ថលេខា​នោះ​តាម​រយៈ​ប្រព័ន្ធវីដេអូ ដោយ​បាន​សម្តែង​អំណរគុណ និង វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ​និង​ការខិតខំ​ប្រឹងប្រែង​ពី​សំណាក់​ការិយាល័យ​រដ្ឋអាជ្ញា​សហរដ្ឋអាមេរិក​ប្រចាំ​សង្កាត់​ញូវយ៉ក ក្រសួង​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក​ស្ថានទូត​សហរដ្ឋ​អាមេ​រិ​ក​ប្រចាំ​កម្ពុជា និង​ស្ថានទូត​​កម្ពុជា​ប្រចាំ​សហរដ្ឋអាមេរិក​ព្រមទាំង​ក្រុមការងារ​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​កម្ពុជា​ក្នុងការ​បញ្ជូន​សម្បត្តិ​វប្បធម៌​ទាំងនេះ ត្រឡប់មក​មាតុភូមិ​កម្ពុជា​វិញ​។​

សូម​បញ្ជាក់ថា ​ក្នុងចំណោម​វត្ថុ​បុរាណ​ទាំង​ចំនួន​២៧ ដែល​ត្រូវបាន​រកឃើញ​មកវិញ​ដោយ​ការិយាល័យ​រដ្ឋអាជ្ញា​និង​ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក​រួមមាន ​រូប​ប​ដិ​មា​ផ្នែក​ពុទ្ធ​សាសនា ​និង​ព្រហ្មញ្ញសាសនា​សម័យអង្គរ​សំខាន់ៗ​មួយចំនួន​ដូចជា​៖​ ព្រះពុទ្ធ​គង់​សមាធិ​លើ​នាគ​ធ្វើ​ពី​សំរឹទ្ធ រូប​ព្រះ​ឥសូរ​និង​ព្រះ​នាង​ប្រាជ្ញា​បារ​មិ​តា​ធ្វើ​ពី​ថ្មភក់​ជាដើម៕

Advertisement
Advertisement