Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលរដ្ឋ​ស្នើ​ឲ្យ​មានវិធានការ​ច្បាប់​ចំពោះ​មេ​សហគមន៍នេសាទ​កំពង់រាប ដែល​មានតួនាទីជាអ្នក​អភិរក្ស បែរជាទៅព័ទ្ធចាប់ត្រី​ក្នុង​អន្លង់អភិរក្ស

(តាកែវ) – ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​កំពង់ព្រះ ឃុំកំពង់រាប ស្រុកព្រៃកប្បាស នៅថ្ងៃនេះ បាន​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ សូម​មេត្តា​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរឹងចំពោះប្រធានសហគមន៍នេសាទ​កំពង់រាប និង​បក្ខពួក ដែលខ្លួន​មាន​តួនាទីជា​អ្នក​អភិរក្ស​ពូជត្រី តែបែរជា​​នាំគ្នា​យកអួន​ព័ទ្ធចាប់​ត្រីក្នុងអន្លង់​អភិរក្ស​ទាំងនោះទៅវិញ។

ពួកគាត់ថា ក្រុមជនល្មើសដែលជា​មេ​សហគមន៍​នេសាទ និង​ឆ្មាំរបស់ខ្លួន​សរុប​ចំនួន១១នាក់ ពេលនេះកំពុង​តែ​ស្ថិត​នៅ​ក្រៅសំណាញ់ច្បាប់​នៅ​ឡើយ ដោយ​គេពុំ​ឃើញស្ថាប័នពាក់ព័ន្ធដូចជា​ជលផល ឬ​តុលាការ មាន​ចំណាត់​ការ​យ៉ាងណា​ចំពោះពួកគេ ខណៈ​ដែល​ប្រជាពលរដ្ឋ​ចាប់បានបទល្មើស​របស់ពួកគេ​នៅ​ហ្នឹង​មុខ​ទៅហើយនោះ។

ក្រុម​ប្រជាពលរដ្ឋ​បាន​ប្រដូចប្រធានសហគមន៍នេសាទកំពង់រាប និង​ឆ្មាំ​ទាំង​នោះ ដូចទៅហ្នឹងកណ្តុរ​ដែល​នៅ​ក្នុងហិប សង្ងំកាត់បំផ្លាញ​ទ្រព្យ​សម្បត្តិដូច្នោះដែរ ហើយ​ពេលនេះ​ប្រជាពលរដ្ឋ​ចាប់បាន​កណ្តុរ​នោះទៅហើយ តើ​គួរត្រូវ​ទុក​ឲ្យ​នៅកាត់​បំផ្លាញទ្រព្យ​សម្បត្តិក្នុងហិបនោះទៀត ឬធ្វើយ៉ាងណា?

សូម​បញ្ជាក់ថា កាលពីពេលថ្មីៗនេះ នៅ​ចំណុច​បឹងអភិរក្ស​ត្រីពូជ​អន្លង់ចិន ស្ថិត​ក្នុង​ឃុំកំពង់រាប ស្រុកព្រៃកប្បាស គេបានឃើញក្រុមឆ្មាំអភិរក្ស​ដែលមានគ្នា​សរុប​ប្រមាណជា ១០នាក់ បាននាំគ្នា​យក​អួន​ទៅធ្វើការ​ហ៊ុំព័ទ្ធចាប់ត្រី នៅក្នុង​អន្លង់អភិរក្ស ដែលពេលនោះ​ផ្តើម​ឲ្យ​ប្រជាពលរដ្ឋរាប់សិប​នាក់លើក​គ្នា​មក​ធ្វើការ​តវ៉ា។

ភ្លាមៗនោះដែរ គេឃើញ​អាជ្ញាធរស្រុកព្រៃកប្បាស ដឹកនាំដោយ​លោក កង វន្ថា អភិបាលរងស្រុកបាននាំកម្លាំងចុះទៅដល់ទីតាំង ហើយ​បានដកហូតយកសម្ភារៈល្មើស និង​រកឃើញ​​អ្នក​ប្រព្រឹត្ត​សរុប​ចំនួន១១នាក់ ក្នុងនោះ​មាន​ទាំងអនុប្រធាន និង​ប្រធាន​សហគមន៍នេសាទ​កំពង់រាប ផងដែរ។

ក្នុងកំណត់ហេតុសាកសួរ លោក រស់ ប៉ុន អនុប្រធានសហគមន៍នេសាទកំពង់រាបបានថ្លែងថា លោកធ្វើតាមតែការបញ្ជាពីលោក អុិន ជឿន ជាប្រធានសហគមន៍ប៉ុណ្ណោះ ដោយ​ថា លោក អុិន ជឿន ជាអ្នកបញ្ជាឲ្យ​លោកទៅជួលស្បៃអ៊ួនដើម្បីយកទៅហ៊ំពន្ធ័ចាប់ត្រីក្នុងអន្លង់ តែម្ចាស់អ៊ួនគេមិនព្រមជួលឲ្យ​ទេ ទាល់តែប្រធានសហគមន៍ទៅជួលទើបគេព្រមជួលឲ្យ ព្រោះគេខ្លាចខុសច្បាប់ ហើយ​ក្រោយមកលោក អុិន ជឿន ក៏ទៅ​ជួលអ៊ួនដោយខ្លួនឯង និងបានឲ្យយកទៅក្រុមឆ្មាំប្រព្រឹត្តរាយព័ទ្ធចាប់ត្រីតែម្តង។

ជុំវិញករណីក្រុមឆ្មាំអភិរក្ស​ពូជត្រី ហាមគេមិនឲ្យ​ចាប់ត្រី រួច​ចាប់ខ្លួនឯងនេះ យើង​មិន​អាច​សុំការបំភ្លឺពីលោក អុិន ជឿន ប្រធានសហគមន៍នេសាទកំពង់រាបបានទេនៅថ្ងៃនេះ។

យ៉ាងណាក៏ដោយ ក្រោយ​សាកសួរ និង​រៀបចំសំណុំរឿងរួចនៅថ្ងៃនោះ អាជ្ញាធ​រស្រុកព្រៃកប្បាស​បាន​បញ្ជូនសំណុំរឿងនេះ ទៅ​ឲ្យ​ខាងមន្រ្តីជលផលចាត់ការ​បន្ត ហើយ​លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវបានថ្លែងថា ជំនាញរបស់លោកបានទទួលកំណត់ហេតុ និងវត្ថុតាងពីអាជ្ញាធរស្រុករួចហើយដែរ។

តែរហូត​មក​ទល់ពេលនេះ គេ​ពុំឃើញ​មានការ​ចាត់វិធានការច្បាប់​អ្វី​ចំពោះ​ក្រុមអ្នក​អភិរក្សត្រី រួចចាប់ត្រីខ្លួនឯងទាំងនោះទេ៕

Advertisement
Advertisement