Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពាក់ព័ន្ធកំពង់ផែរាម អាមេរិកថា កម្ពុជាមិនឲ្យពិនិត្យគ្រប់កន្លែង

ភ្លាមៗបន្ទាប់ពីទទួលបានការអនុញ្ញាតពីក្រសួងការពារជាតិ កាលពីថ្ងៃទី១១មិថុនា អនុព័ន្ធយោធាអាមេរិក បានចុះទៅកាន់មូលដ្ឋានទ័ពជើងទឹករាម , ប៉ុន្តែជាលទ្ធផលថា មន្រ្តីយោធាកម្ពុជាមិនបានអនុញ្ញាតឲ្យមើលគ្រប់កន្លែង នោះទេ។

ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ បានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា លោក Marcus M. Ferrara ដោយឆ្លងតាមការសម្របសម្រួលជាមួយអាជ្ញាធរកម្ពុជា បានធ្វើដំណើរទៅរាម នៅថ្ងៃសុក្រ ទី ១១ ខែមិថុនា។

នៅក្នុងពេលទស្សនកិច្ចដ៏ខ្លីនោះ មន្រ្តីយោធាកម្ពុជាមិនបានអនុញ្ញាតឲ្យលោកអនុព័ន្ធយោធាទៅមើលគ្រប់កន្លែង នៅក្នុងមូលដ្ឋានកងទ័ពជើងទឹកនោះទេ។

នៅពេលដឹងច្បាស់ថា លោកមិនត្រូវបានអនុញ្ញាតឲ្យចូលមើលបានអស់ លោកវរសេនីយឯក Ferrara បានបញ្ចប់ការដើរមើល ហើយបានស្នើសុំឲ្យមន្រ្តីយោធាកម្ពុជាកំណត់ពេលទស្សនកិច្ចឡើងវិញ ដោយអនុញ្ញាតឲ្យមានការដើរមើលគ្រប់កន្លែង នៅក្នុងពេលខាងមុខឲ្យបានឆាប់បំផុត។

បើតាមទូតអាមេរិកថា ទស្សនកិច្ចជាធម្មតា និងញឹកញាប់ របស់អនុព័ន្ធយោធាសហរដ្ឋអាមេរិក និងអនុព័ន្ធយោធាបរទេសដទៃទៀត នៅមូលដ្ឋានកងទ័ពជើងទឹករាម អាចជាជំហានមួយយ៉ាងសំខាន់ ឆ្ពោះទៅរកតម្លាភាព និងការទុកចិត្តគ្នាទៅវិញទៅមកបានច្រើន។

យ៉ាងណាក៏ដោយពាក់ព័ន្ធករណីនេះ លោក ណឹម សុវត្ថិ ទី អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ បានថ្លែងប្រាប់បណ្ដាញផ្សព្វផ្សាយថា៖ « គេធ្វើឆោត ដើម្បីផលប្រយោជន៍ណាមួយ គេមិនមែនមិនដឹងថា ប្រទេសយើងមានអធិបតេយ្យភាព មានច្បាប់ទម្លាប់ មានផ្នែកយោធាដែលត្រូវលាក់ការណ៍នោះទេ ប៉ុន្តែគោលដៅរបស់គេប្រហែលជាដឹងគ្រប់គ្នាហើយ ដូចអ្វីដែលសម្តេចពិជ័យសេនា លើកឡើងគឺ “ភូមិសាស្រ្តនយោបាយ” និងអ្វីដែលជាតម្រូវការ និងផលប្រយោជន៍របស់គេ »។

សូមបញ្ជាក់ថា ការអនុញ្ញាតឲ្យនុព័ន្ធយោធាអាមេរិកចុះត្រួតពិនិត្យមូលដ្ឋានទ័ពជើងទឹករាមនេះបានធ្វើឡើងបន្ទាប់ពីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក គឺលោកស្រី Wendy Sherman ក្នុងជំនួបខ្លីជាមួយសម្ដេច ហ៊ុន សែន កាលពីថ្ងៃទី០១ មិថុនា បានទទូចឲ្យកម្ពុជាបើកទ្វារមូលដ្ឋានទ័ពជើងទឹកនេះឲ្យអនុព័ន្ធយោធាអាមេរិកត្រួតពិនិត្យ ដើម្បីឲ្យអស់មន្ទិលថា វាត្រូវបានប្រើប្រាស់ដោយកងទ័ពចិន ៕

Advertisement
Advertisement