Connect with us

Hi, what are you looking for?

ក្នុងស្រុក

ករណីចៅអធិការវត្ត​ត្រពាំងបឹងកាត់ឃ្វៀលដីវត្តឲ្យ​បុគ្គលឯកជន ខាងធម្មការនឹងចុះទៅពិនិត្យ​នៅថ្ងៃនេះ

លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានថ្លែង​ឲ្យដឹងថា នៅ​ថ្ងៃពុធនេះ អាជ្ញាធរឃុំរវៀង និង​​ខាងធម្មការ នឹង​ចុះ​ទៅ​ធ្វើការ​ពិនិត្យមើល​ករណីចៅអធិការវត្តត្រពាំងបឹង ដែល​កាត់ឃ្វៀល​ដីវត្តឲ្យ​បុគ្គល​ឯកជននោះហើយ។

លោកថ្លែងថា ករណីនេះលោក​ក៏​មាន​ការ​ហួសចិត្ត​ដែរ ហើយ​ជា​ចំណាត់ការ លោក​នឹង​ឲ្យ​អាជ្ញាធរ​ឃុំ ក៏​ដូចជា​ខាងធម្មការ​ចុះទៅពិនិត្យ​មើល មុននឹងសុរិយោដី​ចុះ​ទៅពិនិត្យ​មើល​បន្ថែមទៀត​នៅពេលបន្ទាប់។

សូម​បញ្ជាក់ថា ដីមួយផ្នែក នៃវត្តត្រពាំងបឹង ស្ថិត​នៅក្នុងឃុំ​រវៀង ស្រុកសំរោង ដែល​មានទទឹង៦ម៉ែត្រ និងបណ្ដោយ៩០ម៉ែត្រ ត្រូវគេរាយការណ៍ថា ត្រូវបានព្រះចៅអធិការវត្តត្រពាំងបឹងព្រះនាម ប៊ុន ថៃ កាត់ឃ្វៀលដីនោះដូរទៅ​ឲ្យ​បុគ្គលម្នាក់ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដោយមិនមានការឯកភាពពីពុទ្ធបរិស័ទ្ធ​ចំណុះជើងវត្តឡើយ។

តែព្រះតេជគុណ ប៊ុន ថៃ ចៅអធិការវត្តត្រពាំងបឹង បានមានសង្ឃដីកាថា ការដោះដូរដីវត្តនោះ គឺមានការឯកភាពពីក្រុមគណៈកម្មការវត្ត និងលោកមេភូមិផងដែរ, ហើយ​ពេលនេះ ព្រះអង្គ​កំពុងរកមុខអ្នកទម្លាយព័ត៏មាននេះមកសួរនាំ។

ចំណែក លោក កឹម ពន្លក មេឃុំរវៀងបានថ្លែងថា ករណីដោះដូរដីវត្តត្រពាំងបឹងនេះ លោកមិនបានដឹងឡើយ ហើយថា លោកនឹង​រៀបចំក្រុមការងារចុះទៅស្រាវជ្រាវ បើរកឃើញថា ព្រះចៅអធិការវត្តអង្គរនេះហ៊ានដូរដីវត្តមែនគឺមានតែសូមឲ្យ​ព្រះអង្គរទទួលទោសតាមផ្លូវច្បាប់ជាមួយនិងបុគ្គលឯកជននោះចុះ។

យោង​តាម​ច្បាប់​ភូមិ​បាល ត្រង់​មាត្រា២០ និង​មាត្រា២១ បានចែងថា អចលនវត្ថុជាដី និងសំណង់ដែលមាននៅក្នុងឬក្រៅបរិវេនវត្តអារ៉ាម នៃព្រះពុទ្ធសាសនា ជាបេតិគភ័ណ្ឌប្រើប្រាស់ជានិច្ចកាលសំរាប់ព្រះពុទ្ធសាសនា និងដាក់ឲ្យ​ពុទ្ធសាសនិកប្រើប្រាស់ក្រោមការថែទាំរបស់គណៈកម្មាធិការវត្ត។ ហើយ អចលនវត្ថុរបស់វត្តមិនអាចលក់ដូរឬធ្វើអំណោយហើយគ្មានកំណត់អាជ្ញាយុកាលឡើយ៕

Advertisement
Advertisement