Connect with us

Hi, what are you looking for?

ក្នុងស្រុក

គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ណែនាំវិធានការការពារមេរោគកូវីដបំប្លែងខ្លួនថ្មី ប្រភេទ Delta កុំឲ្យធ្លាយចូលសហគមន៍

ដោយ​យោងលើភាពចាំបាច់ជាបន្ទាន់ ក្នុងការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យនៃការឆ្លងរាលដាលនៃមេរោគកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទ Delta ចូលក្នុងសហគមន៍ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ កាលពី​ល្ងាចមិញនេះ បាន​សម្រេច​ដាក់ចេញនូវ​វិធានការ​ចំនួន៩ សម្រាប់អាជ្ញាធរ​អនុវត្ត។

ក្នុងនោះ​រួម​មាន ៖

១. ត្រូវ​រៀបចំ​បន្ទាន់​នូវ​មណ្ឌល​ចត្តាឡីស័ក​បន្ថែម​នៅ​តាម​មាត់ច្រកព្រំដែន​កម្ពុជា-ថៃ ជាពិសេស​សម្រាប់​ខេត្ត​ដែល​ពុំ​ទាន់​មាន​កន្លែងធ្វើចត្តាឡីស័ក​គ្រប់គ្រាន់ ដោយ​រៀបចំបែងចែក​ឲ្យ​ដាច់ពីគ្នា​រវាង​អ្នក​ធ្វើ​ចត្តាឡីស័កដែលជាអ្នក​ដំណើរ​មក​ពី​ប្រទេសថៃ និង​អ្នក​ធ្វើច​ត្តាឡីស័ក​ដែលជា​អ្នកពាក់ព័ន្ធនឹង​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ ដើម្បីបង្ការ​ការ​ចម្លង​ជាយថាហេតុ នៃមេរោគ​បំប្លែង​ខ្លួនថ្មីនេះ​នៅ​ក្នុង​មណ្ឌលចត្តាឡី័សក។

២. ផ្គត់ផ្គង់បន្ថែមនូវ​សម្ភារបរិក្ខា​ពេទ្យ​ចាំបាច់​នានា ព្រមទាំង​ឱសថព្យាបាល​ដល់បណ្តា​ខេត្ត​ជាប់ព្រំដែន ដោយ​ផ្អែក​លើសភាពការណ៍ និង​តម្រូវ​ការ​ជាក់ស្តែង​ចំពោះមុខ។

៣. រៀបចំ​ឲ្យ​មាន​ «មណ្ឌលសង្គ្រោះបន្ទាន់កម្រិតតំបន់» តាមរយៈ​ការ​បង្កើន​សមត្ថភាព​មន្ទីរពេទ្យ​បង្អែក​ថ្នាក់ខេត្ត​ដែលមានហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ ដោយផ្តើម​អនុវត្ត​ជា​អាទិភាព​សម្រាប់​តំបន់ជាប់ព្រំដែន​កម្ពុជា-ថៃ។

៤. បង្កើន​កិច្ច​សហការជាមួយ​ខេត្តរបស់ប្រទេសថៃជាប់ព្រំដែន ពង្រឹង​ការ​គ្រប់គ្រង​លំហូរចូល នៃប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ​ដែលវិល​ត្រឡប់​ពីប្រទេស​ថៃ ចូល​កម្ពុជាវិញ ចៀសវាង​ការ​លួច​ឆ្លង​ដែនដោយខុសច្បាប់

៥. គណៈកម្មការ​ប្រយុទ្ធនឹង​ជំងឺកូវីដ១៩ថ្នាក់រាជធានីខេត្ត ត្រូវ​ចាត់វិធានការ​មុតស្រួចបន្ថែមទៀត ទាំងវិធានការផ្នែករដ្ឋបាល និងច្បាប់ បន្ថែមលើ​ការ​អប់រំ និង​ការ​អំពាវនាវ​នាពេលកន្លងមក។

៦. ប្រគល់ភារកិច្ចឲ្យ​គណៈកម្មការ​ប្រយុទ្ធនឹង​ជំងឺកូវីដ១៩ថ្នាក់ខេត្ត ទិញដោយផ្ទាល់​នូវ​សម្ភារឃីត និង​ទឹកបរិសុទ្ធ នៅ​ក្នុង​ភូមិ​សាស្រ្ត​របស់ខ្លួន ដោយ​មិន​បាច់​ដឹកចេញពីរាជធានីភ្នំពេញ។

៧. ប្រគល់ភារកិច្ច​ជូន​អនុគណៈកម្មការផ្គត់ផ្គង់ និង​ហិរញ្ញវត្ថុ ដឹកនាំ​រៀបចំ​ផ្គត់ផ្គង់ហិរញ្ញវត្ថុ​សម្រាប់រយៈពេល៦ខែ ដោយសហការ និង​ពិគ្រោះយោបល់​ឲ្យ​បានគ្រប់ជ្រុងជ្រោយ​ជាមួយ​អនុគណៈកម្មការ​នានា​ដែលពាក់ព័ន្ធ។

៨. ត្រូវ​ធ្វើតេស្តរហ័សប្រចាំខែ​ទៅលើ​កម្លាំង​នៅ​តាម​បណ្តា​គោលដៅឈរជើង​នៅ​មាត់​ច្រកព្រំដែន។

៩. ត្រូវ​ធ្វើតេស្ត​រហ័ស​ទៅលើអ្នក​ដឹកជញ្ជូន​ទំនិញ​ដែល​ត្រូវ​ឆ្លង​កាត់​ព្រំដែនជា​រៀងរាល់ថ្ងៃ ដោយ​ត្រូវ​អនុវត្ត​ការធ្វើតេស្ត​រហ័សនេះ រៀងរាល់ ៧២ម៉ោងម្តង៕

Advertisement
Advertisement