Connect with us

Hi, what are you looking for?

ក្នុងស្រុក

ករណីចាក់ដីលុបប្រឡាយរដ្ឋនៅស្រុកអង្គរបូរី រកឃើញ​អ្នក​នៅពីក្រោយខ្នងហើយ គឺជា​មន្រ្តីគយម្នាក់

តាកែវ — ករណីក្រុមគ្រឿងចក្រ​ចាក់ដីលុបប្រឡាយរបស់រដ្ឋ នៅ​ចំណុច​ទំនប់​កៅសិប ស្ថិត​ក្នុង​ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី កាលពីថ្ងៃម្សិលមិញនោះ ឥឡូវ​នេះ ក្រុមគ្រឿងចក្រនោះ​បាន​បង្ហើប​ឲ្យដឹងពីអ្នកបញ្ជា​ខ្លួនហើយ គឺជា​មន្រ្តីគយ​ម្នាក់។

ម្ចាស់គ្រឿងចក្រដែលបញ្ជាក់ថា ឈ្មោះ កុង ឈាវ បានថ្លែងថា លោកត្រូវបានមន្ត្រីគយម្នាក់ឈ្មោះ ថៃ បង្ខំឲ្យ​គាត់ដឹកដីចាក់លុបប្រឡាយរដ្ឋនោះ​ដើម្បីសាងសង់ តែគាត់មិនដឹងថាគេ​សង់អីទេ។ លោក កុង ឈាវ បន្តថា បើគាត់មិនព្រមចាក់ដីតាម​បញ្ជាគេទេ មន្រ្តីគយម្នាក់នោះនឹងចុះ​ត្រួតពិនិត្យគូទឡានដឹកដីរបស់គាត់។

លោកថា ឡានបែនរបស់គាត់គាត់គ្មានស្លាកលេខទេ ដូច្នេះបើ​គយចុះពិនិត្យ គឺស្មើនឹងឡានគ្មានពន្ធ ហើយគេ​នឹង​ចាប់​យកទៅទទេរៗជាមិនខាន។

ពាក់ពន្ធ័ករណីខាងលើនេះ យើងមិនអាចទាក់ទងមន្រ្តីគយ ដែលឈ្មោះថៃ នោះបានទេនៅថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ។

បើតាម​ប្រជាពលរដ្ឋនិយាយថា ចំណុចប្រឡាយទឹកនោះ កន្លងមក​មានប្រជាពលរដ្ឋ​ក្រីក្របានមកសង់សំណង់ជា​ខ្ទម ជា​តូបជា​ដើម ប៉ុន្តែក្រោយមក ក៏​ត្រូវ​លោក រស់ រ័ត្ន អភិបាលរង​ស្រុកអង្គរបូរី ដឹកនាំកម្លាំង​ចុះ​ទៅ​ដេញ ដោយ​ថា ទីនោះគឺជា​ដីសម្បត្តិរដ្ឋ។ លុះពេលឃើញ​ក្រុមគ្រឿងចក្រ​ដឹកដីមកចាក់លុបប្រឡាយបែបនេះ ធ្វើ​ឲ្យ​ពួកគាត់​ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះតែអាជ្ញាធរ​ដេញប្រជាពលរដ្ឋ​ក្រីក្រចេញ ហើយ​ទុក​ឲ្យ​មាន​លុយ​ចាក់ដីយកវិញម្តង។

តែយ៉ាងណា កាលពីថ្ងៃម្សិលមិញ ខណៈ​ដែល​ក្រុម​គ្រឿងចក្រ​កំពុង​ចាក់ដីលុបប្រឡាយ គេ​ក៏​ឃើញ​កម្លាំង​ដែល​បញ្ជា​ផ្ទាល់​ដោយ​លោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបូរី ចុះ​មក​ដេញគ្រឿងចក្រទាំងនោះ ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​សង្ឃឹម​ឡើងវិញថា ទ្រព្យ​សម្បត្តិរដ្ឋអាចរក្សា​បានវិញហើយ តែមិនដឹងថា ទៅថ្ងៃមុខទៀតយ៉ាងម៉េចទេ ព្រោះតាមដឹង មន្រ្តីគយនោះគេមានខ្នងបង្អែក​គ្រាន់បើរដែរ។

យ៉ាងណាក៏ដោយ លោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបុរីបានថ្លែងថា លោកនឹងឲ្យ​កងវិស្វកម្មកាយដីនេះចេញវិញ ព្រមទាំង​ដាក់មន្រ្តី​ឲ្យ​ឃ្លាំមើល​មិន​ឲ្យ​មានការចាក់ដីលុបប្រឡាយនោះទៀតទេ។

បើ​យោងតាមមាត្រា២៥៩ច្បាប់ភូមិបាលបានចែងថា អ្នករំលោភយកដីសាធារណៈរបស់រដ្ឋ នឹង​ត្រូវពិន័យពី៥លាន ដល់៥០លៀន និងអាចជាប់ពន្ធនាគាពី១ឆ្នាំដល់៥ឆ្នាំ៕

Advertisement
Advertisement