Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឯកឧត្តម គួច ចំរើន អញ្ជើញចុះត្រួតពិនិត្យមើលលោកគ្រូ អ្នកគ្រូ នៅសាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ បង្រៀនតាមប្រព័ន្ធ Online

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យមើលការបង្រៀនសិស្ស និងធ្វើតេស្តប្រលង តាមប្រព័ន្ធ Online របស់លោកគ្រូ អ្នកគ្រូ នៅសាលាវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​។

លោក ងៀម​ ស៉ីដារ៉ា​ នាយកវិទ្យាល័យ ហ៊ុន​ សែន​ វាលរេញ​ បានឱ្យដឹងថា ទោះជាសាលាបានផ្អាកការសិក្សាក្តី ប៉ុន្តែការបង្រៀនសិស្សគឺនៅបន្តដដែល ដោយបង្រៀនតាមប្រព័ន្ធពីចម្ងាយ(online) មានដូចជា៖ Google Meet, Telegram, Facbook, E-school Google, classroom និងការប្រឡងតេស្តតាមរយៈ Google Form ។

ហើយក្រៅពីការបង្រៀនតាមonline សាលាក៏មានការប្រើប្រាស់សន្លឹកកិច្ចការតាមបែបប្រពៃណី គឺសម្រាប់សិស្សដែលគ្មានស្មាតហ្វូន ដោយបែងចែកលោកគ្រូ អ្នកគ្រូចុះទៅតាមភូមិ/ឃុំ/ស្រុក​ ដើម្បីបញ្ជូនឲ្យសិស្ស ហើយពេលដែលសិស្សធ្វើកិច្ចការរួច លោកគ្រូ អ្នក​គ្រូ​ ទទួលសន្លឹកកិច្ចការពីសិស្សមកសាលារៀនវិញ ប៉ុន្តែត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់ រំយុវជន និងកីឡាខេត្តព្រះសីហនុ បានឱ្យដឹងថា ខេត្តព្រះសីហនុ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាជ្រើសរើសសាលាចំនួន០៣ មានដូចជា វិទ្យាល័យ ហ៊ុន សែន វាលរេញ វិទ្យាល័យហ៊ុន សែន ព្រៃនប់ និងវិទ្យាល័យ ហ៊ុនសែន ស្ទឹងហាវ លើគម្រោងកែលម្អគុណភាពអប់រំ។ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏បានធ្វើការបណ្តុះបណ្តាល លោកគ្រូ អ្នកគ្រូតាមសាលាទាំង១០០ក្នុងខេត្ត ដើម្បីបង្រៀន និងការរៀនតាមប្រព័ន្ធ Online។ យើងក៏បានអនុវត្តសាកល្បងធ្វើតេស្ត ដើម្បីកែលម្អគុណភាពសិក្សារបស់សិស្ស និងការបង្រៀនរបស់គ្រូស្របតាមផែនការវិស័យអប់រំនៅកម្ពុជា។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្នើឱ្យលោកគ្រូ អ្នកគ្រូ ទាំងអស់ត្រូវរួមគ្នាជួយជម្រុញដល់មាតាបិតាសិស្ស និងតាមដានសិស្សអោយអស់លទ្ធភាព ដើម្បីធនធានយុវជនរបស់យើងទទួលបាននូវចំណេះដឹង ជំនាញ ភាពថ្លៃថ្នូរ សីលធម៌ល្អ និងជាទំពាំងស្នងឫស្សីសម្រាប់សង្គមជាតិយើងតទៅមុខទៀត។ ក្នុងនោះឯកឧត្តមក៏បានកោតសរសើរដល់លោកគ្រូ អ្នកគ្រូដែលបានរៀបចំកម្មវិធីបង្រៀនទាំងអស់នេះឡើង ដើម្បីផ្តល់ឱកាសអោយសិស្សបានរៀនសូត្រក្នុងដំណាក់កាលដែលសាលាមិនទាន់បានបើកដំណើរការឡើងវិញ ដោយសារតែជំងឺកូវីដ-១៩ កំពុងតែរាលត្បាតជាសកល។

បន្ថែមលើនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូនលោកគ្រូ អ្នកគ្រូចំនួន ៨៩នាក់ ក្នុងម្នាក់ៗ ១០ម៉ឺនរៀល ជូនសាលាវិទ្យាល័យ ហ៊ុនសែន វាលរេញ ១០លានរៀល លោកគ្រូ ICT ០៣នាក់ ក្នុងម្នាក់ៗ ១លានរៀល សាលាឃុំចំនួន០២ ដោយក្នុងមួយសាលាឃុំ ១លានរៀល៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement