Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពលរដ្ឋ​ថា ករណីទន្រ្ទានកាន់កាប់ដីព្រៃបម្រុងស្មាច់រាប់រយហិចតា នៅស្រុកបុទុមសាគរ អាជ្ញាធរនៅមិនទាន់ចាត់វិធានការនៅឡើយទេ

កោះកុង — ប្រភពពីប្រជាពលរដ្ឋនៅភូមិព្រលាន និងភូមិតាំកន ឃុំកណ្តោល ស្រុកបុទុមសាគរ ខេត្តកោះកុង បានឲ្យដឹងថា ក្រុមអ្នកទន្រ្ទានកាន់កាប់ដីព្រៃស្មាច់រាប់រយហិកតា នៅតែគេចផុតពីវិធានការផ្លូវច្បាប់ ខណៈអាជ្ញាធរនៅពុំទាន់បានវែកមុខអ្នកទន្រ្ទាន យកមកណែនាំ ឬចាត់វិធានការតាមផ្លូវច្បាប់នៅឡើយ ។

ពលរដ្ឋថា ប្រការនេះហើយទើបអ្នកមានលុយអ្នកមានអំណាចមួយចំនួន អាចធ្វើសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃស្មាច់ រាប់រយហិចតា នៅក្នុងឃុំកណ្តោល ស្រុកបុទុមសាគរ ខេត្តកោះកុង យ៉ាងស្រួល ដោយមិនមានការខ្វាយខ្វល់ពីផលប៉ះពាល់ ឬវិធានការផ្លូវច្បាប់ណាមួយមកលើពួកគេ ។

ប្រជាពលរដ្ឋក្នុងឃុំកណ្តោល ស្រុកបុទុមសាគរ បានឲ្យដឹងថា ក្រុមឈ្មួញដែលធ្វើសកម្មភាពបំផ្លាញព្រៃស្មាច់ យ៉ាងមហន្តរាយនៅឃុំកណ្តោល ត្រូវបានមន្រ្តីអាជ្ញាធរថ្នាក់ឃុំ/ស្រុក ស្គាល់អត្តសញ្ញាណយ៉ាងច្បាស់ ប៉ុន្តែមន្រ្តីអាជ្ញាធរបែរជាមិនហ៊ានចាត់ការពួកគេឡើយ។

ជុំវិញបញ្ហាខាងលើ លោក សុន ប៊ុនថាន ប្រធានបរិស្ថានស្រុកស្រែអំបិល និងជាអ្នកកាន់កាប់តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង បានថ្លែងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះថា ក្រោយកិច្ចប្រជុំជាមួយអាជ្ញាធរ បានពិនិត្យឃើញថា ដីបម្រុងស្មាច់ដែលត្រូវបានក្រុមឈ្មួញខិលខូចលួចទន្រ្ទាននាពេលកន្លងមក គឺស្ថិតអនុក្រិត្យលេខ៣០ ដែលគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុង និងអាជ្ញាធរស្រុកបុទុមសាគរ ខណៈជំនាញបរិស្ថានត្រឹមជាក្រុមការងារសហការតែប៉ុណ្ណោះ ។

លោកបន្តថា សកម្មភាពនេះ ត្រូវបានអាជ្ញាធរចុះធ្វើការហាមឃាត់ និងបានធ្វើកិច្ចសន្យាបញ្ឈប់ការទន្រ្ទានជាពលរដ្ឋមួយចំនួនរួចហើយ តែបើពួកគាត់នៅតែរឹងរូសបន្តសកម្មភាពទៀតនោះ ពួកគាត់នឹងប្រឈមផ្លូវច្បាប់ជាមួយតុលាការជាក់ជាមិនខាន ហើយចំពោះពាក្យចចាមអារ៉ាមដែលឮតគ្នាៗថា មានអ្នកមានលុយនិងមានអំណាចនៅពីខ្នងនោះ គឺលោកពុំអាចបញ្ជាក់បាននោះទេ ដោយសារពុំមានភស្តុតាងច្បាស់លាស់ ។

ដោយឡែក លោក សុខ សុធី អភិបាលរងខេត្តកោះកុង បានថ្លែងថា ដីបម្រុងស្មាច់នៅខាងក្រៅទំបន់ទឹកប្រៃ ដែលត្រូវបានក្រុមឈ្មួញខិលខួចមានលុយ និងមានអំណាចលួចកាប់ទន្រ្ទាននោះ ខាងអាជ្ញាធរបានដាក់ពាក្យបណ្តឹងអារញត្តជន និងដាក់ពាក្យបណ្តឹងទៅតុលាការរួចហើយ ហើយខាងរដ្ឋបាលខេត្តក៏បានចេញសេចក្តីសម្រេចមោគភាពរាល់ការកាប់ទន្ទ្រាន ដោយរក្សាដីព្រៃនេះជាសម្បត្តិសាធារណៈរបស់រដ្ឋ ចំពោះបុគ្គលណាដែលនៅតែបន្តលួចទន្រ្ទានកាប់ឆ្ការដីបម្រុងស្មាច់ដោយគ្មានច្បាប់អនុញ្ញាត និងត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការ៕

Advertisement
Advertisement