កីឡា

អត្តពលិកកម្ពុជា ចេញដំណើរទៅកាន់ទីក្រុងតូក្យូហើយ ដើម្បីចូលរួម​ប្រកួតកីឡាអូឡាំពិក

ចុះផ្សាយ

ថ្ងៃ

ភ្នំពេញ — នៅព្រឹកថ្ងៃទី២០ ខែកក្កដានេះ ប្រតិភូ និងអត្តពលិកកម្ពុជា បាន​ធ្វើ​ដំ​ណើរ​ទៅ​ទី​ក្រុង​តូក្យូ ប្រ​ទេស​ជប៉ុន​ហើយ ដើម្បី​ចូល​រួម​ការ​ប្រ​កួត​កី​ឡា​អូឡាំពិក ឆ្នាំ​២០២០ (Tokyo Olympic Game 2020) ដែលនឹងប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី​២៣ ខែ​កក្កដា ដល់​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០២១។

អត្តពលិកកម្ពុជា ចេញទៅប្រកួតអូឡាំពិកនៅទីក្រុងតូក្យូ

លោក វ៉ាត់ ចំរើន អគ្គ​លេ​ខា​ធិ​ការ​គណៈ​កម្មា​ធិ​ការ​ជាតិ​អូ​ឡាំពិ​ក​កម្ពុជា​(NOCC) បានមានប្រសាសន៍ថា បេសក​កម្ម​នេះ គឺជា​មោទ​ន​ភាព​របស់​ប្រតិភូ និង​កីឡាករ​-​កី​ឡា​ការិនី ដែល​ត្រូវ​បាន​ជ្រើស​រើស​ចូល​រួម​ព្រឹត្តិ​ការណ៍​ពិ​ភព​លោក ៤​ឆ្នាំ​ម្ដង​នេះ ។ លោកថា «អ្វី​ដែល​យើង​ទាំង​អស់​គ្នា មាន​មោទ​ន​ភាព គឺ​បេសក​កម្ម​លើក​នេះ ខុស​ពី​លើក​មុនៗ បើ​ទោះ​បី​មាន​ការ​បារម្ភ​ពី​ក្រុម​គ្រួសារ ឬ​មិត្តភ័ក្ដ្រ​ក៏​ដោយ តែ​ក្រុម​របស់​យើង នៅ​តែ​មាន​ឆន្ទៈមោះ​មុត​ក្នុង​ការ​ចូល​រួម ហើយ​ត្រូវ​តែ​ចូល​រួម​ឲ្យ​បាន ដើម្បី​តំ​ណាង​ឲ្យ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា តំ​ណាង​ទង់​ជាតិ​របស់​យើង ក្នុង​ពិធី​បើក​អូឡាំពិក ៤​ឆ្នាំ​ម្ដង ដែល​យើង​ជា​សមា​ជិក យើង​មិន​អាច​លះ​បង់​ការ​ចូលរួមរបស់យើងបានឡើយ »

ផ្សាយពាណិជ្ជ.

លោកថា កម្ពុជាយើងបានចូលជាសមាជិ​ក​គណៈ​កម្មាធិ​ការជាតិ​អូឡាំពិកឡើងវិញ បន្ទាប់ពីថ្ងៃរំដោះ ៧មករាមក គឺនៅឆ្នាំ១៩៩៤ ហើយ​យើងបានចូលរួមការប្រកួតកីឡាអូឡាំពិក ក្រោយ​ពី​សង្គ្រាមស៊ីវិល គឺនៅឆ្នាំ១៩៩៦ ចឹងតាំងឆ្នាំ១៩៧២ រហូតដល់ឆ្នាំ១៩៩៦ ក្នុង​រង្វង់​នៃប្រទេសមានសង្គ្រាម យើងមិនបានចូលរួមទេ តែឥលូវនេះ គឺ​ប្រទេស​មានសុខសន្ដិភាពពេញលេញ ហើយ​ប្រទេស​ជាតិ​ក៏មាន​ការរីក​ចម្រើន ចឹងហើយយើងទាំងអស់គ្នា ត្រូវតែ​ថែរក្សា​ការចូលរួម​ក្នុងនាម​សមាជិក​ភាព និង​ជាកាតព្វកិច្ច​របស់​យើងឲ្យបានជារៀងរាល់ឆ្នាំ បើ​ទោះ​បីមានបញ្ហាកើតក្នុងការរៀបចំអូឡាំពិកក៏ដោយ ក៏យើង​ត្រូវតែ​ចូលរួម​ដែរ ព្រោះយើងទាំងអស់គ្នា មាន​ស្មារតី​អូឡាំពិក​នៅក្នុង​បេះដូងយើងទាំងអស់គ្នា ។

លោក វ៉ាត ចំរើន ដឹកនាំអត្តពលិកកម្ពុជា ទៅប្រកួតអូឡាំពិក

សម្រាប់ការ​ដណ្តើម​ជ័យជំនះ​នៅ​ក្នុង​កីឡាអូឡាំនៅជប៉ុននេះ លោក វ៉ាត ចំរើន បាន​លើក​ឡើងថា ការប្រកួតឈ្នះចាញ់ គឺជារឿងមួយ ដែលការចូលរួមប្រកួត​កីឡា​អូឡាំពិក លោក Pierre De Coubertin គាត់​បានមានប្រសាសន៍​ហើយថា កីឡាអូឡាំពិក សំខាន់ជាងគេ គឺការចូលរួម ព្រោះ​ជាការដែលធ្វើឲ្យពិភពលោកមានមិត្តភាព សាមគ្គីភាព និងសន្ដិភាព ដែលកម្ពុជាយើងបានដាក់ទ្រឹស្ដីក្នុងបាវចនា នៃព្រឹត្តិការណ៍​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ថា “កីឡារស់ក្នុងសន្ដិភាព” ។ ចឹងយើង​ទៅនេះ ទៅដើម្បីសន្ដិភាព ទៅដើម្បីលើកទឹកចិត្តម្ចាស់ផ្ទះ ទៅដើម្បីបំពេញកាតព្វកិច្ចជាសមាជិកចលនាអូឡាំពិកពិភពលោក ។

ហើយ​អ្វីដែលយើងចង់បានត្រឡប់មកវិញ គឺកិត្តិយសសេចក្ដីថ្លៃថ្នូ​ដែល​កីឡាករ-កីឡាការិនី​របស់យើង ខិតខំប្រឹងប្រែងក្នុងការប្រកួត ហើយ​ប្រកួតដោយមោទនៈភាព គោរពគោលការណ៍ Fair-Play បទ​បញ្ជា​ការប្រកួត និងក្រមសីលធម៌កីឡាករ ។ ទោះបីគ្រូ និង​កីឡាករ-កីឡា​ការិនីរបស់យើងមានចំនួនតិចមែន ក៏ប៉ុន្ដែ​យើង​នឹងនាំ​ត្រឡប់​មក​វិញនូវកិត្ដិយស មិនឲ្យយើងពាក់ព័ន្ធទៅនឹងសារធាតុដូប៉ា ឬរំលោភ​បទបញ្ជាការប្រកួតទេ ដែលនេះជាសារអបអរសាទរមួយ ដែល​ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានយក​ចិត្តទុកដាក់ណាស់ ចំពោះវិស័យកីឡា ពិសេស​ការយកចិត្តទុកដាក់ដល់កីឡាករ-កីឡាការិនីរបស់យើង៕

Advertisement
error: Content is protected !!