Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងស្នើដល់អ្នក​គ្រប់គ្រង​តំបន់ទេសចរណ៍ផ្សងព្រេង ពង្រឹងការអនុវត្តស្ដង់ដា មុននឹងឱ្យភ្ញៀវទេសចរចូលទៅតំបន់ខ្លួន

ក្រសួងទេសចរណ៍នៅថ្ងៃនេះ បានធ្វើ​ការ​ក្រើនរំឭកដល់អ្នកគ្រប់គ្រង ឬប្រធានសហគមន៍នៅតាមតំបន់ទេសចរណ៍ផ្សងព្រេងទាំងអស់ ត្រូវរៀបចំឱ្យមានការគ្រប់គ្រងចរន្តភ្ញៀវទេសចរ ពិសេសការធ្វើសម្រង់ព័ត៌មានភ្ញៀវទេសចរឲ្យបានច្បាស់លាស់ មុននឹងឱ្យភ្ញៀវទេសចរចូលទៅតំបន់ផ្សងព្រេងរបស់ខ្លួន។

បើយោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ ក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ ចលនាទេសចរណ៍ផ្ទៃក្នុងទៅកាន់តំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ និងតំបន់ទេសចរណ៍ផ្សងព្រេង មានសន្ទុះកើនឡើងខ្លាំង ដូច្នេះ​ក្រសួងក្រើនរំលឹកឲ្យភ្ញៀវទេសចរ ផ្នែកឯកជន និងគណៈគ្រប់គ្រងតំបន់ យកចិត្តទុកដាក់ចូលរួមអនុវត្តស្តង់ដាទេសចរណ៍ផ្សងព្រេង ដែលក្រសួងទេសចរណ៍បានដាក់ឲ្យអនុវត្ត ដើម្បីជំរុញការរៀបចំតំបន់ទេសចរណ៍ផ្សងព្រេងនានាឲ្យគោរពតាមស្តង់ដា ធានាបាននូវសន្តិសុខ-សុវត្ថិភាពជូនភ្ញៀវទេសចរ។

បើតាមក្រសួងទេសចរណ៍ តំបន់ទេសចរណ៍ផ្សងព្រេងសំខាន់ៗ ត្រូវគេកត់សម្គាល់ឃើញ​មាន​ដូចជា តំបន់ខ្នងផ្សារ ភ្នំឱរ៉ាល់ គិរីរម្យ តំបន់ជីផាត អារ៉ែង ពាមក្រសោប ស្រែអំបិល វាលធំ សំឡូត ភ្នំត្បែង សមុទ្រឈើ តំបន់រាមសា បឹងទន្លេសាប ភ្នំគូលែន និងតំបន់ទេសចរណ៍ផ្សងព្រេងជាច្រើន ដែលសុទ្ធតែទទួលបានកំណើនភ្ញៀវទេសចរផ្ទៃក្នុងគួរឲ្យកត់សម្គាល់ក្នុងដំណាក់វិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០២០ និង២០២១នេះ៕

Advertisement
Advertisement