Connect with us

Hi, what are you looking for?

ក្នុងស្រុក

ស្ថានទូតចិន ប្រតិកម្មចំពោះ​ការ​ផ្សាយ​របស់ Reuters ដែលថា Hacker ចិន លួច​ទិន្នន័យទន្លេមេគង្គ ពីក្រសួងការបរទេសកម្ពុជា

ភ្នំពេញ — ស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា បានសម្តែងការមិនពេញចិត្តចំពោះ ការផ្សព្វផ្សាយរបស់សារព័ត៌មាន Reuters ដោយ​បានដកស្រង់ការចោទប្រកាន់របស់ក្រសួងយុត្តិធម៌នៃសហរដ្ឋអាមេរិកថា “ក្រុម Hacker ចិនបានលួចទិន្នន័យទន្លេមេគង្គពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា”។

ទាក់ទិននឹងការលើកឡើងនេះ ស្ថានទូតចិនប្រចាំកម្ពុជា បានសម្តែងការព្រួយបារម្ភខ្លាំង និងប្រឆាំងជាដាច់ខាតចំពោះការលើកឡើងខាងលើនេះ។

ស្ថានទូតចិនបានគូសបញ្ជាក់ថា ភាគីចិនប្រឆាំងជាដាច់ខាត និងតែងបង្ក្រាបលើការវាយប្រហារតាមគ្រប់ទម្រង់នៅក្នុងប្រព័ន្ធអ៊ីនធើណេត កុំថាឡើយលើកទឹកចិត្ត គាំទ្រ ឬអនុគ្រោះចំពោះការវាយប្រហាររបស់ក្រុម Hacker។

ស្ថានទូតចិនបានលើកឡើងថា នៅលើពិភពលោកនេះ សហរដ្ឋអាមេរិក គឺជាប្រភពនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណេតដ៏ធំបំផុត ហើយទង្វើនៃការលួចតាមដានស្តាប់របស់ប្រទេសមួយនេះសូម្បីតែ“សម្ព័ន្ធមិត្ត”ក៏មិនលើកលែងដែរ។ រីឯចំពោះបញ្ហាសន្តិសុខអ៊ីនធើណេតវិញ ទំនុកចិត្តទៅលើសហរដ្ឋអាមេរិកត្រូវបានបាត់បង់យូរមកហើយ។

សូម​បញ្ជាក់ថា កាលពីពេលថ្មីៗនេះ ក្រសួង​យុត្តិធម៌​អាមេរិក បាន​ចោទ​ប្រកាន់​ជន​ជាតិចិនចំនួន៤​នាក់ ទាក់​ទង​នឹង​ការ​លួច​ទិន្ន​ន័យ​រស៊ើប ​និង​សម្ងាត់​ពី​ស្ថាប័ន​រដ្ឋ​និង​ឯក​ជន​ក្នុង​ប្រទេស​មួយ​ចំនួន ក្នុង​នោះ​ក៏មាន​ការលួច​ទិន្នន័យ​ពី​ស្ថាប័ន​រដ្ឋ​ក្នុង​ប្រទេស​កម្ពុជា​ដែរ ពាក់​ព័ន្ធ​នឹង​ការ​ពិភាក្សា​លើបញ្ហា​ទន្លេ​មេគង្គ។

_

ក្រសួង​យុត្តិធម៌​អាមេរិក​បានឲ្យ​ដឹង​ថា​ ​មុន ​ឬ​ក្រោយ​ខែ​មករា ឆ្នាំ២០១៨ សមាជិក​នៃ​បណ្តាញ​លួច​នោះ បានជ្រៀត​ចូល​លួច​ក្នុងបណ្តាញ​របស់ក្រសួង​មួយ​នៅ​កម្ពុជា ដោយ​បាន​លួច​យក​ទិន្នន័យ​ទាក់​ទង​នឹង​ការ​ពិភាក្សា​គ្នា​រវាង​រដ្ឋាភិបាល​ចិន និង​កម្ពុជា លើ​ការ​ប្រើ​ប្រាស់​ទន្លេ​មេគង្គ ហើយ​ក្រុម​នោះ ​បាន​ជួល​អ្នក​បក​ប្រែ​ភាសា​ជន​ជាតិ​ខ្មែរ ដើម្បី​បក​ប្រែ​ទិន្ន​ន័យ​ដែល​លួច​បាន​នោះ ដែល​ពួកគេ​ បាន​ដាក់​លេខសម្ងាត់​ការពារ​ថា «goodperson»៕

Advertisement
Advertisement