Connect with us

Hi, what are you looking for?

ក្នុងស្រុក

ប្រជាពលរដ្ឋឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ ក្រោយពេលបានទៅចូលបុណ្យសព

ពលរដ្ឋចូលរួមក្នុងពិធីបុណ្យសព

ព្រះសីហនុ — គិតត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ ប្រជាពលរដ្ឋដែលបានទៅចូលបុណ្យសព នៅក្រុម៥ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹហាវ ខេត្តព្រះសីហនុ មានការឆ្លងជំងឺកូវីដ-១៩ ចំនួន ៦០នាក់ហើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ កន្លងមក មានប្រជាពលរដ្ឋម្នាក់បានទទួលមរណៈភាព ឈ្មោះ គង់ ពៅ ភេទស្រី អាយុ៧៤ឆ្នាំ មានទីលំនៅក្រុម៥ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹហាវ ខេត្តព្រះសីហនុដោយសារជំងឺរ៉ាំរ៉ៃរយៈពេល ០៥ខែមកហើយ។

ករណីនេះ អាជ្ញាធរមូលដ្ឋាន បានចុះទៅណែនាំគ្រួសារសព មិនទាន់អនុញ្ញាតឱ្យធ្វើពិធីបុណ្យទេ ត្រូវរង់ចាំការយកសំណាកសិន ក្នុងករណីសំណាកអវិជ្ជមានទើបអាចធ្វើបុណ្យតាមប្រពៃណី តែជាលក្ខណ:គ្រួសារ និងមិនឱ្យមានការប្រមូលផ្តុំនោះទេ។ ហើយករណីរកឃើញវិជ្ជមានកូវីដ-១៩ គឺត្រូវវេចខ្ចប់សពទៅបូជាតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងត្រូវបិទទីតាំង ហើយអ្នកដែលមានការពាក់ព័ន្ធត្រូវយកសំណាកទាំងអស់គ្នា។

ក្រោយមកក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត បានចុះយកវត្ថុសំណាកសាកសពខាងលើ ពិនិត្យឃើញមានថា មានវិជ្ជមានកូវីដ-១៩ និងបានវេចខ្ចប់សាកសពនោះ យកទៅបូជាតាមវិធានសុខាភិបាលនៅទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំ ដោយមិនអនុញ្ញាតឱ្យរៀបចំពិធីបុណ្យសពទេ។

តាមព័ត៌មានដែលទទួលបាន ទោះបីជាមិនមានការរៀបចំពិធីបុណ្ប ក៏នៅតែមានប្រជាពលរដ្ឋក្នុងភូមិមួយចំនួនឆ្លៀតទៅចូលបុណ្យជាមួយគ្រួសារសព ដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរនោះឡើយ ដែលជាហេតុធ្វើឱ្យមានការឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។

សកម្មភាពបែបនេះបានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋខាងលើ គឺមិនបានចូលរួមអនុវត្តត្រឹមត្រូវតាមការណែនាំរបស់រដ្ឋបាលខេត្ត អាជ្ញាធរស្រុក ឃុំ ជាពិសេសវិធានការនានាដែលដាក់ចេញដោយក្រសួងសុខាភិបាល និងអនុសាសន៍ ៣.ការពារ ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបធ្វើឱ្យមានការឆ្លងរាលដាលពេញភូមិបែបនេះ។

អាស្រ័យដូចនេះ អាជ្ញាធរក្រុងស្រុក និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវពង្រឹងការអនុវត្ត និងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតលើការផាកពិន័យ និងវិធានការច្បាប់ចំពោះបុគ្គលដែលមិនអនុវត្តតាមការណែនាំ ដោយគ្មានការលើកលែងនោះឡើយ ដើម្បីកាត់ការចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement