Connect with us

Hi, what are you looking for?

ក្នុងស្រុក

ហួសចិត្ត! មេឃុំបត់ត្រង់ នៅស្រុកមង្គលបូរី ចុះកិច្ចព្រមព្រៀងជាមួយក្រុមម៉ាស៊ីនច្រូតស្រូវ មិនឲ្យ​ម៉ាស៊ីនផ្សេងយកឈ្នួលថោក​ចុះ​ច្រូតស្រូវប្រជាពលរដ្ឋឡើយ

(រូបតូច) លោកមេឃុំបត់ត្រង់ និងកិច្ចព្រមព្រៀង

បន្ទាយមានជ័យ — ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំបត់ត្រង់ ស្រុកមង្គលបូរី នៃខេត្ត​បន្ទាយមានជ័យ បានសម្តែង​ការ​ត្អូញត្អែរ និង​រិះគន់​មេឃុំ​របស់ខ្លួន ដែល​មិន​អនុញ្ញាត​ឲ្យ​ម៉ាស៊ីនច្រូតស្រូវ​ផ្សេង ដែលយកឈ្នួលថោកចុះ​មក​ច្រូតស្រូវ​ឡើង ដោយ​ទុក​ឲ្យ​ក្រុមម៉ាស៊ីនច្រូតស្រូវ​ដែលចុះកិច្ចព្រមព្រៀងជាមួយមេឃុំចុះច្រូតតែប៉ុណ្ណោះ។

(រូបតូច) លោកមេឃុំបត់ត្រង់ និងកិច្ចព្រមព្រៀង

ប្រជាពលរដ្ឋ​ថា ការធ្វើស្រូវ​បច្ចុប្បន្ន​នេះ​មិន​ជា​ចំណេញប៉ុន្មានទេ ហើយ​នៅពេល​ដែលមាន​ម៉ាស៊ីនច្រូតស្រូវ​ដែលគេយកតម្លៃថោក​ចុះ​មក​ច្រូតនោះ គឺអាជ្ញាធរឃុំបានរារាំង ដោយ​តម្រូវ​ឲ្យ​ម៉ាស៊ីនច្រូតផ្សេងនោះ​តម្លើងថ្លៃឲ្យ​ដូចនឹង​ក្រុមម៉ាស៊ីនច្រូតស្រូវ​ដែលចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​អាជ្ញាធរ​ឃុំ គឺ២១០០បាត ក្នុង​មួយហិកតា ទើបបានអាជ្ញាធរ​អនុញ្ញាត​ឲ្យចុះច្រូត ព្រោះតែខ្លាច​ធ្លាក់ថ្លៃហាងឆេងច្រូតស្រូវ។

បើយោងលិខិតសរសេរដៃកិច្ចព្រមព្រៀងចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ដែលសារព័ត៌មានទទួលបាន បានបញ្ជាក់ថា «យើងខ្ញុំជាម្ចាស់ម៉ាស៊ីនច្រូតនិងតំណាងម៉ាស៊ីនច្រូតស្រូវនៅក្នុងឃុំបត់ត្រង់ មាន១/ឈ្មោះ សរ ប៉ូលីន ភេទប្រុស ។ ២/ឈ្មោះ ម៉ាន់ ទី ភេទប្រុស ។ ៣/ ឈ្មោះ បូ ផល ភេទប្រុស និង៤/ឈ្មោះ ព្រំ វុន ភេទប្រុស និងលោក សៃ ឡៅ មេឃុំបត់ត្រង់ បានព្រមព្រៀងច្រូតស្រូវអោយប្រជាពលរដ្ឋក្នុងឃុំនេះចំនួន (២.១០០បាត) ក្នុងមួយហិចតានិងស្នើសុំ១០០បាត/មួយហិចតា ដើម្បីចូលរួមអភិវឌ្ឍន៍ឃុំ ប្រសិនបើម្ចាស់ម៉ាស៊ីនច្រូតប្រព្រឹត្តខុសពីកិច្ចព្រមព្រៀង ត្រូវទទួលខុសត្រូវចំពោះអាជ្ញាធរឃុំ »។

ក្រោយបែកធ្លាយលិខិតនេះ មានមតិចម្រុះមួយ​ចំនួនបានធ្វើការរិះគន់ថា ទំនងជាលោកមេឃុំមានខ្សែម៉ាស៊ីនច្រូតឬទទួលលាភក្នុងនោះ ទើបលោកហ៊ានធ្វើកិច្ចសន្យាបែបនេះ ហើយថា បើមានមេឃុំ​ម៉ាកៗនេះ ប្រជាពលរដ្ឋ​ចាំតែជូតទឹកភ្នែកទៅ។

ចំពោះ​ករណីនេះ លោក ដា ស៊ីណង់ អភិបាលស្រុកមង្គលបូរី បានថ្លែងថា រឿងនេះរដ្ឋបាលស្រុកបានធ្វើការ​ស្តីបន្ទោស និងបានណែនាំឲ្យ​ម្ចាស់ម៉ាស៊ីនច្រូតស្រូវ និងលោកមេឃុំបត់ត្រង់នោះ និរាសករណ៍ ឬរំលាយលិខិតកិច្ចព្រមព្រៀង នោះហើយ។

លោកថា ថ្លៃថ្នូរលក់ដូរឬសេវានានាផ្នែកឯកជន គឺស្ថិតលើទីផ្សារ(ហាងឆេង) មិនអាចទៅកំណត់ថ្លៃក្នុងកិច្ចព្រមព្រៀងឬផែនការអីនោះទេ៕

Advertisement
Advertisement