Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ADB ៖ សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់ចុះ​គំហុក​ក្នុង​ឆ្នាំ​២០២០​ មួយ​ផ្នែកដោយ​សារ Covid-19

ភ្នំពេញ — យោង​តាម​របាយការណ៍​សេដ្ឋកិច្ច​ពិសេស របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ដែល​ចេញផ្សាយ​នៅ​ថ្ងៃនេះ បានធ្វើការ​ព្យាករណ៍ថា កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា នឹង​ធ្លាក់ចុះ​គំហុក​ក្នុង​ឆ្នាំ​២០២០ អាស្រ័យ​ដោយ​កំណើន​នៃការ​នាំចេញ​មាន​ការ​ថយចុះ និង​បរិយាកាស​ខាងក្រៅ​មាន​ស្ថានភាព​កាន់តែធ្ងន់ធ្ងរ​ឡើង​ជាលំដាប់ ដោយ​សារ Covid-19។

តាម​ការ​ព្យាករណ៍​របស់ ADB នៅ​ក្នុង​ឆ្នាំ​២០២០ សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​ធ្លាក់ចុះ ២,៣ភាគរយ មុនពេល​ហក់​ឡើង​មក ៥,៧ភាគរយ ក្នុង​ឆ្នាំ​២០២១ ។

ការធ្លាក់ចុះ​ដោយ​សារ​កូវីដ​១៩ បង្ក​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះវិស័យ​សេវាកម្ម តាម​រយៈ​ការ​កាត់បន្ថយ​ការ​មក​ដល់​នៃអ្នក​ដំណើរ​បរទេស និង​រំពឹងថា នឹង​ប៉ះពាល់​ដល់​វិស័យ​សំណង់ និង​កម្មន្តសាល តាម​រយៈ​ការ​កាត់​សង្វាក់​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ និង​ការ​កាត់បន្ថយ​តម្រូវ​ការ។

វិស័យ​សេវាកម្ម ត្រូវ​បាន​ព្យាករណ៍ថា នឹង​ធ្លាក់ចុះ ១,៧ភាគរយ ក្នុង​ឆ្នាំ​២០២០ អាស្រ័យ​ដោយ​វិស័យ​ទេសចរណ៍​ធ្លាក់ចុះ និង​កំណើន​យឺត​ក្នុង​វិស័យ​អចលនទ្រព្យ។

កំណើន​ឧស្សាហកម្ម ក៏​ត្រូវ​បាន​ព្យាករណ៍ថា នឹង​ថយចុះ​មក ៦,៥ភាគរយ​ក្នុង​ឆ្នាំ​២០២០ ជាមួយ​នឹង​ការ​ថមថយ​កំណើន ក្នុងវិស័យ​ផលិតកម្ម​កាត់ដេរ​សម្រាប់​នាំចេញ និង​វិស័យ​សំណង់ ស្រប​តាម​កំណើន​ដែល​ជាប់គាំង​នៅ​ក្នុង​សេដ្ឋកិច្ច​ប្រទេស​ឈាន​មុខ​ចម្បងៗ និង​ការ​ធ្លាក់ចុះ​គំហុក នៃ​កំណើន​សេដ្ឋកិច្ច​ប្រទេស​ចិន ជាពិេសស​ជាមួយ​នឹង​ការ​រឹតបន្តឹង ចំពោះ​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ដោយ​សហភាពអឺរ៉ុប ដែលនឹង​ចាប់​ផ្តើម​ក្នុង​ខែសីហា ឆ្នាំ​២០២០។

សម្រាប់​កំណើន​នៅ​ក្នុង​វិស័យ​កសិកម្ម ត្រូវ​បាន​រំពឹងថា នឹង​មាន​កម្រិត​ទាប​ត្រឹម​ប្រមាណ ០,៥ភាគរយ ក្នុង​ឆ្នាំ​២០២០ ដែលជា​ការ​ឆ្លុះ​បញ្ចាំង​ធៀប​ទៅនឹង​ការ​ព្យាករណ៍​ថា រដូវ​ប្រាំង នឹង​អូសបន្លាយ​ក្នុងឆ្នាំនេះ និង​ការ​ដែលអាជ្ញាធរ​បាន​ផ្តល់​សេចក្តីណែនាំ​ឲ្យ​ធ្វើ​ស្រែ​ប្រាំង​តែមួយ​លើក​ប៉ុណ្ណោះ៕

Advertisement
Advertisement