Connect with us

Hi, what are you looking for?

អន្តរជាតិ

ការវិវត្តថ្មីនៃស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍

ក្រសួងសុខាភិបាលឡាវបានរាយការណ៍កាលពីថ្ងៃទី២ ខែសីហាថា ប្រទេសនេះបានកត់ត្រានូវករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៩៩នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅប្រទេសឡាវបានកើនឡើងដល់ ៦ ៧៦៥នាក់ ដោយក្នុងនោះមានអ្នកស្លាប់ចំនួន ៧នាក់។

នាយករដ្ឋមន្រ្តីឡាវ លោក Phankham Viphavanh បានណែនាំឱ្យបណ្តាខេត្តនៅភាគខាងត្បូងឱ្យបង្កើនសមត្ថភាព និងបើកមជ្ឈមណ្ឌលចត្តាឡីស័ក និងមន្ទីរពេទ្យបន្ថែមទៀត ដើម្បីដោះស្រាយការហូរចូលនៃពលករចំណាកស្រុកមកពីប្រទេសជិតខាង។

នៅពេលមុននេះ បុគ្គលិកពេទ្យចំនួន ៣ ០០០នាក់បន្ថែមទៀតមកពីបណ្តាមន្ទីរពេទ្យនៅទីក្រុងវៀងចន្ទន៍ត្រូវបានដាក់ពង្រាយទៅកាន់ខេត្តនានាដែលមានចំនួនអ្នកវិលត្រឡប់មក និងមានករណីឆ្លងជំងឺកូវីដ-១៩ ខ្ពស់។

ប្រទេសឡាវក៏បានចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ Johnson&Johnson ដើម្បីចាក់ដល់ប្រជាជនរបស់ខ្លួន ជាពិសេសអ្នកដែលមានហានិភ័យខ្ពស់ដែលរួមមានទាំងក្រុមមនុស្សចាស់ដែលមានអាយុលើសពី ៦០ឆ្នាំ និងអ្នកដែលមានជំងឺពីកំណើត។

ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលសិង្ហបុរីបាននិយាយកាលពីថ្ងៃទី១ ខែសីហាថា ប្រទេសនេះនឹងរឹតបន្តឹងវិធានការនៅតាមព្រំដែនសម្រាប់អ្នកដំណើរមកពីប្រទេសអូស្ត្រាលី ឬខេត្តជាំងស៊ូរបស់ប្រទេសចិន បន្ទាប់ពីកន្លែងទាំងនោះត្រូវបានមើលឃើញនូវការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ ។ វិធានការថ្មីៗទាំងនេះបានចាប់ផ្តើមកាលពីថ្ងៃទី២ ខែសីហា វេលាម៉ោង ១១:៥៩នាទីយប់។

ក្រសួងនេះបាននិយាយថា អ្នកដំណើរដែលចូលមកក្នុងប្រទេសសិង្ហបុរីដែលមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសអូស្រ្តាលីក្នុងរយៈពេល ២១ថ្ងៃចុងក្រោយនេះ នឹងត្រូវអនុវត្តវិធានការស្នាក់នៅតែក្នុងផ្ទះរយៈពេល ១៤ថ្ងៃ (SHN) ពោលគឺកើនឡើងពីរយៈពេល ៧ថ្ងៃ។ ពួកគេនឹងត្រូវធ្វើដូច្នេះទាំងនៅកន្លែងដែលបានត្រូវចំឱ្យ ឬនៅកន្លែងស្នាក់នៅរបស់ពួកគេ។

ទន្ទឹមនឹងនេះដែរ ពលរដ្ឋសិង្ហបុរីដែលចូលមកក្នុងប្រទេសនេះ អ្នករស់នៅអចិន្ត្រៃយ៍ និងអ្នកមានប័ណ្ណស្នាក់នៅរយៈពេលវែងដែលមានប្រវត្តិធ្វើដំណើរទៅខេត្តជាំងស៊ូរបស់ប្រទេសចិនក្នុងរយៈពេល ២១ថ្ងៃចុងក្រោយនេះ ពនឹងត្រូវអនុវត្តវិធានការ SHN រយៈពេល ៧ថ្ងៃនៅកន្លែងស្នាក់នៅរបស់ពួកគេ៕

ប្រភព VNA
បកប្រែដោយ៖ យា ចិន្តាខន្តី (AKP)

Advertisement
Advertisement