Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

កម្ពុជាស្នើភាគីថៃ ផ្តល់ព័ត៌មានជាក់លាក់ និងឯកសារផ្លូវការ របស់គម្រោងសាងសង់ប្រាសាទថ្មថ្មី តាមរចនាបថប្រាសាទអង្គរវត្ត នៅខេត្តបុរីរ៉ាំ

ក្នុងឱកាសជួបពិភាក្សាការ​ងារ​ជាមួយ លោក Panyarak Poolthup ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំ​កម្ពុជា កាលពីពេលថ្មីៗនេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​កម្ពុជាបាន​ស្នើដល់ភាគីថៃ ឱ្យជួយសហការក្នុងការផ្តល់ព័ត៌មានជាក់លាក់ និងឯកសារផ្លូវការ ស្តីពី​គម្រោងនៃការសាងសង់ប្រាសាទថ្មថ្មី តាមរចនាបថប្រាសាទអង្គរវត្ដ នៅខេត្តបុរីរ៉ាំ ក្នុង​ប្រទេសថៃ។

លោកជំទាវបានគូសបញ្ជាក់ថា ការស្នើដល់​ភាគី​ថៃ ឱ្យជួយសហការក្នុងការផ្តល់ព័ត៌មានជាក់លាក់ និងឯកសារផ្លូវការនេះ គឺ ដើម្បីឱ្យភាគី​កម្ពុជាមានមូលដ្ឋានក្នុងការពិនិត្យ សម្រេចនូវវិធាននានាបន្ត សំដៅបញ្ចៀសនូវផលអវិជ្ជ​មានណាមួយដែលអាចកើតឡើងនិងប៉ះពាល់ដល់ទំនាក់ទំនងនៃប្រទេសទាំងពីរ។ ទន្ទឹមនេះ លោកជំទាវក៏បានលើកឡើងផងដែរពីករណី​ព័ត៌មាន​ស្តីពីគម្រោងនៃការសាង សង់ប្រាសាទថ្មនៅខេត្តបុរីរ៉ាំ ដែលបណ្តាញសង្គម និងសារព័ត៌មានផ្សព្វផ្សាយថាមាន​ការចម្លងតាមនៃស្ថាបត្យកម្មប្រាសាទអង្គរវត្ត។ ព័ត៌មាននេះ ត្រូវបានសាធារណមតិ​នៃ​ប្រទេស​ទាំងពីរ មានប្រតិកម្មយ៉ាងផុសផុល និងពុះកញ្ជ្រោល។

ជាការឆ្លើយតប លោក Panyarak Poolthup បានទទួលយកសំណើ និងសន្យា​ឆ្លើយតបតាមការស្នើសុំរបស់ភាគីកម្ពុជាក្នុងស្មារតីសហការដ៏ជ្រាលជ្រៅ។

សូមរម្លឹកផងដែរថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ ក៏មានការផ្សព្វផ្សាយ​ព័ត៌​មាន​​​គួរឱ្យភ្ញាក់​​ផ្ញើលខ្លាំងផងដែរ ពេលឃើញរូបភាពលើបណ្តាញសង្គម បង្ហាញពីសំណង់​ថ្មថ្មី ក្នុងបរិវេណវត្តមួយ នៅខេត្តបុរីរ៉ាំ ប្រទេសថៃ ដែលស្ថិតក្នុងដំណើរការសាងសង់ ដោយ​​ចម្លងតាមរចនាបថអង្គរវត្ត។ ព្រះគ្រូចៅអធិការវត្តនោះ បានបក​ស្រាយប្រាប់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ដែលបានចុះទៅពិនិត្យផ្ទាល់ដល់កន្លែង​សាងសង់ប្រាសាទថា ប្រាសាទថ្មដែលសាងសង់ក្នុងវត្តថៃនោះ មិនមែនលួចចម្លងតាម​រចនាបថ​អង្គរវត្តឡើយ តែសាងសង់ឡើងតាមគំនូសប្លង់ដោយខ្លួនឯង រួមទាំងរចនាទៅ​តាមប្រាសាទនានាក្នុងទឹកដីថៃ៕

Advertisement
Advertisement