Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ក្រសួងកសិកម្ម ៖ ស្រូវក្រអូបដើរតួរយ៉ាងសំខាន់នៅក្នុងឧស្សាហកម្មស្រូវអង្ករនៅក្នុងប្រទេសកម្ពុជា

ក្រសួងកសិកម្មបាន​ឲ្យដឹងថា ការនាំចេញអង្ករក្រអូបរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ​មានចំនួន៥៦,៦% នៃការនាំចេញផលិតអង្ករសរុបនៅឆ្នាំ២០១៦ ក្នុងនោះអង្ករផ្ការំដួលមានចំណែក៣២% ដែលបញ្ជាក់ឲ្យឃើញថា អង្ករក្រអូបកំពុងតែមានការពេញនិយមខ្លាំងនៅលើទីផ្សារអន្តរជាតិ។

នៅប្រទេសកម្ពុជាពូជស្រូវក្រអូបប្រណីតប្រពៃណីស្ទើរតែទាំងអស់វេទរសទៅនឹងពន្លឺ (ប្រកាន់រដូវ) ដែលអាចឲ្យកសិករដាំបានតែម្តងក្នុងមួយឆ្នាំ នៅរដូវវស្សា។

ដើម្បីស្រាវជ្រាវរកពូជស្រូវក្រអូបប្រណីត បង្កើនការដាំដុះនៅក្នុងប្រទេសកម្ពុជាឲ្យបានគ្រប់រដូវ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានអភិវឌ្ឍន៍ស្រឡាយស្រូវក្រអូប ដែលអវេទរសទៅនឹងពន្លឺ (មិនប្រកាន់រដូវ) តាមរយៈការបង្កាត់រវាងពូជស្រូវផ្ការំដួល (មេ) និងស្រឡាយ CNi9024 (បា) ដែលមានប្រភពមកពីប្រទេសចិន និងអវេទរសទៅនឹងពន្លឺ (មិនប្រកាន់រដូវ) នៅឆ្នាំ២០១៣។ តាមរយៈការជ្រើសរើសជាបន្តបន្ទាប់ ស្រឡាយចំនួន១០០ ក្នុងជំនាន់ទី៦ បានដាំ និងជ្រើសរើសក្នុងរដូវប្រាំង និងរដូវវស្សា។

នៅឆ្នាំ២០១៧ ដោយមានការសហការណ៍ឧបត្ថម្ភថវិកាពីរដ្ឋាភិបាលអូស្រ្តាលី តាមរយៈគម្រោងកាវ៉ាក់ (CAVAC) វិទ្យាស្ថានកាឌីបានពង្រីកការធ្វើពិសោធន៍ស្រាវជ្រាវនៅតាមក្សេត្របរិស្ថាន ផ្សេងៗក្នុងខេត្តព្រៃវែង សៀមរាប បាត់ដំបង និងក្នុងវិទ្យាស្ថានកាឌី។ គម្រោងនេះមានគោលបំណងពង្រីកការដាំដុះពូជស្រូវក្រអូបសម្រាប់ការនាំចេញ ហើយត្រូវបានអនុវត្តមានរយៈពេល ៤ឆ្នាំ (២០១៧-២០២០)។ ជាលទ្ធផលស្រឡាយដែលមានសំដែងកម្មល្អចំនួន៣ ត្រូវបានជ្រើសរើស បញ្ចូលក្នុងពិសោធន៍បន្សាំពូជលើស្រែកសិករ ចំនួន៤០ កន្លែងក្នុងខេត្តព្រៃវែង។

ក្នុងរដូវវស្សាឆ្នាំ២០២១ នេះពិសោធន៍បន្សាំពូជលើស្រែកសិករ ចំនួន៤០ កន្លែងទៀត នឹងត្រូវធ្វើបន្តនៅក្នុងខេត្ត ព្រៃវែង ក្នុងនោះ ២៥ ពិសោធន៍អនុវត្តន៍ដោយកាឌី និង១៥ពិសោធន៍ទៀតអនុវត្តន៍ដោយ សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ។ ទិន្នន័យដែលទទួលបាន នឹងត្រូវធ្វើការវិភាគ មុននឹងបញ្ចេញ និងផ្សព្វផ្សាយ ស្រឡាយដែលល្អជាងគេជូនកសិករប្រើប្រាស់នាពេលខាងមុខ៕

Advertisement
Advertisement