Connect with us

Hi, what are you looking for?

ក្នុងស្រុក

មេឃុំព្រៃល្វាស្នើរមន្ត្រីជំនាញកុំចេញបណ្ណ័កម្មសិទ្ធដីឲ្យ​អ្នកមានលុយម្នាក់ ក្រោយ​ធ្វើរបងព័ទ្ធយកដីរដ្ឋ

តាកែវ — ក្រោយពីមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋរឿងក្រុមមន្រ្តីសុរិយោដីស្រុកព្រៃកប្បាស នៃខេត្តតាកែវចុះវាស់វែងធ្វើប្លង់កម្មសិទ្ធដីធ្លី តែបែជាវាស់ដីអ្នកមានលុយធ្វើរបងព័ទ្ធយកដីរបស់រដ្ឋជាង១ហិចតានោះ ស្រាប់តែមេឃុំចុះស្រាវជ្រាវ និងស្នើរទៅក្រុមមន្ត្រីជំនាញ កុំឲ្យ​ចេញប្លង់ដីកម្មសិទ្ធទៅឲ្យ​បុគ្គលមានលុយនោះឲ្យ​សោះ ដោយ​រង់ចាំការដោះស្រាយសិន។

បើតាម​ប្រជាពលរដ្ឋថា ដីស្រះតាខុនចាស់ ស្ថិតនៅភូមិតាខុន ឃុំព្រៃល្វា ស្រុកព្រៃកប្បាស គឺជាស្រះរបស់រដ្ឋមានទំហ៊ំ១០០ម៉ែត្រ គុណនឹង១០០ម៉ែត្រ និងមានទួលហ៊ុំពទ្ធ័ជុំវិញជាច្រើនទៀត ត្រូវបានអ្នកមានលុយម្នាក់ធ្វើ​របងថ្មព័ទ្ធយកដីស្រះនោះធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ក្រោយ​ពី​គាត់បានទិញដីរបស់ប្រជាពលរដ្ឋ​ដែល​នៅ​ជុំវិញ​នោះ។

ពលរដ្ឋលើកឡើងថា ស្រះតាខុនចាស់ជាកន្លែងសង់រោងបុណ្យភូមិជាប្រចាំ និង​មានថ្នូរខ្មោចនៅជុំវិញនោះផងដែរ តែចាប់តាំងពីអ្នកមានលុយទិញមកពលរដ្ឋមិនដែលបានធ្វើរោងបុណ្យអីទៀតឡើយ។

ជាមួយ​គ្នា​នេះ ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ សូម​មេត្តាចុះស្រាវជ្រាវ និងយកដីខាងលើមករក្សាទុកជាសម្បត្តិរដ្ឋវិញ ដោយ​ត្រូវ​ធ្វើ​ផ្លូវចេញចូលទៅស្រះទួលនោះជាធម្មតាវិញផង។

ចំពោះករណីនេះ លោក យន់ គន មេឃុំព្រៃល្វាបានថ្លែងថា លោកបានកោះប្រជុំរួចរាល់ហើយ គឺពិតជាមានអ្នក​មាន​លុយសង់របងពទ្ធ័យកដីស្រះតាខុនចាស់ និងទួលនៅជុំវិញស្រះមែន ហើយលោកក៍បានស្នើរដល់ក្រុមមន្រ្តីជំនាញកុំចេញប្លង់ដែលមានក្បាលដីលេខ ៥២១ ឲ្យឈ្មោះវី និងប្រពន្ធឈ្មោះហ៊ាង ​ដោយរង់ចាំការដោះស្រាយសិន។

ពាក់ពន្ធ័ករណីខាងលើនេះផងដែរ លោក ឆុង ផូ ប្រធានភូមិបាលស្រុកព្រៃកប្បាសបានថ្លែងថា លោកពិតជាបានវាស់វែងដីដែលមានរបងថ្មខាងលើនេះមែន ព្រោះគេសង់របងរួចហើយ ដូច្នេះលោកវាស់តាមតែរបងគេទៅ។

យ៉ាងណាក៏ដោយ បើតាម​លោក ឆុង ផូ ឥឡូវនេះខាងស្រុកបានឲ្យ​ក្រុមការងារចុះទៅស្រាវជ្រាវហើយរឿងដីស្រះតាខុនចាស់នេះ៕

Advertisement
Advertisement