Connect with us

Hi, what are you looking for?

ក្នុងស្រុក

មន្រ្តីនគរបាលរាប់សិបនាក់ ផ្តិតមេដៃប្តឹងដកតំណែងអធិការស្រុកបសេដ្ឋ

មន្ត្រីនគរបាល នៃស្រុកបសេដ្ឋ ខេត្ត​កំពង់ស្ពឺជាច្រើននាក់ កាលពីពេលថ្មីៗកន្លងទៅនេះ បានផ្តិត​មេដៃដាក់ពាក្យបណ្តឹងទៅកាន់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្នើ​ឲ្យ​ដកអធិការ​ស្រុកបសេដ្ឋ​ ដោយ​ថា អធិការរូបនេះមានភាពមិនប្រក្រតី​ក្នុងការអនុវត្ត​តួនាទីរបស់ខ្លួន។

ពាក្យ​បណ្តឹង​នោះ​បានលើកឡើងពីទុក្ខលំបាក ប្រឈមនឹងទង្វើរបស់លោក អ៊ុំ ចំរើន ដោយរាល់ការអនុម័តការងារគ្មានការប្រជុំក្រុមប្រឹក្សាវិន័យដើម្បីស្នើរការតែងតាំង និងផ្លាស់ប្តូរការងារមន្ត្រីក្រោមឱវាទ ហើយ​រាល់ការតែងតាំង និងផ្លាស់ប្ដូរមុខងារមន្ត្រី លោកអធិការ​តែងតែទាមទារលាភសក្ការៈ គ្មានការអភិវឌ្ឍក្នុងអង្គភាព គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនឲ្យ​តម្លៃកូនចៅ ដឹកនាំគ្មានក្រមសីលធម៌ និងគ្មានការទទួលខុសត្រូវ។

លោក អ៊ុំ ចំរើន អធិការស្រុកបសេដ្ឋ

​ចំពោះចរិកឫកពារវិញ ក្រុមមន្រ្តីទាំងនោះថា អធិការរូបនេះ គឺមិនសក្តិសមជាអ្នកដឹកនាំ ឬធ្វើគំរូដល់កូនចៅ និងគ្មានចំណេះដឹង ជាដើម។  មិនតែប៉ុណ្ណោះ ថែមទាំងជេរប្រមាថ មើលងាយកូនចៅក្រោមឱវាទតាមវិទ្យុទាក់ទង(អាយកូម) អួតក្អេងក្អាង មិនស្គាល់ចាស់​មិនស្គាល់ទុំ អាងខ្លួនមានខ្នងធំចាំជួយ ទាំងខ្លួនកំពុងប្រព្រឹត្តខុសតួនាទី។

នៅក្នុងបណ្តឹងនោះ ក៏បានបញ្ជាក់ពីការដឹកនាំរបស់លោក អ៊ុំ ចំរើន តាំងពីទទួលបាន​តួនាទី​ជាអធិការស្រុកបសេដ្ឋ គឺ មិនដែលបានកសាងស្នាដៃនោះទេ គឺទទួលបានតែលិខិត​ព្រមាន​ពីថ្នាក់លើម្តងហើយម្តងទៀតប៉ុណ្ណោះ គ្មានភាពជាអ្នកដឹកនាំឡើយ ជាពិសេស​ខ្វះសាមគ្គីភាព​ទាំងក្នុង និងក្រៅអង្គភាព បញ្ចេញអាកប្បរិយាមិនសមរម្យ​ជាមួយ​មួយកូនចៅ ឱ្យគេកោតខ្លាចអំណាចខ្លួន តែមិនឱ្យកូនចៅគោរពស្រឡាញ់ អោបក្រសោបបក្សពួកដែលចូលចិត្តដើរផឹកស៊ីស្រីញីជាមួយគ្នាទៅវិញ។

មិនតែប៉ុណ្ណោះប្រមូលកូនចៅលេងល្បែងក្នុងអង្គភាព ដែលផ្ទុយពីបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ថែមទៀត។ មួយវិញទៀតចាប់តាំងពី លោក អ៊ុំ ចំរើន ឡើងកាន់តំណែងជាអធិការ ​រាល់ការចាយវាយលុយភូមិឃុំសុវត្ថិភាព​ដែលរដ្ឋទម្លាក់ឱ្យគឺ មិនដែលមានវិក័យប័ត្រច្បាស់លាស់នោះទេ។

ចំពោះការចោទប្រកាន់ទាំង​ប៉ុន្មាន នៅថ្ងៃនេះ យើងមិន​អាច​ស្វែងរក​ការ​បំភ្លឺពីលោក អ៊ុំ ចំរើន អធិការ​ស្រុកបសេដ្ឋ​នៅ​ឡើយទេ៕

Advertisement
Advertisement