Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលស្រុកអង្គរបុរីចេញច្បាប់ឲ្យ​ឈ្មួញ​ចាក់ដីលុបប្រឡាយបិទផ្លូវទឹកសម្រាប់ស្រោចស្រពស្រូវរបស់ពលរដ្ឋនៅស្រុកសំរោង, ឥឡូវពលរដ្ឋប្តឹងទៅចៅហ្វាយខេត្តហើយ

តាកែវ — ពលរដ្ឋជាង៥០គ្រួសាររស់នៅឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ កាលពីពេលថ្មីៗនេះបាននាំគ្នាផ្តិតមេដៃ សុំអន្តរាគមន៍​ទៅ​លោក អ៊ូច ភា អភិបាលខេត្តតាកែវ ក្រោយ​ពី​ក្រុមហ៊ុនមួយដែល​បានការ​អនុញ្ញាតពីអភិបាល​ស្រុកអង្គរបូរី កំពុង​ដឹកដីចាក់លុបប្រឡាយទឹកស្ថិតនៅឃុំពន្លៃ ស្រុកអង្គរបុរី ដែល​ធ្វើឲ្យ​ស្ទះទឹកសម្រាប់​ស្រោចស្រពស្រូវពលរដ្ឋ​នៅស្រុកសំរោង។

យោងតាមលិខិតសុំអន្តរាគមន៍នោះថា ក្រុមហ៊ុនមួយ​នោះ​បានដឹកដីចាក់លុបប្រឡាយរំដោះទឹកនៅភូមិកោះទ្រា ឃុំពន្លៃ ស្រុកអង្គរបុរី ដែលជាប្រឡាយរំដោះទឹកឲ្យ​ប្រជាពលរដ្ឋរស់នៅស្រុកសំរោងទាំងមូល សម្រាប់ពួកគាត់ធ្វើស្រែប្រាំងរាប់សិបហិចតា។

បើតាម​ពលរដ្ឋ​ថា ប្រឡាយនេះមានប្រវែង១៧៦៧០ម៉ែត្រ និង​ទទឹង៤ម៉ែត្រ ជម្រៅ២ម៉ែត្រ តភ្ជាប់រវាងស្រុកសំរោងនិងស្រុកអង្គរបុរី ហើយប្រឡាយនេះជាប្រឡាយមេរំដោះទឹកដ៏​សំខាន់ដែលមិនអាចខ្វះបាន តែអាជ្ញាធរស្រុកអង្គរបុរី បែរជាអនុញ្ញាតិឲ្យ​ក្រុមហ៊ុនចាក់ដីលុបដោយមិនបានសិក្សាស្វែងយល់ឲ្យ​ច្បាស់លាស់ជាមុនសិននោះទេ។

ពាក់ពន្ធ័ករណីនេះលោក កេត ម៉ៅ អភិបាលស្រុកសំរោងបានថ្លែងថា លោកពិតជាទទួលបានព័ត៍មានពីប្រជាពលរដ្ឋថា មានក្រុមហ៊ុនចាក់ដីលុបប្រឡាយនៅជាប់ព្រំប្រទល់ស្រុកអង្គរបុរី និងស្រុកសំរោងមែន តែគេចាក់ដីលុបនៅភូមិសាស្រ្តស្រុកអង្គរបុរីទេ តែវាមានផលប៉ះពាល់ដល់ពលរដ្ឋស្រុកសំរោងរឿងរំដោះទឹកទាំងរដូវប្រាំងនិងរដូវវស្សា។

លោកថា លោកបានទទួលពាក្យស្នើសុំពីពលរដ្ឋសុំឲ្យ​ឯកឧត្តមអភិបាលខេត្តអន្តរាគមន៍ហើយ តែលោកមិនមានវិធានការបែបណានោះទេ គឺទុកឲ្យ​ឯកឧត្តមអភិបាលខេត្តជាអ្នកសម្រេចទៅចុះ។

ដោយឡែក លោក ឌឹម គឹមសាន្ត អភិបាលស្រុកអង្គរបុរី បានថ្លែងថា លោកពិតជាបានឲ្យ​ច្បាប់ទៅក្រុមហ៊ុនចាក់ដីខាងលើពិតមែន តែលោកចេញច្បាប់ឲ្យ​ចាក់តែទទឹង៤០ម៉ែត្រ និងបណ្តោយ៦០ម៉ែត្រប៉ុណ្ណោះ ហើយរឿងឯកសារ ឬប្លង់ដីសូមសួរទៅលោក ឡេង ខូវ ប្រធានភូមិបាលស្រុកអង្គរបុរីទៅចុះ។

នៅថ្ងៃនេះ យើង​មិ​នអាច​ទាក់ទងលោក ឡេង ខូវ ដើម្បីបកស្រាយបានទេ។ តែយ៉ាងណាក៏ដោយ ពេលនេះ​មហាជនចាំមើលថា តើលោក​អភិបាលខេត្ត​នឹង​ដោះ​ស្រាយ​យ៉ាងណាចំពោះករណីនេះ ហើយថា តើចៅហ្វាយស្រុកមួយ​ណា​ដែល​បម្រើ​រាស្រ្ត​ឲ្យ​ប្រាកដ?

Advertisement
Advertisement