Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខេត្ត​ចំនួន១៥ ត្រូវ​បានកំណត់ឲ្យ​អនុវត្ត​កាតព្វកិច្ច​ពាក់ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព

ភ្នំពេញ — ក្រសួងសុខាភិបាល​កាលពីថ្ងៃទី១៦ ខែសីហា បាន​កំណត់ឲ្យ​ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​សាស្រ្ត​ខេត្ត​ចំនួន១៥ ចាំបាច់ត្រូវ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព ព្រោះតែ​ខេត្ត​ទាំងនេះ​ត្រូវ​បាន​កំណត់ថា គឺជា​ភូមិ​សាស្រ្ត​មានការឆ្លង​រាលដាល នៃជំងឺកូវីដ១៩ ក្នុងសហគមន៍។

ពលរដ្ឋនៅខេត្តចំនួន១៥ ត្រូវ​តម្រូវ​ឲ្យ​ពាក់ម៉ាស់

ខេត្តទាំង​១៥នោះ​រួមមាន ៖ ខេត្ត​ពោធិ៍សាត់ បាត់ដំបង មណ្ឌលគិរី រតនគិរី ក្រចេះ ស្ទឺងត្រែង កំពត កែប កំពង់ធំ ព្រះវិហារ ប៉ៃលិន កោះកុង កំពង់ឆ្នាំង ត្បូង​ឃ្មុំ និងខេត្ត​ឧត្តរមានជ័យ។

សម្រាប់ការ​អនុវត្ត​កាតព្វកិច្ច​ពាក់ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាពនេះ គឺត្រូវ​ចាប់ផ្តើម​អនុវត្ត​ចាប់ពីថ្ងៃជូនដំណឹង​នេះ រហូត​ដល់​មាន​ការ​ជូនដំណឹង​ជាថ្មី។

តើអ្នកណាខ្លះ​ត្រូវមានកាតព្វកិច្ចពាក់ម៉ាស់?

យោង​តាម​ប្រកាសរបស់ក្រសួងសុខាភិបាល​ចុះ​ថ្ងៃទី២២ ខែមីនា ឆ្នាំ​២០២១ ស្តីពី​កាតព្វកិច្ច​ពាក់ម៉ាស់ និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​ក្នុង​អំឡុង​ពេលនៃការឆ្លង​រាលដាល​ជំងឺកូវីដ​១៩​ក្នុង​សហគមន៍ បុគ្គល​ដែលមាន​កាតព្វកិច្ច​ពាក់ម៉ាស់​រួម​មាន ៖ បុគ្គលដែលមាន​វិជ្ជមាន​កូវីដ​១៩, បុគ្គល​ដែល​មាន​កាតព្វកិច្ច​ធ្វើចត្តាឡីស័ក, អ្នក​បើក​បរយានគ្រប់ប្រភេទ​ដែលជា​មធ្យោបាយ​ធ្វើដំណើរ​រួម, អ្នក​ដំណើរ​តាម​មធ្យោបាយ​ធ្វើដំណើរួម, អ្នក​ផ្តល់សេវា​ផ្ទាល់​ដល់អតិថិជន, បុគ្គល​ផ្សេង​ទៀត​ដែលកំពុង​ស្ថិត​នៅ​តាមទីសាធារណៈ​ដែលមាន​មនុស្ស​ច្រើន ឬទីកន្លែង​ដែលមានការ​ជួបជុំ​មនុស្ស​ចាប់ពី២នាក់​ឡើងទៅ។

យ៉ាងណាក៏ដោយ កាតព្វកិច្ច​នេះ​ក៏​ត្រូវ​លើក​លែង​ផងដែរ​ចំពោះ កុមារ​អាយុ​ក្រោម​៦ឆ្នាំ ដែលមិ​នមែនជា​បុគ្គល​ដែល​មាន​វិជ្ជមានកូវីដ១៩ ឬ​ជាបុគ្គល​ដែលមាន​កាតព្វកិច្ច​ធ្វើចត្តាឡីស័ក, បុគ្គល​ដែលមិ​នអាច​ពាក់​ម៉ាស់​បានដោយ​មូលហេតុ​កាយសម្បទា, បុគ្គល​ដែល​រស់​នៅ​ក្នុង​លំនៅឋានឯកជនជាមួយ​គ្នា, ក្នុង​អំឡុង​ពេលធ្វើដំណើរ​តាម​មធ្យោបាយ​ធ្វើដំណើរ​ឯកជនបិទ​ជិតតែម្នាក់ឯង ឬ​ជាមួយ​បុគ្គលដែលរស់​នៅ​ក្នុង​លំនៅឋានជាមួយ​គ្នា, សម្រាប់កីឡាករ-កីឡាការិនី​ក្នុង​អំឡុងពេលកំពុងហាត់សម ឬប្រកួត, ក្នុង​កាលៈទេសៈដែលមាន​ការ​តម្រូវ​ឲ្យ​ដោះ​ម៉ាស់​ជា​ចាំបាច់ ដូចជាដើម្បី​បង្ហាញ​អត្តសញ្ញាណបុគ្គល ពេលបរិភោគអាហារ ឬនៅពេលថតរូបសម្រាប់ប្រើប្រាស់​ដើម្បី​សម្គាល់​អត្តសញ្ញាណក្នុង​ឯកសារ​ផ្លូវការ៕

Advertisement
Advertisement