Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

ក្រសួងកំពុងសិក្សាផ្លូវក្រវ៉ាត់ក្រុងទី៤ និងគម្រោងសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត-ម៉ុកបៃ

_

ថ្លែង​ក្នុង​កិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់(IRITWG)តាមប្រព័ន្ធវីដេអូពីចម្ងាយ ដែលធ្វើឡើង​កាលពីថ្ងៃទី១៩ ខែសីហា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ពេលនេះ​ក្រសួងបាន និងកំពុងសិក្សាផ្លូវក្រវ៉ាត់ក្រុងទី៤ ខណៈគម្រោងសាងសង់ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត-ម៉ុកបៃ ព្រំដែនកម្ពុជា-វៀតណាម ក៏​កំពុង​សិក្សា​ដូចគ្នា។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ

សម្រាប់​ផ្លូវក្រវ៉ាត់ក្រុងទី៤ បើតាមឲ្យ​ដឹងពីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីពេលកន្លងទៅថា វានឹងជម្រុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈការធូរស្បើយនៃចរាចរណ៍ និងសម្រួលដល់បណ្តាញដឹកជញ្ជូនទំនិញចេញ-ចូលទីក្រុងភ្នំពេញ ក៏ដូចជាទៅកាន់បណ្តារខេត្តនានា។

បើតាម​មន្រ្តីក្រសួងសាធារណការ និង​ដឹកជញ្ជូនថា ផ្លូវក្រវាត់ក្រុងទី៤នេះធ្លាប់ត្រូវបានក្រុមហ៊ុន​ចិន​មួយ​ធ្វើការ​សិក្សា ដោយ​វាមានប្រវែង១៩៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង ដោយកាត់ខេត្តកំពង់ស្ពីចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុក និងខេត្តព្រៃវែង២ស្រុក។

_

សម្រាប់ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-បាវិត វិញ បើតាម​ការ​ចុះផ្សាយ​របស់ក្រសួងសាធារណការ ផ្លូវនេះ​មានប្រវែងសរុបប្រហែល ១៣៥ គ.ម ដោយ​ត្រូវសាងសង់ជា ០៤គន្លង តួផ្លូវមានទទឹង ២៥,៥ ម៉ែត្រ។ ខ្សែផ្លូវនេះ នឹងចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។

_

តាមរបាយការណ៍សិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ផ្លូវល្បឿនលឿននេះ ជាប្រភេទផ្លូវលើអាកាស (Viaduct) ប្រវែងប្រហែល ១២ គ.ម មានលូប្រអប់ (Box Culvert) ប្រវែងប្រហែល ២៨,៤ គ.ម និងជាប្រភេទ ផ្លូវលើកកម្ពស់ (Embankment) ប្រវែងប្រហែល ៨៥,៨ គ.ម។

ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានផ្លូវបំបែក ប្តូរទិស (Inter-Change) ចំនួន ៧ កន្លែង កន្លែងឈប់សម្រាក ៦កន្លែង និងច្រកទ្វារ ព្រំដែនថ្មីចំនួន ០១ ផងដែរ៕

Advertisement
Advertisement