Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

កម្ពុជាអនុម័ត​ឲ្យ​ក្រុមហ៊ុន​មួយ​បង្កើត​រោងចក្រ​កែច្នៃផ្លែឈើ នៅក្នុងស្រុកឱរ៉ាល់

យោង​តាម​ការ​ចុះផ្សាយ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នៅ​ថ្ងៃនេះ​បាន​បញ្ជាក់ថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៧ ក្នុង​បើក​រោងចក្រ ក៏​ដូចជា​កសិដ្ឋាន​នៅ​ក្នុង​ប្រទេសកម្ពុជា ក្នុងនោះ​ក៏​មាន​ក្រុមហ៊ុន​មួយ​នឹង​បើក​រោងចក្រ​កែច្នៃ​ផ្លែឈើ ក្នុង​ទុនវិនិយោគប្រមាណជាង ១១លានដុល្លារអាមេរិកផងដែរ។

រោងចក្រកែច្នៃផ្លែឈើ គ្រោងនឹងបង្កើតនៅស្រុកឱរ៉ាល់

យោង​តាម​សំណើ ក្រុមហ៊ុន CAMBODIAN XING CAN SHI PIN CO., LTD. គ្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ ធ្វើជាដំណាប់ស្វាយ, ម្នាស់, មៀន, ខ្នុរ និងស្វាយចន្ទី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុង​ទុនវិនិយោគប្រមាណ ១១,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៤នាក់។

គម្រោង​បង្កើត​រោងចក្រ​កែច្នៃផ្លែឈើនៅ​កម្ពុជានេះ ត្រូវ​បានសាទរ ដោយប្រជាកសិករភាគច្រើន បន្ទាប់ពីរយៈ​ពេលចុងក្រោយនេះ កម្ពុជាបានជួបនូវវិបត្តិនាំចេញផ្លែឈើ ពិសេស​គឺផ្លែមៀនប៉ៃលិន រហូត​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ចេញអន្តរាគមន៍ ដោយ​បញ្ជា​ឲ្យ​ធ្វើការ​ប្រមូលទិញពីប្រជាកសិករទាំងអស់ ក្រោយ​ពីប្រទេសថៃបានបិទ​ព្រំដែន​មិ​ន​ទទួល​ទិញផ្លែមៀន​ពីប្រទេស​កម្ពុជានោះ៕

Advertisement
Advertisement