Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជាដាក់ចេញផែនការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ផ្តើមពីខែសីហានេះ រហូតដល់ពាក់កណ្តាល​ឆ្នាំ​២០២២

រាជរដ្ឋាភិបាល​កម្ពុជា នៅថ្ងៃនេះពុធនេះ បានប្រកាស​ដាក់ចេញ​នូវ​គោល​នយោបាយ​ចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ សម្រាប់ប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុ​ចាប់ពី១២ឆ្នាំឡើង ដោយ​ផ្តើម​ពីខែសីហា ឆ្នាំ​២០២១នេះ រហូត​ដល់​កំឡុង​ពាក់​កណ្តាល​ឆ្នាំ​២០២២។

ការចាក់វ៉ាក់សាំងដូសជំរុញនឹងចាត់ផ្តើមពីខែនេះ រហូតដល់ពាក់កណ្តាលឆ្នាំ២០២២

ការចាក់ដូសជំរុញនេះ នឹងធ្វើ​ឡើង​ដោយ​គោល​ការណ៍​ស្ម័គ្រ​ចិត្ត តែរាជរដ្ឋាភិបាលលើកទឹកចិត្ត​ដល់​ពលរដ្ឋ​ដែលមាន​លក្ខណៈ​សមស្រប​តាមលក្ខខណ្ឌ​បច្ចេកទេស មក​ទទួល​យក​វ៉ាក់សាំងដូសជំរុញនេះ​ឲ្យ​បានគ្រប់ៗគ្នា ដើម្បីជួយ​បង្កើន​ភាពឆ្លើយតប​ នៃអង្គបដិបក្ខ នៃប្រព័ន្ធ​ការពារ​ក្នុង​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ប្រឆាំង​នឹង​មេរោគ​កូវីដ១៩ ជាពិសេស ទប់ទល់នឹង​មេរោគ​បំប្លែង​ខ្លួនថ្មីប្រភេទដែលតា និង​ប្រភេទ​បំប្លែង​ខ្លួន​ថ្មី​ផ្សេង​ទៀត។

សម្រាប់ការ​ចាក់វ៉ាក់សាំងដូសជំរុញនេះ រាជរដ្ឋាភិបាល​នឹង​ផ្តើម​ចេញពី​ក្រុម​មន្រ្តីសុខាភិបាល និង​មន្រ្តីបម្រើ​ការ​ជួរមុខ ក្នុង​ការ​ប្រយុទ្ធនឹង​ជំងឺកូវីដ១៩ ដោយ​ផ្តើម​ពីតំបន់ដែលមាន​ហានិភ័យ​ខ្ពស់, ប្រជាពលរដ្ឋ​ដែលមាន​អាយុចាប់ពី ៦០ឆ្នាំឡើងទៅ និង​ប្រជាពលរដ្ឋ​ដែលមាន​ប្រព័ន្ធ​ការពារ​រាងកាយខ្សោយ មុននឹង​បន្ត​ទៅ​ចាក់ជូនប្រជាពលរដ្ឋ​ទូទៅ ស្រប​តាមអភិក្រម «ផ្ការីក» ដោយ​ផ្តើម​ចេញ​ពី​រាជធានីភ្នំពេញ, ខេត្តកណ្តាល និងបន្ត​ទៅកាន់បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស។

យោង​តាម​ចំណុច​មួយ នៃគោលនយោបាយចាក់វ៉ាក់សាំងកូវីដ១៩ដូសជំរុញនេះ វ៉ាក់សាំងដែលអាចនឹង​ត្រូវ​បានប្រើប្រាស់​សម្រាប់​ជាដូសជំរុញ គឺអាចជាវ៉ាក់សាំងប្រភេទ Sinopharm និង Sinovac ព្រោះវ៉ាក់សាំងទាំងពីរនេះ ត្រូវបានប្រើប្រាស់លើសលប់លើប្រជាពលរដ្ឋ​កម្ពុជា ហើយ​ក្រុម​ការងារជំនាញ ក៏​បានរកឃើញថា វាអាចមានប្រសិទ្ធភាពចំពោះអ្នកដែលបានចាក់វ៉ាក់សាំងមូលដ្ឋានប្រភេទ AstraZeneca ឬ Johnson & Johnson ផងដែរ៕

Advertisement
Advertisement