Connect with us

Hi, what are you looking for?

ក្នុងស្រុក

ខេត្តព្រះសីហនុ រំសាយគ្រូពេទ្យព្យាបាលជំងឺកូវិដ១៩ទៅកាន់មណ្ឌលសុខភាពវិញ ដោយសារករណីជំងឺកូវីដ-១៩ ថយចុះ

_

កាលពីរសៀលថ្ងៃអង្គារ (៣១ ខែសីហា) ម្សិលមិញ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្រេចធ្វើការ​រំសាយគ្រូពេទ្យ​ទៅកាន់មណ្ឌលសុខភាពវិញ ក្រោយ​ពីស្ថានភាពករណីឆ្លងនៅក្នុង​ខេត្ត​នេះមានការថយចុះ​គួរ​ឲ្យ​កត់សម្គាល់។

_

មានប្រសាសន៍​ក្នុងពិធីសំណេះសំណាល លោក គួច ចំរើន បានលើក​ឡើងថា ដោយឆ្លងកាត់ព្រឹត្តិការណ៍ ក្នុងក្របខណ្ឌទូទាំងខេត្ត ពិសេសក្រុមគ្រូពេទ្យរបស់យើង បានប្រមូលផ្តុំគ្នាបំពេញការងារយ៉ាងសស្រាក់សស្រាំ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ក្រុមគ្រូពេទ្យរបស់យើងបានបង្កើនការយកចិត្តទុកដាក់ ទាំងចំនួនក្រុមគ្រូពេទ្យ និងបណ្តុះបណ្តាលក្រុមជំនាញក្នុងការយកសំណាក ការព្យាបាលអ្នកជំងឺ និងកាត់ផ្តាច់ការចម្លងក្នុងសហគមន៍។

_

លោកថា ក្រោយពីការរំសាយ ក្រុមគ្រូពេទ្យនឹងទៅបំពេញការងារតាមមណ្ឌលសុខភាពដើមវិញ ម្យ៉ាងទៀតក្រុមគ្រូពេទ្យយើងមានជំនាញបច្ចេកទេសក្នុងការយកសំណាកកូវីដ-១៩ និងការព្យាបាល ដោយសារតែសកម្មភាពជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុមានការថយចុះគួរឱ្យកត់សម្គាល់ ទើបយើងសម្រេចរំសាយក្រុមគ្រូពេទ្យទៅកាន់មណ្ឌលសុខភាពវិញ។

ក្នុងឱកាសនោះ លោកអភិបាលខេត្តក៏​បាន​ចូល​រួមសោកស្តាយចំពោះក្រុមគ្រួសារសពអ្នកគ្រូពេទ្យ អ៉ឹម ស្រីនិ ដែលបានបាត់បង់អាយុជីវិត ក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នេះជាការបាត់បង់នូវធនធានមនុស្ស ដែលជាវីរភាពដ៏ល្អប្រពៃក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត សូមឱ្យវិញ្ញាណក្ខន្ធអ្នកគ្រូពេទ្យទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Advertisement
Advertisement