Connect with us

Hi, what are you looking for?

ក្នុងស្រុក

ស្ងាត់ៗ.. រកឃើញមានការឈូសឆាយដីព្រៃរដ្ឋជាង ១ពាន់ហិកតា កណ្ដាលក្រុងសែនមនោរម្យ

តង់ដែលជនល្មើសចងសម្រាប់ស្នាក់នៅ ដើម្បីធ្វើការឈូសឆាយព្រៃឈើ

ខេត្តមណ្ឌលគិរី ៖ មន្ត្រីមួយរូប នៃស្ថាប័នអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរីឲ្យដឹងថា កាលពីពេលថ្មីៗនេះគេបានរកឃើញដីព្រៃទំហំជាង១ពាន់ ហិកតាដែលជារបៀងអភិរក្សគ្រប់គ្រងដោយមន្ទីរបរិស្ថានស្ថិតក្នុងភូមិឡៅកា សង្កាត់សុខដុម ជាប់ភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ត្រូវបានគេលួចឈូសឆាយក្នុងគោលដៅ ច្បាមយកធ្វើជាកម្មសិទ្ធិ ។

តង់ដែលជនល្មើសចងសម្រាប់ស្នាក់នៅ ដើម្បីធ្វើការឈូសឆាយព្រៃឈើ

ប្រភពខាងលើថា មន្ត្រីពីស្ថាប័នព្រៃឈើ និងស្ថាប័នអយ្យការ បានរកឃើញផ្ទៃដីដែលទើបឈូសឆាយឈើក្នុងទីក្រុងនោះកាលពីថ្ងៃទី០៧ កញ្ញា , តែពុំបានរកឃើញវត្ថុតាងជាគ្រឿងចក្រឡើយ ។

យ៉ាងណាក៏ដោយក្រុមអ្នកភូមិបាននិយាយថា ពួកជនខិលខូចបានឈូសឆាយដីព្រៃរដ្ឋដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានរយៈ ពេលជាងមួយខែមកហើយ ជាមួយគ្រឿងចក្រធំៗប្រមាណជាង១០គ្រឿង ដោយមិនដែលឃើញមន្ត្រីពាក់ព័ន្ធណាចុះមកទប់ស្កាត់ឡើយ ដែលវាហាក់ដូចជាមានការឃុបឃិតគ្នា បើកឲ្យមានការកាប់ទន្ទ្រានយ៉ាងរលូន ។

សូមបញ្ជាក់ថា នេះជាទិដ្ឋភាព នៃឧក្រិដ្ឋកម្មព្រៃឈើថ្មីមួយទៀតក្នុងខេត្តមណ្ឌលគិរីសំរាប់ដើមខែកញ្ញានេះ បន្ទាប់ពីមានការកាប់ទន្ទ្រានដីព្រៃយ៉ាងរាលដាលនៅចំណុចភ្នំរហាំ ឬដីដំណាក់ឥន្ទ្រី ក្នុងស្រុកអូររាំង ដែលតុលាការទើបផ្តន្ទាទោសដាក់គុកអ្នកពាក់ព័ន្ឋជាច្រើននាក់ ។ សម្រាប់ករណីថ្មីនេះគេរំពឹងថា ស្ថាប័នសមត្ថកិច្ចនឹងស្រាវជ្រាវរកឃើញមុខមាត់ជនខិលខូចទាំងនោះ ហើយនាំខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ជាក់ជាមិន ខាន ព្រោះរឿងលួចកាប់បំផ្លាញព្រៃយកដីរដ្ឋរហូតដល់ពាន់ហិកតានេះមិនមែនជារឿង លួចសម្ភារៈតូចតាច កំប៉ិកកំប៉ុក ដែលអាចលាក់ក្នុងហោប៉ៅខោ ហោប៉ៅអាវបាននោះទេ៕

Advertisement
Advertisement