Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងអប់រំ និង​ក្រសួងការងារ ដាក់ឲ្យប្រើប្រាស់កម្មវិធីអប់រំតាមអ៊ីនធឺណិត ជួយអ្នកបោះបង់ការសិក្សា​អាចរៀនជំនាញបន្ថែម

ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៦ ខែកញ្ញានេះ បានធ្វើការប្រកាស​ដាក់ឱ្យប្រើប្រាស់ កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (BEEP) ដែលនឹងផ្តលឱកាសដល់យុវជន កម្មករ កម្មការនី នៅតាមរោងចក្រ ជាពិសេសិស្សានុសិស្សដែលបានបោះបង់ការសិក្សាដោយកត្តាជីវភាព គ្រួសារ ចំណាកស្រុក អាចបន្តការសិក្សាចាប់យកជំនាញបន្ថែម នៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឬនៅវិទ្យាល័យ ចំណេះទូទៅ និងអប់រំបច្ចេកទេស ក្រសួងអប់រំ យុវជន និងកីឡា។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែបានយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ពិសេសយុវជន តាមរយៈការផ្តល់ការអប់រំប្រកបដោយគុណភាព សមត្ថភាព និងជំនាញដែលឆ្លើយតបទៅនិងទីផ្សារការងារក្នុងប្រទេស និងតំបន់។ ជាចំាបាច់យុវជនកម្ពុជា ត្រូវការ ការអប់រំ និងការបណ្តុះបណ្តាលប្រកបដោយគុណភាព សមធម៌ និង បរិយាបន្ន លើជំនាញបច្ចេកវិទ្យាព័ត៌មាន គមនាគមន៏ បច្ចេកវិទ្យាឌីជីថល និងវិទ្យាសាស្ត្រ។

សូមបញ្ជាក់ថា កម្មវិធី BEEP ជាផ្នែកមួយនៃកម្មវិធីរួមគ្នាដើម្បីការងារសមរម្យរបស់យុវជន (DEY) ដែលផ្តល់ឱកាសដល់យុវជនដែលបោះបង់ការសិក្សាកម្រិត មធ្យមសិក្សាបឋមភូមិ ទទួលបានវិញ្ញាបនបត្រសមមូល ដើម្បីបន្តការសិក្សាបណ្ដុះបណ្ដាលជំនាញ។ សិស្សានុសិស្សដែលបានប្រឡងបញ្ចប់ការសិក្សា អាចចុះឈ្មោះចូលរៀននៅក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ (TVET) ឬ វិទ្យាល័យបច្ចេកទេសទូទៅ នៃក្រសួងអប់រំ យុវជន និងកីឡា៕

Advertisement
Advertisement