ព្រះសីហនុ៖ នៅវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ មានអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ករណីឆេះនេះ បណ្តាលមកពីផ្ទុះធុងហ្គាស ចេញពីផ្ទះលោក ហាប់ សៀកលី ជួលទៅអោយលោក ប៊ុន ថន លក់បាយ។ ហើយបានឆេះរាលដាលដល់ផ្ទះ ៣ល្វែងទៀត (សរុប៤ល្វែង) មានដូចជា៖
-ផ្ទះរបស់ ហាប់ សៀកលី ត្រូវបានឆេះអស់២ល្វែង ដោយ ១ល្វែងឆេះទាំងស្រុង និង១ល្វែងទៀត ឆេះអស់១០ភាគរយ (ត្រង់ដំបូលផ្ទះ) ដែលមានទំហំ ៥ x២០ ម៉ែត្រ សាងសង់ដោយ ដេីមឬស្សី ដំបូលប្រកស័ង្កសី និង ស៊ីប្រូ
-ផ្ទះរបស់ ឃួន កា ត្រូវបានឆេះ ២ល្វែង ដោយ ១ល្វែងឆេះអស់៦០ ភាគរយ ផ្នែកខាងជាន់លេី និង១ល្វែងទៀត ឆេះអស់១០ភាគរយ ដែលមានទំហំ ៥ x២០ ម៉ែត្រសាងសង់អំពីឈេី ដំបូលប្រកស័ង្កសី និង ១ល្វែងទៀតប្រកស៊ីប្រូ ផលបះពាល់អស់១០ ភាគរយ(ត្រង់ដំបូលផ្ទះ)។
ពាក់ព័ន្ធករណីនេះ បានបណ្ដាលអោយស្ត្រីម្នាក់ឈ្មោះ ទៅ បឿន ភេទស្រី អាយុ៣៤ឆ្នាំ រងរបួសមួយជំហៀងខ្លួន ដោយសាររលាកភ្លេីង ហើយកំពុងសម្រាកព្យាបាលនៅផ្ទះ។
បច្ចុប្បន្ន ផ្ទះទាំងនោះ ត្រូវបានកម្លាំងប៉ុស្ត៍សហការណ៍ជាមួយកម្លាំងអធិការ និងអាជ្ញាធរពាក់ព័ន្ធ បានពន្លត់ដោយជោគជ័យហើយ៕
ដោយ ដែនសមុទ្រ