Connect with us

Hi, what are you looking for?

ក្នុងស្រុក

ធ្លាយឯកសារអភិបាលខេត្តតាកែវអនុញ្ញាត​ឲ្យ​សង់ផ្សារតាកែវ

តាកែវ – មិនបានប៉ុន្មានថ្ងៃផង ក្រោយពី​លោក អ៊ូច ភា អភិបាលខេត្តតាកែវ ប្រកាសនៅមុខក្រុមអាជីវករថា លោក​ពុំ​ដែលបាន​អនុញ្ញាត​ឲ្យ​មានការ​សង់ផ្សារតាកែវ​ឡើងវិញនោះ ស្រាប់តែបែកធ្លាយឯកសារ​ជា​ច្រើនសន្លឹក ដែល​បង្ហាញថា លោក អ៊ូច ភា បានបោះត្រា​អនុញ្ញាត​ឲ្យ​ឈ្មួញ​ធ្វើការ​វិនិយោគសាងសង់ផ្សារតាកែវឡើងវិញ ខណៈ​អាជីវករ​មួយ​ភាគធំ​កំពុងខ្វល់រឿងអត់អង្ករច្រកឆ្នាំង ហើយ​ឈ្មួញ​មក​លក់តូប​ក្នុងតម្លៃរាប់ម៉ឺន​ដុល្លារ​ឲ្យ​ពួក​គាត់ទៀតនោះ។

ប្លង់ផ្សារតាកែថ្មី ដែលគ្រោងសាងសង់

ក្នុង​លិខិត​២ដាច់ដោយ​ឡែកពីគ្នា ដោយ​មួយ​ជា​លិខិត​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មួយ​ទៀត​ជា​លិខិត​អនុញ្ញាត​ឲ្យ​មានការ​សាងសង់បោះត្រាយល់ព្រមដោយ​លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានបង្ហាញថា ផ្សារតាកែវ ដែលមានទីតាំងស្ថិត​នៅ​ភូមិ​ថ្នល់បែក សង្កាត់រការក្រៅ ក្រុងដូនកែវ ត្រូវ​បានស្នើ​ធ្វើការវិនិយោគ កាលពីចុងខែឧសភា ឆ្នាំ​២០២១ ដោយ​មានឈ្មោះ ប្រាក់ ចាន់រដ្ឋា ជាម្ចាស់គម្រោង ហើយ​ក៏​ត្រូវ​បានអភិបាលខេត្តតាកែវ បោះត្រា យល់ព្រមឲ្យ​មានការ​សាងសង់ហើយដែរ។

លិខិតអនុញ្ញាតឲ្យមានការសាងសង់

ដោយ​សារ​តែមានការ​អនុញ្ញាតនេះហើយ ទើប​ក្រុមឈ្មួញ​ចាប់ផ្តើមធ្វើការ​លក់តូប​ផ្សារ​ដែល​គេ​បានគេ​បានបង្កើតរាប់រយតូប ដោយ​តាមអាជីវករខ្លះថា តម្លៃតូបនោះ​គ៏​មានតម្លៃថ្លៃ ដោយ​១តូបមានពី ១ម៉ឺន៥ពាន់ដុល្លារ រហូតដល់ទៅ ៣ម៉ឺនដុល្លារក៏​មាន ទៅតាមទីតាំង។

ប្លង់តូបដែលឈ្មួញលក់ឲ្យអាជីវករ

ព្រោះតែអាជីវករ​ពុំ​មានប្រាក់សម្រាប់ទិញតូបដែល​មានតម្លៃថ្លៃ ខណៈ​ស្ថានភាពសេដ្ឋកិច្ច​កំពុងតែដុនដាបនោះហើយ ទើប​កាលពី​ចុងខែកញ្ញា ក្រុមអាជីវករ​ផ្សារ​តាកែវ​រាប់រយនាក់ បានលើក​គ្នា​មក​តវ៉ា​ដល់ខាងមុខ​សាលា​ខេត្តតាកែវ ប៉ុន្តែត្រូវបានបំបែក​ដោយអាជ្ញាធរ​ ក្រោមហេតុផលខុសវិធានសុខាភិបាលស្តីពីការទប់ស្ការជំងឺកូវីដ១៩ ដោយ​មិន​ឲ្យ​មានការ​ជួបជុំ។

ក្រុមអាជីវករផ្សារតាកែវ លើក​គ្នា​តវ៉ា​នៅមុខសាលាខេត្ត

យ៉ាងណាក៏ដោយ នៅ​ថ្ងៃទី១៤ តុលា កន្លងទៅថ្មីៗនេះ ក្រុមអាជីវករ​បានសម្រុក​ចូល​មក​ដល់​ខាងក្នុងសាលាខេត្ត​ដើម្បីជួបលោកអភិបាលខេត្តតាកែវដោយផ្ទាល់ ហើយ​នៅ​ចំពោះ​មុខ​ក្រុមអាជីវករទាំងនោះ លោក អ៊ូច ភា បានអះអាងថា លោក​មិន​ដែល​បាន​ចេញលិខិត​អនុញ្ញាត​ឲ្យ​មានការសាងសង់​វិនិយោគផ្សារតាកែវនោះទេ តែឥឡូវ ឯកសារមួយបានបង្ហាញថា លោកអភិបាលខេត្តបានសម្រេចអនុញ្ញាត​ឲ្យ​មានការសាងសង់ផ្សារតាកែវតាំងតែពីកំឡុងខែឧសភា ឆ្នាំ​២០២១មកម្ល៉េះ។

អាជីវករលើកគ្នាសុំឲ្យ​អភិបាលខេត្តលុបចោលការសង់ផ្សារតាកែវថ្មី

ចំពោះករណីនេះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានថ្លែងដោយថា លោក​មិន​បាន​ចេញ​លិខិត​អនុញ្ញាតនោះទេ ហើយថា ប្លង់ខាងលើនោះ គឺជា​ប្លង់ស្ថាបត្យកម្ម វាមិន​មែនជា​លិខិត​អនុញ្ញាត​នោះ​ឡើយ។

គួរ​បញ្ជាក់ដែរថា ក្នុង​មួយ​រយៈ​ពេលចុងក្រោយនេះ ខេត្តតាកែវ បាន​កើត​មាន​រឿង​មិន​ប្រក្រតី​ជាច្រើន តួរយ៉ាងដូចជាករណីចាក់ដីលុបបឹងតាកែវយកដីធ្វើកម្មសិទ្ធិ ការ​កាយរណ្តៅ​ដី​ក្នុងបឹងតាកែវ រហូត​ដល់​មានការ​ចេញលិខិត​ពី​អង្គភាពប្រឆាំងអំពើពុករលួយ ក៏​ដូចជាការវិនិយោគ​ផ្សារណាត់ ដែលតាមក្រុមប្រជាពលរដ្ឋ​ខ្លះថា ជាវិនិយោគរបៀបធ្វើនំអត់ម្សៅជាដើម៕

Advertisement
Advertisement